បើនិយាយពីតំបន់កម្សាន្តនៅភូមិភាគឥសាន្តនោះ ប្រិយមិត្តប្រាកដជានឹកឃើញដល់ខេត្តចំនួនបីជាមិនខាន នោះគឺ រតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ។ ខេត្តទាំងបីនេះ ជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិដែលច្រើនឥតគណនា ។
អ្វីដែលពិសេសនោះ សម្រាប់ប្រិយមិត្តចង់ធ្វើដំណើរកម្សាន្ត ហើយចង់ផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងតំបន់ធម្មជាតិនោះ ប្រិយមិត្តអាចសាកល្បងតំបន់កម្សាន្តទាំងនេះបាន ដោយថ្ងៃនេះ ក្រុមការងារ SadLife នឹងជ្រើសយកតំបន់កម្សាន្តសំខាន់ៗក្នុងខេត្តរតនគិរីមកជូនប្រិយមិត្ត ៖
១. បឹងយក្ខឡោម
បឹងយក្ខឡោម ជាបឹងធម្មជាតិដែលកើតឡើងដោយបន្ទុះភ្នំភ្លើង មានទីតាំងស្ថិតនៅខេត្តរតនគិរី ដែលមានទីតាំងឆ្ងាយពីរួមខេត្តប្រមាណ ៣គីឡូប៉ុណ្ណោះ ។
សម្រាប់បឹងយក្ខឡោមនេះ គឺហ៊ុមព័ទ្ធទៅដោយព្រៃឈើជុំវិញបឹង ជាមួយនឹងផ្ទៃទឹកឡើងខៀវស្រងាត់ ។ នៅជុំវិញបឹង មានផែតូចៗចំនួន ៤ ដែលធ្វើចុះទៅក្នុងទឹកបន្តិច ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ចង់លេងកម្សាន្ត ។
២. ទឹកជ្រោះកាចាញ
ទឹកជ្រោះកាចាញ ដែលមានទីតាំងប្រហែល ៦ គីឡូម៉ែត្រពីទីរួមខេត្ត ដែលមានទឹកធ្លាក់គ្រប់រដូវកាល មិនថារដូវប្រាំង ឬវស្សារឡើយ ។
ទឹកជ្រោះកាចាញនេះ មានកម្ពស់ ១២ ម៉ែត្រ ហើយហ៊ុមព័ទ្ធទៅដោយព្រៃក្រាស់ឃ្មឹក ដែលធ្វើឲ្យប្រិយមិត្តមានអារម្មណ៍ស្រស់ស្រាយខ្លាំង គ្រាន់តែដល់ទីនោះភ្លាម ។
៣. ទឹកធ្លាក់អូរស៊ីនល៊ែរ ឬទឹកជ្រោះ ៧ជាន់
ទឹកជ្រោះអូសិនល៊ែរ ឬទឹកជ្រោះ ៧ជាន់ នេះមានទីតាំងនៅក្នុងទីរួមស្រុក បីស្រុក ដែលមានរយៈចម្ងាយពីទីរួមខេត្ត ៤៦ គីឡូម៉ែត្រ ។
៤. បឹងលំកុដ ឬបឹងគីរីវង្កក
(ប្រភពរូបភាព៖ សប្បាយ)
បឹងលំកុដ ឬបឹងគីរីវង្កក ជាបឹងដែលមិនចាញ់បឹងយក្ខឡោមឡើយ ។ បឹងលំកុដជាបឹងដែលមានទឹកត្រជាក់ល្ហឹម ដែលស្ថិតនៅឆ្ងាយពីរួមខេត្តប្រមាណ ៥៦គីឡូម៉ែត្រ ។ យ៉ាងណាមិញ ជាបឹងដែលស្ថិតនៅកណ្ដាលព្រៃជ្រៅ និងកម្រមានភ្ញៀវទេសចរណ៍ទៅដល់ទីនោះណាស់ ។
៥. ទឹកជ្រោះតាតតៃ
ទឹកជ្រោះតាតតៃ មានទឹកហូរខ្លាំងប្របជាមួយនឹងផ្ទាំងថ្ម ដែលប្រិយមិត្តអាចលេងកម្សាន្តបាន ។ សម្រាប់ទឹកជ្រោះតាតតៃនេះវិញ មានទីតាំងស្ថិតនៅក្នុងទីរួមស្រុកលំផាត់ ខេត្តរតនគិរី ។
៦. ទឹកជ្រោះកាទៀង
ទឹកធ្លាក់កាទៀងទឹកធ្លាក់កាទៀងស្ថិតនៅខាងជើងឆៀងខាងលិចបានលុងចម្ងាយ ៧ គីឡូម៉ែត្រ ទឹកធ្លាក់នេះកម្ពស់ ១០ ម៉ែត្រ ហើយមានជាប់រហូតគ្រប់រដូវកាល ។
៧. ឧទ្យានជាតិវីរៈជ័យ
ឧទ្យានជាតិវីរជ័យស្ថិតនៅ ៤៥ គីឡូម៉ែត្រខាងជើងបានលុងដោយលាតសន្ធឹងលើផ្ទៃដី ៣៣២.៥០០ ហិកតា ។ ឧទ្យាននេះមានរុក្ខជាតិ និង ដើមឈើគ្រប់ប្រភេទ ព្រមទាំងសត្វព្រៃគ្រប់ប្រភេទទៀតផង ។