គួរប្រុងប្រយ័ត្ន! កំពុងតែឈរដកលុយពីទូ ATM ត្រូវចោរស្រីជើងខ្លាំង កាក់ធ្វើស៊ីបានសម្រេច (មានវីដេអូ)

គួរប្រុងប្រយ័ត្ន! កំពុងតែឈរដកលុយពីទូ ATM ត្រូវចោរស្រីជើងខ្លាំង កាក់ធ្វើស៊ីបានសម្រេច (មានវីដេអូ)

អង់គ្លេស៖ ជាការពិតណាស់ សម្រាប់អ្នកដែលឧស្សាហ៍ចូលដកលុយពីទូ ATM គួរតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ព្រោះថាមុខសញ្ញាចោរប្លន់ ចាំមើលតែបំណាំ និងឱកាសល្អ ដើម្បីធ្វើស៊ីអ្នកតែប៉ុណ្ណោះ។

 

ជាក់ស្តែង កាលពីថ្មីៗនេះ ស្រ្តីរងគ្រោះម្នាក់ត្រូវបានចោរស្រីជើងខ្លាំងកាក់ចាំវាយយកលុយឡើងទ្រោមខ្លួន ខណៈកំពុងតែឈរដកលុយពីម៉ាស៊ីនដកប្រាក់ ATM ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ អ្នកដំណើរក្បែរនោះ ឃើញហេតុការបែបនេះហើយ បែរជាមិនចូលជួយសុខចិត្តដើរហួស រហូតបណ្តាលឲ្យមានខឹងសម្បាការ និងរិះគន់យ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃពុធ ទី២៨ វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ នៅចន្លោះម៉ោងប្រមាណ ៣និង១០នាទីរសៀល នៅចំណុចទីតាំងម៉ាស៊ីនដកប្រាក់មួយកន្លែង ក្នុងតំបន់ Leytonstone ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។

 

ស្រ្តីរងគ្រោះមិនបញ្ចេញអត្តសញ្ញាណ មានវ័យខ្ទង់៤០ឆ្នាំ ចំណែកឯជនសង្ស័យជាចោរឆក់ប្លន់ដៃឆើត ត្រូវបានគេជឿជាក់ថា ជាក្មេងវ័យជំទង់។

 

តាមរយៈវីដេអូឃ្លីប ថតជាប់ដោយកាម៉េរាសុវត្តិភាព នៅក្នុងថ្ងៃកើតហេតុនោះ គេឃើញ ស្រ្តីរងគ្រោះមានពាក់កន្លែងរុំក្បាល (ដូចឥស្លាម) និងមានស្ពាយកាបូបខ្មៅនៅចំហៀងស្មា កំពុងតែឈរដកប្រាក់ពីម៉ាស៊ីន ATM ខណៈឯចោរស្រីវ័យក្មេង ធ្វើជាឈរនៅក្បែរនោះ ចាំមើលតែបំណាំស្រ្តីរងគ្រោះចុចដកប្រាក់បាន អាលខ្លួនចូលទៅធ្វើសកម្មភាព។

មិនបង្អង់យូរ ភ្លាមៗនោះ ជនសង្ស័យក៏បានស្ទុះទៅវាយតប់ទៅលើស្រ្តីរងគ្រោះ ខណៈដែលស្រ្តីរងគ្រោះក៏បានតបត និងបានអូសទាញគ្នាទៅវិញមក ដើម្បីការពារខ្លួនផងដែរ។

 

47375633_1111014669066701_1303981431462035456_n

 

ឈុតមួយក្នុងវីដេអូឃ្លីប គេឃើញជនសង្ស័យបានឈររាំងស្រ្តីរងគ្រោះ ពីមុខម៉ាស៊ីនដកប្រាក់ រួចចាប់ប្រមូលលុយ និងស្ទុះរត់បាត់ស្រមោលតែម្តង។ ចំណែកឯ អ្នកដំណើរឆ្លងកាត់ក្បែរនោះវិញ បានត្រឹមតែមើលនិងដើរហួស ដោយពុំមាននរណាម្នាក់ចូលសួរនាំនិងជួយឡើយ។

 

ជុំវិញនឹងករណីនេះ ប៉ូលិសបាននិយាយថា ស្រ្តីរងគ្រោះពុំបានរងរបួសធ្ងន់ធ្ងរ ហើយក៏មិនបានទៅពិនិត្យព្យាបាលអីនៅមន្ទីរពេទ្យនោះដែរ។ ប៉ុន្តែនេះអាចចាត់ទុកបានថា ជាហេតុការណ៍ដ៏គួរឲ្យរន្ធត់ចិត្តមួយទាំងកណ្តាលថ្ងៃ។

អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានបញ្ចេញមតិសរសើរចំពោះភាពរឹងមាំរបស់ស្រ្តីចំណាស់រងគ្រោះខាងលើនេះ ដែលហ៊ានតបតជាមួយនឹងជនល្មើសវិញ ហើយពួកគេក៏បានស្តីបន្ទោសទៅលើអ្នកដំណើរ ដែលគ្មានចិត្តចូលជួយពេលឃើញស្ថានភាពនេះផងដែរ។

Loading...

 

47254936_262183471135834_1215080354373697536_n

 

47100579_1155626814589661_5457749306784088064_n

 

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ប្រភពពុំបានទម្លាយឲ្យដឹងទេថា ស្រ្តីរងគ្រោះបានខាតបង់ប្រាក់អស់ប៉ុន្មាននោះឡើយ។ បច្ចុប្បន្នស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលិស។

 

យ៉ាងណាមិញ នេះក៏ជាសារមួយក្នុងការជួយក្រើនរម្លឹក ដើម្បីបង្កើនសុវត្ថិភាពទាំងអស់គ្នា ពិសេស សម្រាប់អ្នកដែលឧស្សាហ៍ចូលដកប្រាក់ពីម៉ាស៊ីនដកប្រាក់ ATM តែម្តង ចៀសវាងត្រូវក្រុមជនល្មើសធ្វើស៊ីទាំងមិនដឹងខ្លួន៕

 

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ដោយ៖ ចាស្ទីន

 

សូមទស្សនាវីដេអូខាងក្រោមនេះ៖

 

Loading...