Ads
ខ្ញុំមានកូនមុនរៀបការ – ពាក្យមួយម៉ាត់នេះ បើបានឮដល់ពុកម៉ែខ្ញុំ

ខ្ញុំមានកូនមុនរៀបការ – ពាក្យមួយម៉ាត់នេះ បើបានឮដល់ពុកម៉ែខ្ញុំ

ខ្ញុំគ្រាន់តែជាស្រីឥតកេរ្ដិ៍ខ្មាស ជាស្រីដែលគ្មានឪពុកម្ដាយប្រដែប្រដៅ គ្មានពូជ គ្មានពង្ស គ្មានវង្សត្រកូល។ បើបានឮដល់មិត្តភក្តិខ្ញុំ គេនឹងថាខ្ញុំល្ងង់ណាស់ មិនចេះការពារ មិនចេះថែខ្លួន ហេតុអីក៏មិនទៅរំលូតវាតែម្ដងទៅ។ បើបានឮដល់សង្សារខ្ញុំ គេនឹងប្រាប់ខ្ញុំថា គេមិនទាន់ត្រៀមខ្លួន រំលូតវាចោលទៅ។ ពេលយើងមានលុយគ្រប់ យើងនឹងការ ហើយពេលនោះ យើងចង់មានកូនប៉ុន្មានក៏មិនអីដែរ។

តែវាជាកំហុសខ្ញុំឬ? កំហុសរបស់កូនខ្ញុំឬ? ឈាមមួយតំណក់ដែលបង្កចេញមកពីក្ដីស្រលាញ់ តើមិនស័ក្តិសមនឹងទទួលបាននូវក្ដីស្រលាញ់? តើមិនស័ក្តិសមនឹងរស់?​មានតែក្មេងដែលឪពុកម្ដាយបានរៀបការត្រឹមត្រូវប៉ុណ្ណោះ ទើបស័ក្តិសមនឹងកើត? ស័ក្ដិសមនឹងទទួលក្ដីស្រលាញ់ពីអ្នកជុំវិញខ្លួន?

មានដែលសួរចិត្តខ្ញុំទេ ថាខ្ញុំចង់រំលូតកូន? ខ្ញុំឥតចង់ទេ ហើយក៏ខ្ញុំមិនខុស ក្នុងនាមជាម្ដាយ ជាផ្នែកមួយនៃធម្មជាតិ។

ដូច្នេះ ខ្ញុំមានកូន ខ្ញុំក៏ធ្វើដូចជាធម្មតា។ សង្សារខ្ញុំមិនទទួលខុសត្រូវក៏អត់ទៅ ខ្ញុំមិនខ្វល់។ ពេលគេសួរ កូននេះកូននរណា ខ្ញុំនឹងឆ្លើយធម្មតា ថាកូនខ្ញុំនេះ គ្មានឪពុកទេ។ មានតែខ្ញុំប៉ុណ្ណោះ។ ឪពុកវាជាមនុស្សទន់ខ្សោយ មិនអាចរស់ជាមួយយើងបានទេ ព្រោះគាត់កើតជំងឺខ្លាចសង្គមពេបជ្រាយ ហើយគាត់ក៏ស្លាប់បាត់ទៅ។


គេសួរខ្ញុំ តើខ្ញុំមិនចង់យកប្ដីទេឬ។ កូនហ្នឹង យកឲ្យគេចិញ្ចឹមទៅ ឬក៏លួចចិញ្ចឹមក៏បាន។ មានគេខាងណោះលួចមើលខ្ញុំ លួចសួរពីខ្ញុំ មើលទៅគេមានគ្រាន់បើ។ បើយកគេ ជីវិតខ្ញុំនឹងធូរធារ។ ខ្ញុំក៏តបវិញ: "បងទៅប្រាប់គេវិញទៅ ខ្ញុំជាស្រីមានកូនឥតប្ដី បើគេពិតជាស្រលាញ់ខ្ញុំមែន រឿងហ្នឹងគេនឹងមិនប្រកាន់ទេ។ តែខ្ញុំឆ្ងល់ ស្គាល់ខ្ញុំមិនច្បាស់ផង ស្រាប់តែចង់បានខ្ញុំទៅហើយ។

តើគេមិនមែនជាប្រុសហេងស៊យ ឬប្រុសព្រានទេឬ? តិចលោ គេមានប្រពន្ធ ប្រពន្ធគេដឹង ចោទខ្ញុំជាស្រីយកប្ដីគេទៅ។ ខ្ញុំមិនចង់ក្លាយជាស្រីមិនល្អក្នុងភ្នែកកូនខ្ញុំទេ។ ខ្ញុំស៊ូឥតប្ដី ក៏មិនស៊ូឥតកូនខ្ញុំដែរ។ ខ្ញុំស្រលាញ់កូនខ្ញុំ។ កូនខ្ញុំនឹងមានមោទកភាពដែលមានខ្ញុំជាម្ដាយវា។ ទោះឥឡូវវាមិនយល់ តែនឹងមានថ្ងៃណាមួយវាយល់មិនខាន"៕

#ផ្កាយដុះកន្ទុយ #រំលូតកូន #ខាន់ស្លា #កូនឥតខាន់ស្លា

#១៤តុលា២០១៨ #ស្រីឥតប្ដី #កូនឥតឪ #ស្រីឥតខាន់ស្លា

#រូបភាព: Pinterest