កុំព្រោះតែមនុស្សម្នាក់​ សុខចិត្តបោះបង់មនុស្សរាប់សិបនាក់

កុំព្រោះតែមនុស្សម្នាក់​ សុខចិត្តបោះបង់មនុស្សរាប់សិបនាក់

នៅពេលមានសេចក្តីសុខយើងមិនចង់ឲ្យពេលវេលាកន្លងទៅលឿននោះទេ​ តែយើងឃាត់ពេលវេលាមិនបាន​ នៅពេលមានទុក្ខយើងចង់ឲ្យពេលវេលាឆាប់កន្លងផុតទៅណាស់​ តែបង្គាប់បញ្ជាវាមិនបានដូចគ្នា​។

ព្រោះតែមនុស្សម្នាក់ដែលយើងស្រឡាញ់​ យើងសុខចិត្តកើតទុក្ខគ្រាំគ្រាវេទនាចិត្ត​ តែយើងបែរជាបណ្តោយឲ្យបាត់បង់ឱកាសដែលត្រូវបានសុខជាមួយមនុស្សដែលស្រឡាញ់យើងយ៉ាងច្រើន​ មានឪពុកម្តាយបងប្អូនជាដើមទៅវិញ។​

បើយើងព្រមស្លាប់ដោយធ្វើអត្តឃាតដើម្បីមនុស្សដែលមិនស្រឡាញ់​យើង តើគួរគប្បីដល់ឪពុកម្តាយដែលខំបីបាច់ថែរក្សាយើង​ ​ចិញ្ចឹមយើងតាំងពីតូចដល់ធំ​ ទាំងដែលយើងមិនទាន់បានតបស្នងសងគុណគាត់ផងនោះ​ ដែរឬទេ?​ តើការស្លាប់របស់យើងមានតម្លៃដែរឬទេ?​

កុំព្រោះតែមនុស្សម្នាក់​ដែលមិនស្រឡាញ់យើង​ សុខចិត្តបោះបង់មនុស្សរាប់សិបនាក់ដែលស្រឡាញ់យើងនោះ​ ទោះបីអត់ពីមនុស្សម្នាក់នោះក៏យើងនៅតែមានខ្យល់អាកាសដកដង្ហើម​ រឿងអីយើងសុខចិត្តឈប់ដកដង្ហើមព្រោះតែមនុស្សម្នាក់នោះទៅវិញ។

Loading...

ផ្តើមជីវិតថ្មីជាមួយនឹងអ្វីដែលថ្មី​ ដែលល្អ​ និងរស់នៅបន្តឲ្យមានក្តីសុខជាមួយនឹងមនុស្សដែលស្រឡាញ់យើង​ កុំគាស់រំលើងសេចក្តីសុខខ្លួនឯងព្រោះតែមនុស្សដែលធ្វើឲ្យយើងឈឺចាប់​ ហើយក៏កុំកប់ខ្លួនឯងក្នុងអតីតកាលដ៏អាក្រក់តទៅទៀតអី​ ងើបឡើងទៅលុបមុខឲ្យជ្រះទឹកភ្នែក​ តែងខ្លួនឲ្យស្អាត​ រួចឆ្លុះកញ្ចក់មើលមុខខ្លួនឯង​ បន្ទាប់មកសួរខ្លួនឯងថា​ “តើអញនៅល្ងង់ដល់ពេលណា?​

ហេតុអ្វីត្រូវឈឺចាប់សម្រក់ទឹកភ្នែកព្រោះតែមនុស្សម្នាក់ដែលមិនជាប់សាច់ឈាមអីបន្តិចទាល់តែសោះអ៊ីចឹង​ ប្រយោជន៍អីដែលអញត្រូវមកឈឺចាប់ដោយសារអ្នកដទៃ​ អញត្រូវតែរស់នៅដើម្បីមនុស្សដែលស្រឡាញ់អញតទៅទៀត”....។

រក្សាសិទ្ធិដោយ​ កំណត់ហេតុជីវិត

អត្ថបទដោយ​ ឆិម​ ប៊ុនឆា

Loading...