តើកូនគេអ្នកដទៃ ឬកូនអ្នកជិតខាង ពិតជាល្អជាងកូនខ្លួនឯងណាស់មែនទេ? ហេតុអ្វីចូលចិត្តប្រៀបធៀបម្ល៉េះ?

តើកូនគេអ្នកដទៃ ឬកូនអ្នកជិតខាង ពិតជាល្អជាងកូនខ្លួនឯងណាស់មែនទេ? ហេតុអ្វីចូលចិត្តប្រៀបធៀបម្ល៉េះ?

ជាដំបូងនាងខ្ញុំសុំធ្វើការខន្តីអភ័យទោស ប្រសិនជាងអត្ថបទនេះមានការប៉ះពាល់ ឬលើសលសើដល់អ្នកដែលជាឪពុកម្តាយមួយចំនួន។ តែនេះគ្រាន់តែជាការលើកឡើងពីឪពុកម្តាយមួយចំនួនតូចនៅក្នុងសង្គមសព្វថ្ងៃតែប៉ុណ្ណោះ គ្មានបំណងថាឱ្យ បន្ទោសបង្អាប់ ឬចោទប្រកាន់នរណាម្នាក់ឡើយ! សូមអានដោយការត្រិះរិះពិចារណា និងបញ្ចេញមតិយោបល់ដោយភាពថ្លៃថ្នូរ!

......................................។

ម្តាយឪពុកខ្លះ គា្មនមោទកលើកូនរបស់ខ្លួនសូម្បីតែបន្តិច បើទោះជាកូនៗខំធ្វើល្អ ជាមនុស្សពូកែ ឬធ្វើកិច្ចការណាមួយដែលគួរឱ្យសរសើរក្តី។ តែពួកគាត់បែរជាចូលចិត្តយកកូនៗរបស់ខ្លួនទៅប្រៀបធៀបនឹងកូនគេអ្នកដទៃ ជាពិសេសគឺកូនអ្នកជិតខាងតែម្តង ដោយមិនបានក្រឡេកមើលពីគុណសម្បត្តិរបស់កូនៗឡើយ។ និយាយរួមកូនគេធ្វើយ៉ាងណាក៏ល្អ កូនគេធ្វើអីក៏ពូកែ ហើយបើកូនគេមានអ្វីលើសកូនខ្លួនបន្តិច តាំងនិយាយថា៖ « ហែងមើលកូនគេចេះ ហែងមើលកូនគេចុះ ម៉េចហែងមិនប្រឹងដូចគេ ម៉េចហែងមិនដូចកូនគេ ម៉េចហែងមិនធ្វើដូចគេ ...ល...ជាដើម។ ដឹងទេថាពាក្យទាំងនេះធ្វើបាបផ្លូវចិត្តកូនៗខ្លាំងប៉ុណ្ណានោះ?

 

Child_mentalhealth

 

ពេលខ្លះម្តាយឪពុកមិនអាចបន្ទោសកូនៗណាឡើយ នៅពេលដែលកូនមួយចំនួនដើរលើផ្លូវខុស កូនរបស់ខ្លួនប្រែជាមនុស្សសោះកក្រោះ កូនរបស់ខ្លួនបែរជាប្រែក្លាយធ្វើរឿងដែលមិនត្រឹមត្រូវ ឬដើរមិនតាមគន្លងធម៌ជាដើម ព្រោះថាទង្វើម្តាយឪពុកមួយចំនួនពិតជាធ្វើឱ្យកូនៗអស់សង្ឃឹម បាក់ទឹកចិត្ត ហើយអាចប្រែខ្លួនធ្វើរឿងល្ងង់ខ្លៅខ្លះដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីឪពុកម្តាយខ្លួនជាដើម។

Loading...

ឯម្តាយឪពុកមួយចំនួនទៀត ចូលចិត្តណាស់បែងចែកការស្រលាញ់ចំពោះកូនៗមិនស្មើគ្នា ដោយការប្រកាន់កូននេះប្រុស កូននោះកូនស្រី កូននេះស្អាត កូននេះពូកែ កូននេះឆ្លាត កូននេះគួរឱ្យស្រលាញ់ កូននេះជាកូនសម្អប់ ឬកូននេះរកលុយបានតិច កូននោះរកលុយបានច្រើន...ល. ដោយមិនបានគិតថាកូនគឺជាសាច់ឈាមរបស់យើង កូនៗក៏ចេះតូចចិត្ត កូនៗក៏ចេះអន់ចិត្ត ហើយកូនៗខ្លះក៏ចង់ទទួលបានការស្រលាញ់ស្មើៗគ្នាដូចបងប្អូនសាច់ឈាមតែមួយដែរ។

មិនដឹងថាតើអ្វីដែលលើកឡើងខាងលើ អាចជាវិធីបង្ហាត់បង្រៀន ការអប់រំ ឬជាបរិបថរស់នៅក្នុងសង្គមគ្រួសាររបស់ពួកគាត់នោះឡើយ ដែលអាចថាជាវិធីធ្វើឱ្យកូនៗចេះរឹងមាំ ចេះឈឺចាប់ ចេះធ្វើឱ្យខ្លួនឯងមានការរីកចម្រើនអភិវឌ្ឍន៍ជាងមុននោះទេ។ វាអាចដែរ ថាអាចជះឥទ្ធិពល្អឱ្យកូនៗក្លាយទៅជាមនុស្សល្អក្នុងចំនួនតិចតួចតែប៉ុណ្ណោះ តែជឿថា តើអ្នកណាទៅដែលចង់ឱ្យគេយកខ្លួនឯងទៅប្រៀបនឹងអ្នកដទៃនោះ? មនុស្សម្នាក់ៗក្រែងសុទ្ធតែមានតម្លៃរបស់ខ្លួនរៀងៗខ្លួនខុសពីគ្នាតើ! ដូច្នេះកូនៗមួយចំនួនក៏មិនអាចទទួលបាននូវការប្រៀបធៀប ឬការបង្ហាញក្តីស្រលាញ់មិនស្មើភាពទាំងនោះឡើយ។

 

Image

 

ខ្ញុំសង្ឃឹមថាអត្ថបទមួយនេះបានទៅដល់ដៃឪពុកម្តាយមួយចំនួន ឱ្យពួកគាត់ធ្វើការពិចារណានូវចំណុចមួយចំនួន ឬចន្លោះខ្វះខាតរបស់ពួកគាត់លើកូនៗ។ ហើយក៏ជូនពរកូនៗក្នុងលោកទាំងអស់ដែលកំពុងតែទទួលនូវភាពឈឺចាប់ទាំងនោះតស៊ូឡើង និងប្រឹងប្រែងអត់ធន់ឱ្យបានច្រើនតាមដែលអាចធ្វើបាន ជាពិសេសសុំឱ្យម្តាយឪពុករបស់អ្នកអាចកែប្រែត្រលប់មកក្រឡេកមើលអ្នកក្នុងក្រសែភ្នែកពេញដោយមោទកក្នុងថ្ងៃណាមួយជាមុនខាន៕

អត្ថបទរក្សាសិទ្ធ៖ កវីលាក់ស្នេហ៍

Loading...