Ads
កុំព្យាយាមទាក់ទាញការចាប់អារម្មណ៍អ្នកដទៃលើសពីសភាពធម្មតារបស់អ្នក ព្រោះលទ្ធផលវានឹងផ្ទុយពីអ្វីដែលអ្នកចង់បាន។

កុំព្យាយាមទាក់ទាញការចាប់អារម្មណ៍អ្នកដទៃលើសពីសភាពធម្មតារបស់អ្នក ព្រោះលទ្ធផលវានឹងផ្ទុយពីអ្វីដែលអ្នកចង់បាន។

ដឹងទេ? អ្វីដែលអ្នកខំសម្តែង គឺជាអ្វីដែលមិនមែនជាអ្នកនោះទេ។ ហើយអ្វីដែលមិនមែនជាអ្នកនៅពេលដែលអ្នកកាន់តែខំសម្តែង វានឹងកាន់តែមើលទៅឆ្គង។

សភាពដែលមិនពិតមិនមែនជាមន្តស្នេហ៍ទេ តែវាជាកាយវិការកំប្លែង ដែលធ្វើឱ្យមនុស្សជុំវិញខ្លួនសើចចំអកឱ្យអ្នកទៅវិញទេ។

ធ្លាប់ទេ? ពេលដែលចង់ឱ្យខ្លួនឯងលេចធ្លោកណ្តាលចំនោម ស្រាប់តែខំនិយាយឮៗ ឬខំសើចខ្លាំងៗ ខំធ្វើជាសប្បាយចិត្តជ្រុល រួសរាយហួស ឬក៏ដើរតួរផ្សេងៗ ដែលមើលទៅវាមិនមែនជាខ្លួនអ្នកសោះ។ ឬពេលខ្លះទៀត ពេលបានទៅកម្មវិធីមួយ ព្រោះតែចង់ឱ្យបានលេចធ្លោក៏ខំតាក់តែងកាយដែលហួសពីបុគ្គលិកលក្ខណៈរបស់ខ្លួនឯង។

ខំយ៉ាងនេះ តែលទ្ធផលបានមកវិញជាក្រសែភ្នែកចម្លែក ក្រសែភ្នែកមាក់ងាយ ចំអក ដែលធ្វើឱ្យអ្នកទទួលអារម្មណ៍ខ្មាស់អៀន ឬអាមាសទៅវិញ។

ខំសម្តែងយ៉ាងនេះ គ្រាន់តែចង់បានការចាប់អារម្មណ៍ ឬការស្រលាញ់តែប៉ុណ្ណោះ តែមានដឹងខ្លួនទេ? បើចាប់ផ្តើមដោយកាយវិការមិនពិតទៅហើយ ទៅចង់បានការស្រលាញ់ឬការចាប់អារម្មណ៍ពិតយ៉ាងម៉េចទៅ?


មិនចាំបាច់ធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សក្លែងក្លាយនោះទេ មិនចាំបាច់ខំសម្តែងតួរឱ្យនរណាមកចូលចិត្ត ឬចាប់អារម្មណ៍អ្នកឡើយ។ បើម្នាក់នោះ មិនចូលចិត្តនិស្ស័យធម្មជាតិរបស់អ្នកហើយ ទោះអ្នកខំសម្តែងក៏បានចិត្តគេក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ បើថ្ងៃមួយការពិតត្រូវបានលាតត្រដាង អ្នកគង់នឹងបាត់បង់គេដូចគ្នា។

ម្យ៉ាងវិញទៀត ការរាប់អាន ក្តីស្រលាញ់ពិតប្រាកដ បើកើតមានក្នុងចិត្តនរណាហើយ គេនឹងមិនប្រកាន់អ្នកច្រើននោះទេ គេនឹងព្យាយាមទទួលយកអ្វីដែលជាចំនុចមិនល្អរបស់អ្នក តែយ៉ាងណា មនុស្សដែលអ្នកស្រលាញ់ក៏មិនមែនមានបេះដូងជាធុងសំរាមទេ ទង្វើរដែលមិនល្អគួរព្យាយាមលុបបំបាត់ទៅ មនុស្សស្រាលាញ់រាប់អានគ្នា គួរតែផ្តល់តែអ្វីដែលល្អៗឱ្យគ្នាទើបជាការប្រសើរ។

ឈប់សម្តែងទៅណា៎ ទើបអាចរកបានមិត្តភាព ឬស្នេហាពិតប្រាកដបាន។

#អត្ថបទអ្នកនិពន្ធរតនា