កុំដៃទទេឱ្យសោះ!  ទៅលេង ឬទទួលទានអាហារជុំគ្នាក្នុងថ្ងៃចូលឆ្នាំចិន គួរតែមានរបស់ទាំងនេះជាប់ដៃជាអំណោយ

កុំដៃទទេឱ្យសោះ! ទៅលេង ឬទទួលទានអាហារជុំគ្នាក្នុងថ្ងៃចូលឆ្នាំចិន គួរតែមានរបស់ទាំងនេះជាប់ដៃជាអំណោយ

ចូលឆ្នាំថ្មីប្រពៃណីចិន កាន់តែឈានខិតជិតមកដល់ហើយ ពោលថ្ងៃសែនព្រេន ត្រូវចំថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ ហើយថ្ងៃចូលឆ្នាំចិនមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ០៥.០៦.០៧ ខែកុម្ភៈ ឆ្នាំ ២០១៩។

ទន្ទឹមនឹងនោះ ជាធម្មតាតាមប្រពៃណីទំនៀមទំលាប់ ជនជាតិចិន តែងតែអញ្ជើញបងប្អូន ញាតិមិត្ត និងមិត្តភក្តិដើម្បីចូលរួមប្រារព្វពិធីអបអរបុណ្យចូលឆ្នាំថ្មី ដូចជាការទទួលទានអាហារជុំគ្នា ឬមានកម្មវិធីជប់លៀងជាដើម។ ហើយអំណោយ គឺជារបស់ដែលចៀសមិនផុតឡើយសម្រាប់ពិធីជួបជុំគ្នាទាំងអស់នោះ សម្រាប់ជូនគ្នាទៅវិញទៅមកក្នុងឱកាសឆ្នាំថ្មី ទៅកាន់ក្រុមគ្រួសារ ឪពុកម្តាយ សាច់ថ្លៃ បងប្អូន និងមិត្តភក្តិជាដើម ដែលការជូនអំណោយ ត្រូវតែចេះជ្រើសរើសឱ្យស័ក្តិសម និងត្រូវតាមទំនៀមទម្លាប់ជនជាតិចិនជាពណ៌ក្រហម និងពណ៌មាស ដើម្បីតំណាងឱ្យលាភសំណាងល្អ និងសុខសប្បាយផងដែរ។

 

Cover 1

 

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកយក អំណោយមួតចំនួនដែលអ្នកអាចជូនទៅកាន់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់អ្នកឱ្យស័ក្តសមបំផុតដូចខាងក្រោមនេះ៖

 

១. អាំងប៉ាវ ឬហុងប៉ាវ

ប្រសិនជាភ្ញៀវ ឬម្ចាស់ផ្ទះ មានកូនតូចៗ ក្មេងៗ ឬអ្នកដែលមានអាយុតិចជាងអ្នកនោះ អំណោយដែលល្អបំផុតនោះគឺអាំងប៉ាវ ( 红包 ហុងប៉ាវ) ដែលប្រែថាកញ្ចប់ ឬថង់ក្រហមដែលនាំលាភ និងសំណាងល្អ។

លោកអ្នកអាចដាក់ទឹកប្រាក់ចំនួនប៉ុន្មានក៏បានទៅតាមលទ្ធភាព ដូចជាទឹកប្រាក់ចំនួនគត់ ឬកន្ទុយលេខ ៨ ក៏បាន តែចៀសវាងដាច់ខាតគឺលេខ៤ ព្រោះលេខ៤ មានសំនៀងជាភាសាចិនស្រដៀងនឹងការស្លាប់ ( 四 sì , four) មានសំលេងដូចជា 死 sǐ ស្លាប់) ដែលជនជាតិចិនប្រកាន់ខ្លាំងបំផុត។

 

Ang Pao Compressed

 

 

២. ផ្លែឈើ

អ្នកអាចជូនអំណោយជាផ្លែឈើស្រស់ៗដូចជាក្រូចក្រហម និងផ្លែប៉ោម ព្រោះវាមើលទៅសមរម្យ ស្រស់ស្អាត និងថ្លៃថ្នូរទៀត ហើយការជូនជាកន្ត្រកផ្លែឈើគឺល្អបំផុត ដោយអ្នកអាចលាយផ្លែឈើចម្រុះក៏បាន ឬអាចលាយផ្លែឈើល្អបរទេសក៏បានដែរ ហើយចងបូរក្រហម ឬពណ៌មាសបន្ថែម គឺរឹតតែពិសេសទៅទៀត។

 

2 (4)

 

 

៣. នំចំណីផ្អែមៗ/ស្ករគ្រាប់

ពិសេសណាស់ការជូនអំណោយគ្នាជានំចំណីផ្អែមៗ ឬជាស្ករគ្រាប់ ព្រោះវាមើលទៅស្រស់ស្អាត និងអាចទុកទទួលទានបានយូរផងដែរ។ យកល្អគួរតែជ្រើសរើសនំល្អៗមានគុណភាពបន្តិច ដោយអាចធ្វើខ្លួនឯង ឬទិញនៅតាមទីផ្សារក៏បាន ដោយអាចជ្រើសរើសប្រអប់ស្អាតៗពណ៌ក្រហម ឬខ្ចប់ក្រដាសក្រហម និងចងបូរពណ៌មាសគឺរឹតតែប្រសើរ។

 

MG_0283

 

 

៤. ផ្កា/ដើមក្រូចក្រហម

ការជូនអំណោយជាបាច់ផ្កា ឬផ្កាដែលកាត់រួចមិនមែនជាជម្រើសល្អនោះទេ ។ សម្រាប់ថ្ងៃពិសេសបែបនេះអ្នកអាចរកទិញផ្កាស្រស់ៗដាំនៅក្នុងថូ ឬផើង ដែលមានផ្កាពណ៌លឿង(មាស) ឬក្រហម ហើយការជ្រើសរើសដើមប្ញស្សីសំណាង ឬដើមក្រូចក្រហម ជាអំណោយគឺកាន់តែល្អ។

Loading...

 

4 (9)

 

 

៥. តែ

ជនជាតិចិនចូលចិត្តទទួលទានតែខ្លាំងណាស់ ហើយវាក៏ជាអំណោយដ៏ស័ក្តសមបំផុតផងដែរ។ ដូច្នេះការជូនកញ្ចប់តែ គឺជាអំណោយដ៏ល្អមួយ ដោយអ្នកអាចជ្រើសរើសកញ្ចប់តែធំៗមួយគូ ហើយអាចខ្ចប់ជាក្រដាសក្រហម និងចងបូរពណ៌មាសទៀតក៏បាន។

 

5 (2)

 

 

៦. សំលៀកបំពាក់ និងគ្រឿងប្រើប្រាស់

សម្រាប់ក្រុមគ្រួសារ បងប្អូន និងមិត្តភក្តិ ការជូនអំណោយជាសំលៀកបំពាក់ និងរបស់ប្រើប្រាស់ថ្មីៗក៏ជាគំនិតល្អផងដែរ ព្រោះវាបង្ហាញពីការយកចិត្តទុកដាក់ និងបង្ហាញក្តីស្រលាញ់ទៅកាន់ពួកគេផងដែរ។ យកល្អគួរតែទិញសំលៀកបំពាក់ថ្មីៗ ហើយបើបានពណ៌ក្រហម ឬលាយពណ៌មាសរឹតតែល្អ។

 

Chinese New Year Clothes Family In Tang Suit

 

 

៧. គ្រឿងភេសជ្ជៈ

ការប្រារព្ធពិធីជប់លៀង ឬការពិសាអាហារជួបជុំគ្នាពិតជាចៀសមិនផុតពីការទទួលទានគ្រឿងភេសជ្ជៈនោះទេ ព្រោះវាអាចធ្វើឱ្យបរិយាកាសរឹតតែសប្បាយរីករាយទ្វេផង ជាពិសេសគឺភេសជ្ជៈដែលមានកំប៉ុង ឬសម្បកពណ៌មាស ព្រោះមិនត្រឹមតែអាចទទួលទានប៉ុណ្ណោះទេ គ្រឿងភេសជ្ជៈទាំងនោះក៏អាចយកដាក់សែនក្នុងពិធីចូលឆ្នាំចិនទៀតផង ដោយគេជឿថាពណ៌ទាំងពីរនេះនាំមកនូវលាភសំណាងល្អ។

លោកអ្នកអាចរកទិញផលិតផលគ្រឿងភេសជ្ជៈដូចជាទឹកផ្លែឈើ ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈមានជាតិអាល់កុលជាស្រា ឬបៀរ ដែលមានកំប៉ុងពណ៌ក្រហម ឬពណ៌មាស ព្រមជាចំណូលចិត្តរបស់អ្នកដែលអ្នកចង់ជូនជាអំណោយ ៕

 

7 (1)

 

7 (4)

 

សម្គាល់៖ នៅក្នុងនោះ ​លោកអ្នកអាចខ្ចប់របស់ទាំងអស់ខាងលើលាយគ្នាក្នុងកន្ត្រកមួយរឹតតែពិសេស!

 

7 (5)

Loading...