Ads
ពីគ្រួសារកសិករ ក្លាយជាសហគ្រិនបច្ចេកវិទ្យា (Buyloy.com) តើពិតជាដំណើរជីវិតមួយដ៏លំបាកឬ?

ពីគ្រួសារកសិករ ក្លាយជាសហគ្រិនបច្ចេកវិទ្យា (Buyloy.com) តើពិតជាដំណើរជីវិតមួយដ៏លំបាកឬ?

ថ្មីៗនេះ បាយឡូយ (buyloy.com) - ជាទីផ្សារលក់ទំនិញតាមអនឡាញដ៏ទុកចិត្តជាងគេនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៨ ត្រូវបានជ្រើសរើសឲ្យចូលរួមកម្មវិធី SmartScale រយៈពេល ៣ខែ(ឧសភា-កក្កដា) ដែលរៀបចំឡើងដោយក្រុមហ៊ុន Seedstars និង Mekong Strategic Partners ហើយមានការឧបត្ថម្ភ​ពី USAID/Development Innovations និង ក្រុមហ៊ុន Smart Axiata

ក្រុមហ៊ុនប្រហែលជា ១០ ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធី SmartScale នេះ ដើម្បីទទួលបានការបណ្តុះបណ្តាលសមត្ថភាពអាជីវកម្មបន្ថែមពីអ្នកជំនាញជាតិនិងអន្តរជាតិ ហើយអាចមានឱកាសទទួលបានការវិនិយោគពី $៥០ ០០០ ទៅ $១០០ ០០០ ដុល្លារអាមេរិក ពី Seedstars Investor Club និង Smart Axiata Digital Innovation Fund (“SADIF”) បន្ថែមទៀត។

Picture11

លោក ប្លង់ ផល្លា ជាសហស្ថាបនិកអាជីវកម្ម buyloy.com មានក្តីរំភើបរីករាយខ្លាំងណាស់ នៅពេលលោកដឹងថាមានឱកាសចូលរួមក្នុងកម្មវិធី SmartScale ។ កើតចេញពីត្រកូលកសិករនៅខេត្តកំពង់ធំ ពីក្មេងដេករៀននៅក្នុងវត្ត​និងសាលារៀន និងពីការឆ្លងកាត់ជីវិតកសិករគ្រប់បែបយ៉ាង គាត់ខិតខំប្រឹងប្រែងតស៊ូខ្លាំងណាស់រហូតទទួលបានអាហារូបករណ៍ជាច្រើន ហើយអាចបញ្ចប់បរិញ្ញាបត្រចំនួន ២៖ គ្រប់គ្រងអាជីវកម្ម (CMU) និង ភាសាអង់គ្លេស (IFL) ហើយនឹងអនុបណ្ឌិតគ្រប់គ្រងអាជីវកម្មមួយទៀត ពីសាលាគ្រប់គ្រងនៃវិទ្យាស្ថាន AIT (Asian Institute of Technology) ប្រទេសថៃ។​

Picture1


នៅពេលសួរថា៖ តើគាត់ចាប់ផ្តើមអាជីវកម្មដំបូងនៅពេលណា ហើយយ៉ាងដូចម្ត៉េច? គាត់ងើបមុខឡើងទៅលើទាំងទឹកមុខរំជួល ហើយប្រាប់ថា៖ “ខ្ញុំបរាជ័យអាជីវកម្មច្រើនណាស់មិនតិចជាង ៥ ដងទេ រហូតមកដល់ពេលឥឡូវនេះ ដោយរៀននៅសាកលវិទ្យាល័យបណ្តាចាប់ផ្តើមសាកល្បងអាជីវកម្មបណ្តា​ពីក្រុមបកប្រែភាសាអង់គ្លេស-ខ្មែរ រហូតដល់ផ្តោតទាំងស្រុងនៅឆ្នំា២០១៨ ទៅលើអាជីវកម្មបែប E-commerce៖ បាយឡូយ (buyloy.com) នេះ។”

វាពិតជាលំបាក តានតឹង បាក់ទឹកចិត្ត និងជួបឧបសគ្គជាច្រើនរាប់មិនអស់ ប៉ុន្តែគាត់នៅតែមិនបោះបង់ រៀនពីបរាជ័យទាំងនេះ បន្តធ្វើ និងបន្តឆ្ពោះដំណើរទៅមុខទៀត ដើម្បីសម្រេចក្តីស្រម៉ៃក្លាយជាសហគ្រិនបច្ចេកវិទ្យាដ៏ជោគជ័យម្នាក់ និងដើម្បីធ្វើអ្វីដែលខ្លួនស្រឡាញ់។ បរាជ័យ​គឺពិតជាជៀសមិនផុត បើអ្នកចង់សម្រេចការងារធំជោគជ័យ។

តើអ្វីជាបទពិសោធន៍ ដើម្បីចែករំលែកដល់អ្នកចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន?

លោក ប្លង់ ផល្លា ប្រាប់ថា៖ “បើចង់រកស៊ី ត្រូវចាប់ផ្តើមពីក្មេងកាន់តែលឿនកាន់តែល្អ​ យើងចាប់ផ្តើមមុន យើងបរាជ័យមុន ហើយបរាជ័យកាន់តែច្រើន យើងនឹងកាន់តែរឹងមាំនិងអាចរកវិធីដើម្បីធ្វើឲ្យខ្លួនឯងជោគជ័យបាន។ ការចាប់ផ្តើមរកស៊ី មិនចាំបាច់មានអ្វីគ្រប់យ៉ាងទើបចាប់ផ្តើមនោះទេ មានប៉ុណ្ណា ចាប់ផ្តើមប៉ុណ្ណឹង ហើយដាក់ចិត្តសំឡឹងមើលទៅក្តីស្រម៉ៃចុងក្រោយដែលអ្នកចង់បាន។​ ពេលចាប់ផ្តើមរកស៊ីដំបូង កុំរំពឹងថាអ្នកនឹងជោគជ័យ ចាប់ផ្តើម ១០ សង្ឃឹមតែ ១ ទៅបានហើយ។​ ប៉ុន្តែនៅពេលអ្នកបរាជ័យ កុំបោះបង់ឲ្យសោះ មិនត្រូវបោះបង់ឡើយ ត្រូវរៀនពីបរាជ័យទាំងនេះ ហើយបន្តដំណើរទៅមុខទៀត។”​