ឱ្យហេតុមែន! ​កាត់តរូបខ្លួនឯងជាមួយនឹងផ្កាបុណ្យសពមិនទាន់បានមួយថ្ងៃផង ស្រាប់តែគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពិតមែន!

ឱ្យហេតុមែន! ​កាត់តរូបខ្លួនឯងជាមួយនឹងផ្កាបុណ្យសពមិនទាន់បានមួយថ្ងៃផង ស្រាប់តែគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពិតមែន!

សៀមរាប៖ ចាស់ៗតែងតែនិយាយតៗគ្នា និងហាមប្រាមក្មេងៗមិនឱ្យនិយាយអ្វីមិនល្អ ​ឬប្រើប្រាស់របស់អពមង្គលទាក់ទងនឹងបុណ្យសពនោះឡើយ ​ព្រោះវាដូចជាការដាក់ទំនាយខ្លួនឯង ​ឬអាចនាំមកនូវប្រផ្នូលមិនល្អជាដើម។

ជាក់ស្តែងយុវជនម្នាក់មានគណនីឈ្មោះ​  Fai Chi Ming បានធ្វើឱ្យមិត្តភក្តិដែលលេងបណ្តាញសង្គមហ្វេសប៊ុកមានការហួសចិត្ត ​និងភ្ញាក់ផ្អើល ​ដែលសុខៗនឹកឃើញយ៉ាងម៉េចស្រាប់តែកាត់តរូបខ្លួនឯងក្នុងផ្កាបុណ្យសពសម្រាប់តាំងមុខមឈូសទៅវិញ ​ថែមទាំងដាក់លើ​ រូប ​Profile  និងសរសេរថា « RIP since 8.8.2019 » ។ គ្រាន់តែឃើញបែបនេះមិត្តអ្នកលេងហ្វេសប៊ុកម្នាក់ៗលស់ព្រលឹង ​និងយល់ថាជារឿងមិនល្អ ​ព្រមទាំងឱ្យយុវជនម្នាក់នេះប្តូររូបចេញផងដែរ ​ព្រោះមិនគួរយករឿងស្លាប់រស់មកលេងសើចនោះឡើយ។

តែពិតជាតក់ស្លុតណាស់ ​គ្រាន់តែប្តូររូប ​Profile  មិនបាន ១ថ្ងៃស្រួលបួលផងនៅថ្ងៃទី ៩ ​ខែសីហា ​ឆ្នាំ ​២០១៩ ​វេលាម៉ោង  ៦ និង៣០នាទីព្រឹក ​នៅចំណុចកន្លែងឆែកសំបុត្រផ្លូវទៅស្រះស្រង់ ​ស្ថិតនៅក្នុងភូមិក្រវ៉ាន់ ​សង្កាត់នគរធំ ក្រុងសៀមរាប ​ខេត្តសៀមរាប ​យុវជនម្នាក់នេះត្រូវបានគេដឹងថាបានស្លាប់បាត់បង់ជីវិតដោយសារតែការប៉ះទង្គិចរវាងម៉ូតូ និងម៉ូតូជិះបញ្ច្រាស់គ្នា ​ដោយហេតុការណ៍នេះផងដែរត្រូវបានគេដឹងថាមានមនុស្ស៣នាក់ស្លាប់ ​និងព្រះសង្ឃ២អង្គរបួសធ្ងន់។

Loading...

រឿងដ៏អកុសលនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ​ជាពិសេសសាច់ញាតិ និងមិត្តភក្តិជនរងគ្រោះសម្តែងនូវសេចក្តីសោកស្តាយ និងរងទុក្ខជាទម្ងន់ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់យ៉ាងឆាប់រហ័សមួយនេះ ​ដោយអ្នកខ្លះយល់ថាអាចបណ្តាលមកពីរឿងអពមង្គលនៃការកាត់តរូបភាពបែបនេះ ​ឬអាចជាប្រផ្នូលឱ្យហេតុមុនក៏ថាបាន៕

Loading...