នីល អាមស្ត្រង (Neil Armstrong) មនុស្សជាតិដំបូងគេ បានជាន់ភពព្រះចន្ទ

នីល អាមស្ត្រង (Neil Armstrong) មនុស្សជាតិដំបូងគេ បានជាន់ភពព្រះចន្ទ

ភពព្រះចន្ទ គឺជាភពរណបរបស់ភពផែនដីយើង ហើយក៏ជាភពដែលនៅជិតភពផែនដីជាភពដទៃទៀតផងដែរ។ ហេតុនេះហើយបានជាមានវត្តមានរបស់មនុស្សយើងបានទៅដល់ទីនោះ ក្នុងគោលបំណងស្រាវជ្រាវស្វែងរកលក្ខណៈវិទ្យាសាស្ត្រ។

បើលើកឡើងពីភពព្រះចន្ទ ដែលជាភពរណប និងទទួលពន្លឺជះមកផែនដីរៀងរាល់រាត្រី គេប្រាកដជានឹកឃើញដល់បុរសទី១ ជាន់លើភពមួយនេះគឺ នីល អាមស្ត្រង ដែលជាអ្នកអវកាសដ៏ជំនាញ ហើយទទួលបានឋានៈតែមួយគត់លើលោកថាជាមនុស្សដំបូងគេបានទៅដល់ភពព្រះច័ន្ទ និងបានឈរនៅទីនោះមើលមកភពផែនដីយើងវិញ។ នីល អាមស្ត្រង កើតនៅថ្ងៃទី០៥ ខែសិហា ឆ្នាំ១៩៣០ នៅរដ្ឋ Ohio​សហរដ្ឋអាមេរិក។

ក្នុងពេលកុមារភាព កុមារ នីល អាមស្ត្រង ជាសិស្សពូកែម្នាក់ខាងផ្នែកវិទ្យាសាស្ត្រ ហើយក៏មានចំណូលចិត្តខាងផ្នែកអាវកាសផងដែរ។ អាយុមិនទាន់គ្រប់១០ឆ្នាំផង រូបគាត់បានធ្វើឧស្សាហ៍ចំណាយពេលច្រើននៅក្នុងព្រលានយន្តហោះក្នុងរដ្ឋរបស់ខ្លួន ដោយចូលចិត្តស្តាប់ការរៀបរាប់របស់អ្នកមានបទពិសោធន៍។ ពេលចូលពេញវ័យ នីល អាមស្ត្រង បានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យកងទ័ពជើងទឹកអាមេរិក ខាងផ្នែកវិស្វកម្មអាកាសចរវិទ្យា។

Loading...

ក្នុងការបម្រើកងទ័ពជើងអាកាសពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥២ នីល អាមស្ត្រង បានទទួលបេសកម្មបើកយន្តហោះដល់ទៅ៧៨លើក បើទោះបីជាមានវ័យក្មេងក្នុងជួរកងទ័ពក៏ដោយ។ ក្រោយបញ្ចប់សង្គ្រាម នីល អាមស្ត្រង បានបន្តអាជីពក្នុងការស្រាវជ្រាវខាងផ្នែកផលិតយន្តហោះនៅក្នុងរដ្ឋរបស់ខ្លួន។ ទីបំផុតតាមរយៈស្នាដៃក្នុងអាជីពជាវិស្វករផ្នែកយន្តហោះ ព្រមទាំងទិន្នន័យជោគជ័យក្នុងសម័យសង្គ្រាមកន្លងមកផងនោះ ធ្វើឲ្យមានការចាប់អារម្មណ៍ពីគណៈកម្មាធិការទីប្រឹក្សាជាតិស្តីពី អាកាសចរវិទ្យា ហៅកាត់ NASA បានទាក់ទងរូបគាត់ ឲ្យចូលរួមក្នុងផ្នែកអ្នកជំនាញសាកល្បងយន្តហោះថ្មីៗ រួមទាំងផ្នែកទីអវកាសផង។

ក្នុងឆ្នាំ១៩៦៦ នីល អាមស្ត្រង ក៏បានសម្រេចក្តីបំណងក្លាយជាអវកាសយានិកពេញលេញ ដោយបានធ្វើដំណើរតាមយាន្តអវកាសទៅកាន់លំហរអាកាស និងត្រឡប់មកភពផែនដីវិញដោយជោគជ័យ។ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៦៩ ក្នុងបេសកម្មយានអវកាស អាប៉ូឡូទី១១ បានហោះឡើងចេញពីមជ្ឈមណ្ឌលអវកាស Kenedy នៅរដ្ឋ Florida ខណៈមានមនុស្សរាប់លាននាក់ជុំវិញពិភពលោក ខ្លះបានមើលផ្ទាល់ពីវាលស្រែជិតមជ្ឈមណ្ឌល ខ្លះទៀតមើលការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍។ នៅថ្ងៃទី១៩កក្កដា ក្រោយ​ពី​បាន​​ចំណាយ​ពេល​ ៣ថ្ងៃ ហោះកាត់​ទី​អវកាស ក្នុង​ចម្ងាយ​រហូតដល់​ទៅ​ជិត ៤០ម៉ឺន​គីឡូម៉ែត្រ អាប៉ូឡូ​ទី១១ ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់ព្រះចន្ទ ដោយ​ពី​ដំបូង​ហោះ​ហួស​ទៅ​ដល់​ខាង​ក្រោយ​ព្រះចន្ទ រួច​ហើយ​បន្ថយ​ល្បឿន​ ដើម្បី​អាច​ហោះ​ចូល​ទៅ​ក្នុង​​គន្លង​តារាវិថី​ជុំវិញ​​ព្រះចន្ទ។

ក្រោយចំណាយពេលប្រមាណជាង២១ម៉ោង លើភពព្រះចន្ទ ដោយបានចំណាយពេលធ្វើការក្នុងយាន ព្រមទាំងដើររើសកម្ទេចថ្មលើភពនោះដើម្បីពាំនាំមកភពផែនដី នីល អាមស្ត្រង រួមអាកាសយានិក២រូបទៀតដែលជាជំនួយការរបស់លោក បានសម្រេចចិត្តបញ្ឆេះយានត្រឡប់មកភពផែនដីវិញ។

ក្រោយវិលត្រឡប់មកដល់ភពផែនដីវិញ អវកាសយានិកទាំង៣រូបត្រូវបានគេចាត់ទុកជាវីរៈបុរសរបស់ពិភពលោក។ នីល អាមស្ត្រង ត្រូវបានពិភពលោកផ្តល់ពានរង្វាន់កិត្តិយសជាច្រើន ហើយសហរដ្ឋអាមេរិក ក៏បន្តឲ្យរូបគាត់កាន់តំណែងជាច្រើនក្នុងអាជីពរបស់លោកជាមួយអង្គការ NASA ។ នីល អាមស្ត្រង ទើបទទួលអនិច្ចកម្មនៅក្នុងឆ្នាំ២០១២ ក្នុងអាយុ៨២ឆ្នាំ នៅរដ្ឋកំណើតរបស់លោក៕

Loading...