សហរដ្ឋអាមេរិក្នុងសម័យកាលវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ អាណត្តិប្រធានាធិបតីលោក ហឺបឺត ហ៊ូវ័រ (ភាគ១)

សហរដ្ឋអាមេរិក្នុងសម័យកាលវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ អាណត្តិប្រធានាធិបតីលោក ហឺបឺត ហ៊ូវ័រ (ភាគ១)

មហាវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ ឬហៅថា The Great Depression គឺជាវិបត្តិសេដ្ឋកិច្ចសាកលោកដ៏ធ្ងន់ធ្ងរមួយនៅទសវត្សរិ៍មុនសម័យកាលសង្គ្រាមលោកលើកទី២។

ដូចដែលបានដឹងមកហើយ វិបត្តិមួយនេះបានកើតឡើងចេញពីសហរដ្ឋអាមេរិក ពោលគឺផ្ទុះឡើងនៅអំឡុងខែតុលា ឆ្នាំ១៩២៩។ ជារួមទៅមុនទសវត្សរិ៍ឆ្នាំ១៩៣០ សហរដ្ឋអាមេរិកត្រូវបានពិភពលោកទទួលស្គាល់ថាជាមជ្ឈមណ្ឌលរបបមូលធននិយម និងជាមជ្ឈមណ្ឌលនៃការលូតលាស់វិទ្យាសាស្ត្របច្ចេកទេសទំនើបគ្រប់ប្រភេទ​។

តែដោយសារហេតុនេះហើយ វិបត្តិសេដ្ឋកិច្ចពិភពលោក ក៏បាន​រីកសាយ​ភាយ​ទៅកាន់ពិភពលោកពីសហរដ្ឋអាមេរិកទៅដូចគ្នាផងដែរ។ ចាប់តាំងពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៣២ ទំហំផលិតផលឧស្សាហកម្មត្រូវបានកាត់បន្ថយប្រហែលជា៥០% នៅសហរដ្ឋអាមេរិក ធ្វើឲ្យមនុស្សប្រមាណ១៣លាននាក់បាត់បង់ការងារធ្វើជាបន្តបន្ទាប់ ហើយប្រមាណ១៥លាននាក់ទៀតជាកសិករក៏បានបោះបង់ការងារចោលរួមផង សូម្បីតែប្រព័ន្ធធានារ៉ាប់រងនូវជនអត់ការងារធ្វើ អង្គការសង្គមកិច្ចនានា ឬអង្គការមនុស្សធម៌នានា ក៏បានរត់យករួចខ្លួនអស់ជាច្រើន ព្រោះតែទប់ស្កាត់មិនជាប់ ឬអន្តរាគមន៍មិនបានចំពោះការវិវត្តនៃវិបត្តិមួយនេះ។

ហេតុការណ៍នេះក៏បានជំរុញឲ្យប្រជាពលរដ្ឋ រួមមានកសិករ និងកម្មករ ចាប់ផ្តើមអស់ជំនឿចិត្តលើអង្គការរដ្ឋ ព្រមទាំងច្បាប់ជាតិថែមទៀត។ សហរដ្ឋអាមេរិក ក្នុងបណ្តាឆ្នាំនោះកាន់តែមានវិបត្តិស្ទើរងើបមុខមិនចង់រួច។ បើរំលឹកឡើងនៅក្នុងឆ្នាំដែលកើតឡើងនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ក៏ជាឆ្នាំដែលសហរដ្ឋអាមេរិកទើបទទួលបានប្រធានាធិបតីថ្មីជំនាន់ទី៣១ ផងដែរ ពោលគឺលោក ហឺបឺត ហ៊ូវ័រ  (Herbert Hoover) ដែលជាបេក្ខជនមកពីបក្សសាធារណរដ្ឋ។

Loading...

គាត់គឺជាអតីតវិស្វករ និងផលិតករ ហេតុដូច្នេះរូបគាត់មានទំនោរខ្លាំងទៅផ្នែកពាណិជ្ជកម្ម ខណៈរូបគាត់ក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសហរដ្ឋអាមេរិកផងដែរនោះ។ នៅក្នុងដំណាក់កាលនៃវិបត្តិនោះ លោក ហឺបឺត ហ៊ូវ័រ បានសម្រេចប្រើប្រាស់វិធីសាស្ត្រ ដោយឈរលើគោលការណ៍បុគ្គលភាព និងសេរីភាព ពោលនោះគឺការផ្តល់សិទ្ធិពេញលេញរបស់កម្មករ និងកសិករ ដោយមានន័យថារដ្ឋមិនត្រូវលូកដៃចូលទៅក្នុងកិច្ចការងារពាណិជ្ជកម្ម ប៉ុន្តែរដ្ឋអាចព្យាយាមផ្គត់ផ្គង់តាមរយៈការផ្តល់ជាកញ្ចប់ថវិកាបម្រុងទៅវិញ។

រហូតមកដល់ឆ្នាំ១៩៣១ ក្នុងស្ថានភាពស្រោចស្រង់មិនចង់រួច ដោយសារតែភាពឥតការងាររបស់ប្រជាពលរដ្ឋកាន់តែកើនឡើងសន្ធឹកសន្ធាប់ លោក ហឺបឺត ហ៊ូវ័រ បានសម្រេចអនុម័តបង្កើតអង្គការហិរញ្ញវត្ថុសម្រាប់ការចូលរួមដោះស្រាយវិបត្តិ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភ។ អង្គការរដ្ឋមួយនេះ មានតួនាទីផ្តល់ការឧបត្ថម្ភឲ្យក្រុមហ៊ុនធានារ៉ាប់រងនូវប្រាក់កម្ចី។ ទោះជាយ៉ាងណា ការអនុវត្តរបស់អ្នកជំនាញពាណិជ្ជកម្មរូបនេះនៅតែពុំមានប្រសិទ្ធភាព ទីបំផុតនៅក្នុងឆ្នាំ១៩៣២ មានការធ្វើបាតុកម្មធំមួយនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយនាពេលនោះក៏មានការប៉ះទង្គិចរវាងកងទ័ពរដ្ឋាភិបាលធ្វើការវាយប្រហារខ្លាំងៗ ដើម្បីបំបែកហ្វូងបាតុករទាំងនោះដែរ។

ការធ្វើបាតុកម្មនេះ អាចសន្និដ្ឋានបានថាដោយសារតែការមិនពេញចិត្តចំពោះការគ្រប់គ្រងរបស់លោក ហឺបឺត ហ៊ូវ័រ ខណៈដែលនេះមិនត្រឹមកើតឡើងក្នុងទឹកដីសហរដ្ឋអាមេរិកនោះ ហើយថែមទាំងមានឥទ្ធិពលសាយភាយដល់ជុំវិញពិភពលោកថែមទៀត។ យោងតាមទិន្នន័យនៃការប្រែប្រួលសរុបពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៣២ មានដូចជា ផលិតផលឧស្សាហកម្ម ថយចុះ៤៦% តម្លៃទំនិញទូទៅ ថយចុះ៣២% ពាណិជ្ជកម្មអន្តរជាតិ ថយចុះ៧០% និងភាពគ្មានការងារធ្វើកើនឡើងដល់ទៅ ៦០៧%។ ទីបញ្ចប់ ការបោះឆ្នោតនៅអាណត្តិថ្មី លោក ហឺបឺត ហ៊ូវ័រ បានធ្លាក់ចេញពីតំណែង ដោយបានឡើងមកជំនួសដោយលោក ហ្វ្រាំងឃ្លីន ដេឡាណូ រ៉ូស្វែល (Franklin D. Roosevelt)

Loading...