ហ្វែឌីណន់ ម៉ាហ្សេឡន់ (Ferdinand Magellan)៖មនុស្សទី១ ដែលបានធ្វើដំណើរតាមនាវាជុំវិញពិភពលោកមុនគេបង្អស់

ហ្វែឌីណន់ ម៉ាហ្សេឡន់ (Ferdinand Magellan)៖មនុស្សទី១ ដែលបានធ្វើដំណើរតាមនាវាជុំវិញពិភពលោកមុនគេបង្អស់

ពិភពលោកបច្ចុប្បន្ន ដោយសារតែកំណើននៃវិទ្យាសាស្ត្រ បានកំណត់រូបរៀងច្បាស់លាស់ ទីតាំងច្បាស់លាស់ និងថែមទាំងផ្ទិតយករូបភាពគ្រប់ទីកន្លែងលើសកលលោកបង្ហាញឲ្យមនុស្សជាតិបានដឹង បានស្គាល់ បានឃើញគ្រប់ៗគ្នា។

ការធ្វើដំណើរជុំវិញពិភពលោកបច្ចុប្បន្នភាព ក៏មិនជាបញ្ហាអ្វីធំទៀតនោះដែរ ប៉ុន្តែបើក្រឡេកទៅអតីកាលប្រមាណជិត៥០០ឆ្នាំមុន  បើនិយាយពីពិភពលោកមនុស្សមិនងាយនឹងកំណត់ដឹង និងស្វែងយល់ថាមានទំហំយ៉ាងណានោះឡើយ ការធ្វើដំណើរទៀតសោតកាន់តែពិបាកថែមទៀត។ លោក ហ្វែឌីណន់ ម៉ាហ្សេឡង់ គឺត្រូវបានប្រវត្តិសាស្ត្រចារ្យមកទុកថាជាអ្នកដែលបានធ្វើដំណើរជុំវិញពិភពលោកមុនគេបំផុតតាមរយៈការធ្វើដំណើរតាមផ្លូវទឹក ដោយនាវា ឬសំពៅ។

ប្រហែលជាឆ្នាំ១៤៨០ រូបគាត់បានចាប់កំណើតនៅប្រទេសព័រទុយហ្គាល់នៅក្នុងវណ្ណៈអភិជន ពោលគឺកូនប្រុសរបស់អភិបាលក្រុងមួយនៃប្រទេសនោះ។ ក្នុងវ័យសិក្សា ហ្វែឌីណន់ ម៉ាហ្សេឡង់ បានទទួលឳកាសសិក្សារៀនសូត្រនៅក្នុងរាជវាំង ដោយសារតែបុណ្យស័ក្តិរបស់ឪពុកខ្លួន។ បើតាមឯកសារប្រវត្តិសាស្ត្រកត់ត្រាទុក ក្នុងវ័យសិក្សាពីកុមារភាព ជំនាញដែលរូបគាត់ចូលចិត្តបំផុតនោះគឺ តារាសាស្ត្រ និងវិទ្យាសាស្ត្រនាវាចរណ៍។ ដោយសារភាពវ័យឆ្លាត និងឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រ ព្រមទាំងមានឪពុកជាអភិបាលក្រុងស្រាប់ ត្រឹមអាយុ២០ឆ្នាំ ហ្វែឌីណន់ ម៉ាហ្សេឡង់ ត្រូវបានតែងតាំងជាមន្ត្រីហ្វឹកហ្វឺនកងទ័ព ធ្វើដំណើរជាមួយពួកកងទ័ពទៅកាន់ប្រទេសឥណ្ឌា ក្នុងទិសដៅដាក់អាណានិគម។

នៅក្នុងឆ្នាំ១៥១៣ រូបគាត់ក៏បានបេសកម្មថ្មីដោយដាក់អាណានិគមលើប្រទេសម៉ារ៉ុកវិញម្តង ប៉ុន្តែនៅទីនោះរូបគាត់បានបង្ករកំហុសមួយ នោះគឺការចេញទ័ពដោយគ្មានការបញ្ជាពីថ្នាក់លើ ជាហេតុនាំឲ្យស្តេចព័រទុយហ្គាល់ បានសម្រេចដកតំណែងគាត់ចេញ ថែមទាំងលុបសញ្ជាតិចេញពីប្រទេសព័រទុយហ្គាល់ទៀតផង។ តែអាចថាមកពីនិស្ស័យក៏ថាបាន ក្រោយការចាកចេញពីប្រទេសព័រទុយហ្គាល់ រូបគាត់បានធ្វើដំណើរទៅប្រទេសអេស្ប៉ាញដែលមានព្រំដែនជាប់គ្នានោះ ដើម្បីបន្តកិច្ចការ និងក្តីស្រម៉ៃចង់ស្រាវជ្រាវអំពីពិភពលោក។

Loading...

ទីបំផុតដោយសារតែប្រាជ្ញាដ៏ពិនប្រសព្វ នៅក្នុងឆ្នាំ១៥១៨ ហ្វែឌីណន់ ម៉ាហ្សេឡង់ មានឳកាសបានជួបព្រះមហាក្សត្រអេស្ប៉ាញ ហើយបានរៀបរាប់ពីគោលបំណងខ្លួន និងទីបំផុតព្រះអង្គក៏ទុកចិត្ត។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៥១៩ នាវាចំនួន៥ ដែលមានសហសេវិកសរុបចំនួន២៦៥នាក់ ស្ថិតនៅក្រោមបញ្ជាការផ្ទាល់របស់គាត់ បានចេញដំណើរតាមទន្លេក្នុងប្រទេសអេស្ប៉ាញ ចូលទៅប្រទេសព័រទុយហ្គាល់ មុនបន្តចូលទៅក្នុងមហាសមុទ្រ។ មិនយូរប៉ុន្មាននោះទេ នាវាទាំងអស់ក៏បានធ្វើដំណើរដល់ទ្វីបអាមេរិកខាងត្បូង ប៉ុន្តែនៅទ្វីបនោះដោយសារតែជំងឺបានរាតដ្បាត ទីបំផុតពួកគេបានត្រូវពន្យារពេលសម្រាកនៅទីនោះប្រហែលកន្លះឆ្នាំឯណោះ លើសពីនេះនាវាមួយក្នុងចំណោមនាវាទាំងអស់ក៏បានលិចនៅទីនោះផងដែរ។

ទីបំផុតក្រោយសម្រាកនៅទីនោះរយៈពេលយូរ ហ្វែឌីណន់ ម៉ាហ្សេឡង់ ក៏បានបញ្ជាឲ្យចេញដំណើរបន្ត សណ្តូកចុះមកភាគខាងត្បូង ដែលមានរយៈចម្ងាយប្រមាណ ៦០០ ០០០គីឡូម៉ែត្រ ទើបផុតពីប្រទេសអាហ្សង់ទីន ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដោយជោគជ័យ។ ការធ្វើដំណើរកាត់តាមទិសខ្យល់ទៅតាមមហាសមុទ្រដ៏ធំល្វើងល្វើយ រយៈពេលជាង៣ខែ ទីបំផុតមានតែនាវា៣គ្រឿងចុងក្រោយ បានធ្វើដំណើរទៅដល់ប្រជុំកោះនៃប្រទេសហ្វីលីពីនសព្វថ្ងៃ។ នៅទីនោះ តាមបណ្តាកោះមួយចំនួនក៏មានការប៉ះទង្គិចគ្នារវាងម្ចាស់ស្រុកផងដែរ ទីបំផុតល្មមតែបានចាកចេញពីតំបន់កោះប្រទេសហ្វីលីពីន នាវានៅសល់តែ២គ្រឿងប៉ុណ្ណោះ។ ក្រោយមកទៀតលោក ហ្វែឌីណន់ ម៉ាហ្សេឡង់ ក៏បានបញ្ជាឲ្យនាវាមួយគ្រឿងបកត្រឡប់មកតំបន់ប្រទេសប៉ាណាម៉ា ដែលត្រូវដឹកគ្រឿងទេស ប៉ុន្តែជាអកុសលក៏ត្រូវទឹកលិច ចូលទៅក្នុងមហាសមុទ្រពាក់កណ្តាលទី។

នាវានៅសល់១ចុងក្រោយ ក៏បានធ្វើដំណើរបន្ត ចាក់ចូលមហាសមុទ្រឥណ្ឌា ហើយបន្តវៀងទ្វីបអាហ្វ្រិកមួយទៀត រហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៥២២ នាវាសល់ចុងក្រោយនោះ រួមជាមួយសហសេវិកសល់តែ១៨នាក់ ក្នុងចំណោម២៦៥នាក់ដែលបានចាកចេញនាពេលដំបូង ទីបំផុតបានវិលត្រឡប់មកដល់ប្រទេសអេស្ប៉ាញវិញ។ ដំណើរដ៏សោកនាដកម្មនេះ និងជួបឧបស័គ្គរាប់មិនអស់ខាងលើទីបំផុត ក៏ត្រូវបានគេស្ញោចសរសើរថាជាសេចក្តីអស្ចារ្យមួយ ក្នុងនាមជាមនុស្សជាតិអាចធ្វើដំណើរដោយនាវាមួយជុំលើពិភពលោកមុនគេបង្អស់។ មិនត្រឹមតែការធ្វើដំណើរសាមញ្ញឡើយ ពួកគេក៏បានទាញយកនូវហេតុផលវិទ្យាសាស្ត្រថ្លឹងថ្លែងអំពីរូបរាងភពផែនដី ព្រមទាំងការកត់ត្រានៃផ្ទៃដី ផ្ទៃទឹក រួមនិងផ្លូវ ព្រមទាំងផែនទីពិភពលោកឲ្យកាន់តែច្បាស់មួយកម្រិតថែមទៀតផង ហើយក៏ជាប្រយោជន៍សម្រាប់បើកផ្លូវឲ្យសេដ្ឋកិច្ចពិភពលោកមានចរន្តថែមទៀត៕

Loading...