Ads
សហរដ្ឋអាមេរិក្នុងសម័យកាលវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ អាណត្តិប្រធានាធិបតីលោក ហ្រ្វាំងឃ្លីន រ៉ូស្វែល (ភាគ២)

សហរដ្ឋអាមេរិក្នុងសម័យកាលវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ អាណត្តិប្រធានាធិបតីលោក ហ្រ្វាំងឃ្លីន រ៉ូស្វែល (ភាគ២)

ក្រោយពីស្ថានភាពកាន់តែដុនដាបនៅក្នុងទឹកដីសហរដ្ឋអាមេរិកទាំងមូល ហើយជះឥទ្ធិពលកាន់តែខ្លាំងទៅជុំវិញពិភពលោក ខណៈរដ្ឋាភិបាលមានតែដំណោះស្រាយ ប៉ុន្តែគ្មានលទ្ធផលច្បាស់លាស់នោះ ទីបំផុតនៅក្នុងការបោះឆ្នោតប្រធានាធិបតី នា​ខែ​វិច្ឆិកា ឆ្នាំ១៩៣២ តំណែងលោក ហឺបឺត ហ៊ូវ័រ (Herbert Hoover) ដែលជាបេក្ខជន​មកពីបក្សសាធារណរដ្ឋ ត្រូវបានជំនួសដោយលោក ហ្វ្រាំងឃ្លីន ដេឡាណូ រ៉ូស្វែល (Franklin D. Roosevelt) ដែលមកពីបក្សប្រជាធិបតេយ្យ ហើយរូបគាត់គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកជំនាន់ទី៣២។

ខណៈមុនជាប់តំណែងជាប្រធានាធិបតី រូបគាត់គឺជាអភិបាលនៃរដ្ឋញ៉ូយកតែម្តង។ ហ្វ្រាំងឃ្លីន រ៉ូស្វែល (ឈ្មោះខ្លីរបស់គាត់) បានកើតនៅឆ្នាំ១៨៨២ និងជាអ្នកចូលចិត្តខាងសិក្សាមួយ កាលពីកុមារភាព ខណៈរូបគាត់គឺជានិស្សិតបញ្ចប់ថ្នាក់សាកលវិទ្យាល័យ​នៅសាលាល្បី ហាវ៉ាដ។ មុនឈានឡើងមកដល់អំណាចកំពូលនៃសហរដ្ឋ​អាមេរិក ហ្វ្រាំងឃ្លីន រ៉ូស្វែល ក៏ធ្លាប់កាន់តំណែងក្នុងជួររដ្ឋាភិបាលដូចជា អភិបាលរដ្ឋញ៉ូយក រដ្ឋមន្ត្រីការងារផ្ទៃសមុទ្រ... ជាដើម។

ហើយបើគិតនៅក្នុងទំព័រប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកវិញ ត្រូវបានចារ្យកំណត់ត្រាទុកដល់បច្ចុប្បន្នភាពនោះគឺ ហ្រ្វាំងឃ្លីន រ៉ូស្វែល គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកតែមួយរូបគត់ ដែលបានកាន់តំណែងនេះដល់ទៅ៤អាណត្តិ (ជាទូទៅ ច្បាប់នៃសហរដ្ឋអាមេរិកកំណត់ត្រឹម២អាណត្តិ)។ កំណត់ត្រានេះ ក៏មិនចម្លែកនោះដែរ ខណៈរូបលោកគឺជារដ្ឋបុរសមួយដែលបានជួយស្រោចស្រង់ស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ ឲ្យប្រសើរឡើងវិញ មិនត្រឹមតែសហរដ្ឋអាមេរិកនោះទេ ថែមទាំងមានឥទ្ធិពលដល់ពិភពលោកទាំងមូលផងដែរ។


ក្រោយចូលកាន់តំណែងភ្លាម លោក ហ្រ្វាំងឃ្លីន រ៉ូស្វែល បានអនុម័តនូវកម្មវិធីកំណែទម្រង់ថ្មី (New Deal 100Days) ដែលជាកម្មវិធីដ៏ស្រោចស្រង់ស្ថានភាពសេដ្ឋកិច្ចដ៏ល្បីល្បាញ។ កម្មវិធីថ្មី១០០ថ្ងៃនេះ គឺមានន័យថាការអនុវត្ត និងស្វែងរកដំណោះស្រាយ ក្នុងរយៈពេល៣ខែម្តង ពោលគឺធ្វើតាមដំណាក់កាលៗ។ ក្នុងរយៈពេល៣ខែដំបូង សហរដ្ឋអាមេរិក បានអនុម័តច្បាប់ថ្មីៗ ជាច្រើន ដែលភាគច្រើនគឺជាច្បាប់សម្រាប់ផ្លាស់​ប្តូរតួនាទីរបស់រដ្ឋ ដោយផ្តល់តួនាទីឲ្យរដ្ឋក្នុងការសម្របសម្រួលសេដ្ឋកិច្ច ដែលនេះគឺជាការអនុវត្តផ្ទុយពីប្រធានាធិបតីអាណត្តិមុន លោក ហឺបឺត ហ៊ូវ័រ ដែលពុំអនុញ្ញាតិ​ឲ្យរដ្ឋលូកដៃទៅលើរឿងពាណិជ្ជកម្មនោះទេ ដែលជាហេតុនាំឲ្យវណ្ណៈមូលធនកាន់តែបានចិត្ត។

កំណែទម្រង់ផ្សេងៗ ទៀតមានដូចជា ការកសាងស្ថេរភាពប្រព័ន្ធធនាគារ ការផ្តល់សម្រាប់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ការបង្កើតជំរុំទីក្រុងសម្រាប់អ្នកឥតការងារ ការបង្កើតមជ្ឈមណ្ឌលបណ្តុំអ្នកជំនាញសេដ្ឋកិច្ច ការបង្កើតប្រព័ន្ធការពារព្រៃឈើឡើងវិញ ការពង្រឹង និងជួយលើវិស័យកសិកម្មតាមបណ្តារដ្ឋមួយចំនួនឡើងវិញ ការបង្កើតច្បាប់ទាំងឡាយដែលមាននាទីការពារ និងសម្របសម្រួលដល់ផលិតករ និងកម្មករ...។

មិនត្រឹមតែប៉ុណ្នឹងនោះទេ លោក ហ្រ្វាំងឃ្លីន រ៉ូស្វែល បានបន្ថែមការយកចិត្តទុកដាក់ខ្ពស់លើការកសាងមិត្តភាពឡើងវិញលើឆាកអន្តរជាតិ ដែលមានដូចជាការដាក់ការទូតជាមួយសហភាពសូវៀត និងបង្កើតនយោបាយការទូតដុល្លារ ទៅក្នុងបណ្តាប្រទេសអាមេរិកឡាទីន (ទ្វីបអាមេរិកខាងត្បូង) ថែមទៀត។

ទីបំផុតស្ថានការណ៍ពិភពលោកបានស្រួលបួលមកវិញម្តងបន្តិចៗ តាមរយៈស្នាដៃ និងគំនិតដ៏ឆ្លៀសវៃទាំងនេះ។ កត្តាខាងលើនេះហើយ ដែលអាចធ្វើឲ្យបុរសរូបនេះបានកត់ឈ្មោះខ្លួនក្នុងប្រវត្តិសាស្ត្រថាជា ប្រធានាធិបតីសហរដ្ឋអាមេរិក កាន់តំណែងយូរបំផុត៤អាណត្តិលើសគេ ខណៈក៏មានប្រទេសមួយចំនួនជុំវិញពិភពលោកចាត់ទុកថាជាអ្នកសង្គ្រោះវិបត្តិសេដ្ឋកិច្ចដល់ពួកគេទៀតផង៕