ការចូលឈ្លានពានក្នុងតំបន់អាស៊ីអាគ្នេយ៍ពីសំណាក់កងទ័ពជប៉ុន សម័យសង្គ្រាមលោកលើកទី២

ការចូលឈ្លានពានក្នុងតំបន់អាស៊ីអាគ្នេយ៍ពីសំណាក់កងទ័ពជប៉ុន សម័យសង្គ្រាមលោកលើកទី២

គិតមក​ត្រឹម​សម័យសង្រ្គាម​លោក​លើកទី២ ក្នុងតំបន់​អាស៊ីអាគ្នេយ៍យើង​ស្ទើរតែ​ទាំងមូល​​​កំពុង​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​មហាអំណាច​លោកខាងលិច ពោលគឺ​តំបន់​ឥណ្ឌូចិន (កម្ពុជា វៀតណាម និង​ឡាវ) ស្ថិត​ក្រោម​អាណានិគម​បារាំង ភូមា និង​ម៉ាឡេស៊ី​ស្ថិត​ក្រោម​អាណានិគម​អង់គ្លេស ឥណ្ឌូណេស៊ី​ស្ថិត​ក្រោម​អាណានិគម​ហូឡង់ និង​ហ្វីលីពីន​ស្ថិត​នៅក្រោម​អាណាព្យាបាល​របស់​​សហរដ្ឋ​អាមេរិក លើកលែងតែ​​ប្រទេស​ថៃមួយប៉ុណ្ណោះ។

ចាប់ពីចុងឆ្នាំ១៩៤០ មកជប៉ុនបានឈានជើងចូលលុកលុយនៅតំបន់អាស៊ីអាគ្នេយ៍ នៅពេលនោះ ថ្វីដ្បិត​តែ​ឥណ្ឌូចិន​​នៅមាន​ឈ្មោះ​ជា​ដែន​អាណានិគម​បារាំង ក៏ប៉ុន្តែរដ្ឋាភិបាល​បារាំង​ដែល​ធ្លាក់​ចុះខ្សោយ​​ត្រូវ​​បង្ខំ​ចិត្ត​អនុញ្ញាត​​អោយកងទ័ព​ជប៉ុន​បោះមូលដ្ឋាន​ទ័ព​នៅ​ក្នុង​ដែន​អាណានិគម​របស់​ខ្លួន។ ជាក់ស្តែងយើងក៏បានដឹងមកហើយ ប្រទេសកម្ពុជាយើងក៏ធ្លាប់ស្ថិតនៅក្រោមអាណានិគមជប៉ុននាពេលនោះដែរ។

ក៏ប៉ុន្តែ សកម្មភាព​ឈ្លានពាន​របស់​ជប៉ុន​នៅ​ឥណ្ឌូចិន​ត្រូវ​​ប្រឈមមុខ​នឹង​ឧបសគ្គ​ដ៏​ធំមួយ គឺ​ការ​​ការ​តវ៉ា​ជំទាស់​ពី​សំណាក់​សហរដ្ឋ​អាមេរិក។ ក្រោយ​ពី​​បាន​ចរចា​ជាមួយ​អាមេរិក​​ស្វែងរក​​ដំណោះស្រាយ​មិនបាន ហើយភាគីសហរដ្ឋអាមេរិកនៅបន្តដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ជប៉ុន​ក៏​បានសម្រេច​បើក​ការ​វាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​មូលដ្ឋានទ័ព Pearl Harbor ​នៅ​កោះហាវ៉ៃ។

Loading...

បន្ទាប់មកកងទ័ព​ជប៉ុន​បានបើក​ការ​វាយប្រហារ​ភ្លាមៗ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​អោយ​កងទ័ព​ជប៉ុន​ប្រចាំ​នៅ​តំបន់​ឥណ្ឌូចិន​ បើក​ការ​វាយប្រហារ​​ទៅលើ​ប្រទេស​ថៃ ដើម្បី​យក​ទឹកដី​​ថៃ​ធ្វើ​ជា​មូលដ្ឋាន​ទ័ពក្នុងការ​ឈ្លានពាន​​បន្ត​ទៅទិស​ខាង​លិច សំដៅ​ទៅ​​ភូមា និង​បន្ទាប់​មក​ទៅឥណ្ឌា និង​ទៅទិស​ខាង​ត្បូង សំដៅ​ទៅ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។ គួរឲ្យដឹងផងថា រាជរដ្ឋាភិបាល​ថៃនាពេលនោះ ដោយ​ដឹង​ថា​ខ្លួន​មិន​មាន​កម្លាំង​អាច​ទប់ទល់​នឹង​កងទ័ព​ជប៉ុន​ ​ក៏​បាន​​សុំចរចា​ឈប់បាញ់​​ភ្លាមៗ ដោយ​សុខចិត្ត​​ដាក់​ខ្លួន​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ជប៉ុន ហើយ​បើក​ឲ្យ​​កងទ័ព​ជប៉ុន​ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​​ធ្វើការ​វាយប្រហារ​ទៅលើ​ដែន​អាណានិគម​លោក​ខាងលិច។

នៅថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ​១៩៤១ ​ជប៉ុន​បាន​ប្រើ​មូលដ្ឋាន​ទ័ព​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ បើក​ការ​វាយប្រហារ​ទៅលើ​ម៉ាឡេស៊ី ហើយ​ក្នុងពេល​ជាមួយគ្នា បញ្ជូន​ទ័ព​ជើងទឹក​​មួយ​ក្រុមផ្សេងទៀត​អោយ​ចូល​ឈ្លានពាន​​ហ្វីលីពីន ដែលមានមូលដ្ឋានទ័ពសហរដ្ឋ​អាមេរិកតាំងនៅទីនោះ។ គិត​ត្រឹម​ពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​១៩៤២ ប្រទេស​ម៉ាឡេស៊ី​ទាំងមូល​​ត្រូវ​ធ្លាក់​​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន ហើយ​ចក្រភព​អង់គ្លេស​ត្រូវ​បាត់បង់​មូលដ្ឋាន​ទ័ព​ជើងទឹក​ដ៏​សំខាន់​មួយ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​សិង្ហបុរី។

ប៉ុន្មានខែក្រោយមកទៀត ប្រទេសភូមា ក៏បានធ្លាក់ចូលក្នុងកណ្តាប់ដៃជប៉ុន ខណៈផ្នែកខ្លះនៃប្រទេសឥណ្ឌាក៏ត្រូវបានជប៉ុនឈ្លានពានបានផងដែរ។ នៅ​ឥណ្ឌូណេស៊ី​វិញ កងទ័ព​ហូឡង់​​ត្រូវ​ទទួល​បរាជ័យ ហើយ​សុខចិត្ត​​​​ប្រគល់​ដែន​អាណានិគម​​ឥណ្ឌូនេស៊ី​​ទៅ​អោយ​ជប៉ុន​កាន់កាប់​ នៅ​ខែ​មីនា ឆ្នាំ​១៩៤២។ ជាលទ្ធផលគិតត្រឹមពាក់កណ្តាលឆ្នាំ១៩៤២ ទឹកដីអាស៊ីអាគ្នេយ៍ទាំងមូលស្ថិតនៅក្រោមការត្រួតត្រារបស់អាណាចក្រជប៉ុន សូម្បីប្រទេសថៃត្បិតនៅត្រឹមជាប្រទេសសម្ព័ន្ធមិត្តជប៉ុន និងមានមូលដ្ឋានទ័ពធំរបស់ជប៉ុននៅទីនោះ។

ឥទ្ធិពលរបស់ជប៉ុន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានសភាពរឹងមាំគួរឲ្យកត់សម្គាល់ជារួមផង ជាក់ស្តែងក្រោយមក ពេលជប៉ុនបានប្រកាសចុះចាញ់សង្គ្រាមលោកលើកទី២ ក៏ដោយក្តី កងទ័ពជប៉ុន ជាពិសេសមេទ័ពរបស់ជប៉ុនជាច្រើន បានសុខចិត្តពះលីខ្លួនមិនត្រឡប់ទៅប្រទេសកំណើតវិញ ដោយការធ្វើអត្តឃាដខ្លួនតាមរយៈការចាក់​ដាវ​សាម៉ូរ៉ៃជាដើម ព្រោះពួកគេនៅតែគិតថា ទឹកដីអាស៊ីអាគ្នេយ៍ គឺជាផ្នែកមួយរបស់ជប៉ុន៕

 

Loading...