Syed Saddiq រដ្ឋមន្ត្រីវ័យក្មេងបំផុតនៅលើលោក កំពុងកាន់តំណែងនៅក្នុងប្រទេសម៉ាឡេស៊ីបច្ចុប្បន្នភាព

Syed Saddiq រដ្ឋមន្ត្រីវ័យក្មេងបំផុតនៅលើលោក កំពុងកាន់តំណែងនៅក្នុងប្រទេសម៉ាឡេស៊ីបច្ចុប្បន្នភាព

ជាទូទៅយើងសង្កេតឃើញថា ក្នុងជួរគណៈរដ្ឋមន្ត្រី ក្នុងជួររដ្ឋាភិបាល ឬរាជរដ្ឋា​ភិបាល​តាមបណ្តាប្រទេសជុំវិញពិភពលោក ភាគច្រើនណាស់គឺតែងតែរើសយក​ចេញ​ពីមនុស្សមានបទពិសោធន៍រាប់ឆ្នាំក្នុងការងារ និងសមត្ថភាពទៅតាមអាយុ មាន​ន័យថាភាគច្រើនគឺអទិភាពចំពោះមនុស្សមានវ័យមធ្យមឡើងទៅ។

តែពេលនេះ មកស្គាល់រដ្ឋមន្ត្រីមួយរូបរបស់ប្រទេសម៉ាឡេស៊ី ដែលកំពុងកាន់តំណែងបច្ចុប្បន្នមានវ័យត្រឹមតែ២៦ឆ្នាំប៉ុណ្ណោះ នោះគឺលោក Syed Saddiq  ។ ​Syed Saddiq bin Syed Abdul Rahman ជាឈ្មោះពេញ ខណៈរូបគាត់បានកើតនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ១៩៩២ បើគិតមកទល់បច្ចុប្បន្នទើបមានអាយុ២៦ឆ្នាំ។ Syed Saddiq   បច្ចុប្បន្នភាព​ជារដ្ឋមន្ត្រីក្រសួង យុវជន និងកីឡា នៃប្រទេសម៉ាឡេស៊ី ដែលទទួលតំណែងនេះនៅឆ្នាំ២០១៨ ក្រោយការបោះឆ្នោតថ្នាក់ជាតិ ខណៈមានប្រមុខរដ្ឋាភិបាលលោក Mahathir bin Mohamad ជានាយករដ្ឋមន្ត្រី មានវ័យ៩៤ឆ្នាំ ហើយក៏ជានាយករដ្ឋមន្ត្រី​មានវ័យចាស់ជាងគេបំផុតលើពិភពលោក។

មិនត្រឹមតែតំណែងជារដ្ឋមន្ត្រីនោះទេ Syed Saddiq   ក៏ជាសមាជិកសភាជាន់ទាប (រដ្ឋសភា) និងជាប្រធានដឹកនាំយុវជន នៃគណបក្សជនជាតិដើមភាគតិចម៉ាឡេស៊ី ឬហៅកាត់ថា  BERSATU ដែលជាសមាសភាពនៃរដ្ឋាភិបាលចម្រុះម៉ាឡេស៊ីសព្វថ្ងៃ។ រូបគាត់គឺជាយុវជនកើតនៅរដ្ឋ Johor Bahru ដែលស្ថិតនៅជាប់ព្រំដែនប្រទេសសិង្ហបុរី ខណៈឪពុករបស់គាត់ក៏ជាអ្នកធ្វើការនៅប្រទេសសិង្ហបុរីផងដែរ មានន័យថា ជារៀងរាល់ថ្ងៃត្រូវធ្វើដំណើរតាមរថយន្តពីប្រទេសម៉ាឡេស៊ី ឆ្លងដែនទៅធ្វើការនៅប្រទេសសិង្ហបុរី។

Loading...

ម្តាយរបស់រដ្ឋមន្ត្រីវ័យក្មេងរូបនេះ គឺជាគ្រូបង្រៀនភាសាអង់គ្លេស ដែលនេះគឺជាកត្តាជំរុញមួយដែលជួយឲ្យ Syed Saddiq   និយាយភាសាអង់គ្លេសបានល្អ។ ពីកុមារភាពជាសិស្សពូកែមួយរូប បានសិក្សារៀនសូត្រនៅសាលាក្នុងរដ្ឋខ្លួន ហើយបន្តចូលសាក​ល​​វិទ្យាល័យរដ្ឋ នៅក្នុងប្រទេសម៉ាឡេស៊ីខ្លួនដដែល។ នៅក្នុងការសិក្សានៅថ្នាក់សាក​ល​វិទ្យាល័យនោះ រូបគាត់បានបង្ករការភ្ញាក់ផ្អើលមួយពោលគឺទទួលបានឳកាសក្នុងការ ឡើងនិយាយ ដោយទទួលបានចំណាត់ថ្នាក់លេខរៀងទី១ (មេដាយមាសកម្រិតអាស៊ីអាគ្នេយ៍) ក្នុងកម្មវិធីប្រកួតប្រជែងក្នុងការនិយាយដែលរៀបចំឡើងដោយការសហការរវាង សហរដ្ឋអាមេរិក និងប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ដោយសារភាពវៃឆ្លាត និងការចូលចិត្តស្រាវជ្រាវច្រើន ព្រមទាំងទទួលបានឳកាសក្នុងការឡើងនិយាយបានល្អឥតខ្ចោះទៀតនោះ រូបគេត្រូវបានទាក់ទងពីខាងគណបក្ស BERSATU ឲ្យចូលរួមជាសហស្ថាបនិកនៃគណបក្សនេះ។ បន្តមកនៅក្នុងឆ្នាំ២០១៧ គាត់ទទួលបានអាហាររូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យកម្រិតពិភពលោក Oxford University ដែលមានទឹកប្រាក់ឧបត្ថម្ភសរុបប្រមាណ ៩៦ ០០០ដុល្លារអាមេរិក ប៉ុន្តែ  Syed Saddiq បានត្រឹមបដិសេធដោយសារតែចង់បន្តកិច្ចការងារក្នុងឆាកនយោបាយ។

មួយឆ្នាំបន្ទាប់ពោលគឺ ២០១៨ រូបគាត់ក៏បានបដិសេធអាហាររូបករណ៍ល្បីឈ្មោះកម្រិតអនុបណ្ឌិតពីសាកលវិទ្យាល័យដ៏ល្បីឈ្មោះនេះដដែល ប៉ុន្តែនៅបន្តការបដិសេធ​សារជាថ្មី ដោយសម្អាងលើមូលហេតុដូចគ្នានេះ។ តែយ៉ាងណា ពុំខកបំណងឡើយ ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ រូបគេត្រូវបានគណបក្ស ជ្រើសរើសឲ្យចូលជាតំណាងរាស្ត្រ ហើយទីបំផុតក៏បានជាប់ឈ្មោះក្នុងរដ្ឋសភាម៉ាឡេស៊ី ហើយក្នុងឆ្នាំនោះដដែល ក៏ត្រូវបានបោះឆ្នោតពីសមាជិកសភាដទៃទៀត ឲ្យឈ្នះលើបេក្ខភាព២រូបផ្សេងទៀត ទទួលបានកៅអីតំណែងរដ្ឋមន្ត្រីក្រសួង យុវជន និងកីឡា ម៉ាឡេស៊ី។

Syed Saddiq ទទួលបានសម្លេងគាំទ្រ៥៣.០៩% ខណៈបេក្ខភាពវ័យចាស់២រូបទៀត ទទួលបានត្រឹម ៣៦.៥៧% និង១០.៣៤% ប៉ុណ្ណោះ។ Syed Saddiq  គឺជារដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី និងជារដ្ឋមន្ត្រីវ័យក្មេងជាងគេលើពិភពលោកបច្ចុប្បន្ន ព្រោះការចូលកាន់តំណែងទើបតែអាយុ២៥ឆ្នាំប៉ុណ្ណោះ៕

Loading...