ម៉ាកូ ប៉ូឡូ៖មគ្គុទេ្ទសដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក្រោយចំណាយពេលស្ទើរមួយជីវិតក្នុងដំណើរផ្សងព្រេងពីអឺរ៉ុប មកអាស៊ី

ម៉ាកូ ប៉ូឡូ៖មគ្គុទេ្ទសដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក្រោយចំណាយពេលស្ទើរមួយជីវិតក្នុងដំណើរផ្សងព្រេងពីអឺរ៉ុប មកអាស៊ី

ម៉ាកូ ប៉ូឡូ (Marco Polo ) គឺជាជនជាតិអឺរ៉ុបដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក្នុង​ផ្នែកភូមិសាស្ត្រពិភពលោក។ រូបគាត់ត្រូវបានចាត់ទុកថាជាអ្នកមានបទពិសោធន៍ ក្នុងការធ្វើដំណើរផ្លូវគោក ពីតំបន់អឺរ៉ុប មួយជុំតំបន់អាស៊ី និងត្រឡប់ទៅអឺរ៉ុបវិញ។ ហើយរូបគាត់ក៏ជាអ្នកបើកផ្លូវឲ្យប្រជាជនអឺរ៉ុប ចាប់ផ្តើមមានចំណាប់អារម្មណ៍មកលើតំបន់អាស៊ីផងដែរ។

សូម្បីតែអ្នកល្បីល្បាញ ខាងរុករកនាសម័យកាលបុរាណជាច្រើនដូចជា គ្រីស្តុប កូឡុំប៊ូស ( Christonpher Columbus ) ជាដើម ក៏សុទ្ធសឹងសម្អាងលើទិន្នន័យ ឬការ​បកស្រាយបំភ្លឺលើកត្តាភូមិសាស្ត្ររបស់គាត់ផងដែរ។ ម៉ាកូ ប៉ូឡូ កើតនៅឆ្នាំ១២៥៥ នៅចក្រភពវៃណៃ (ចក្រភពមួយនាតំបន់អឺរ៉ុបនាសម័យកាលនោះ)។ ឪពុកម្តាយ របស់​គាត់គឺជាអ្នកជំនួញផ្លូវឆ្ងាយ។ ពីកុមារភាព ម៉ាកូ ប៉ូឡូ ជាអ្នកចូលចិត្តរៀនសូត្រខាងជំនាញភាសា។ នៅក្នុងអាយុ១៧ឆ្នាំ រូបគាត់ក៏បានធ្វើដំណើរជាមួយម្តាយឪពុក ទៅកាន់ប្រទេសចិន ហើយក៏បានឆ្លងកាត់តំបន់ជាច្រើន ដោយរួមមានទឹកដីប្រទេសអាមេនៀបច្ចុប្បន្ន ប្រទេសអឺរ៉ង់បច្ចុប្បន្ន ចូលទៅតំបន់សមុទ្រពែក ចូលទៅកាន់ប្រទេសមួយចំនួនតំបន់អាស៊ីកណ្តាល ហើយបានបញ្ចប់គោលដៅចុងក្រោយ បានទៅដល់រាជធានីប្រទេសចិន។

សម័យកាលនោះប្រទេសចិន គឺស្ថិតនៅក្រោមឥទ្ធិពលរបស់ស្តេចម៉ុងហ្គោល និងត្រូវបានដឹកនាំដោយស្តេច កូបឡៃ ខាន់ ។ ដោយសារតែទេពកោសល្យខាងផ្នែកភាសា ម៉ាកូ ប៉ូឡូ ក៏មានឳកាសជួបស្តេចម៉ុងហ្គោល ដែលសោយរាជ្យលើទឹកចិននេះ។ មិនយូរប៉ុន្មានដោយសារពេញចិត្តសមត្ថភាព ត្រឹមឆ្នាំ១២៧៧ (២ឆ្នាំបន្ទាប់ពីទៅដល់) ស្តេច កូបឡៃ ខាន់ បានតែងតាំង ម៉ាកូ ប៉ូឡូ ដែលជាជនជាតិអឺរ៉ុបឲ្យធ្វើជាមន្ត្រីរាជការរបស់ខ្លួន។ គាត់បានកាន់តំណែងជាអគ្គរាជទូត និងអភិបាលក្រុង យ៉ាងចូវ ។

Loading...

ក្នុងមុខតំណែងនោះ គឺរូបគាត់បានឆ្លៀតឳកាសសិក្សាអំពីស្ថានភាពភូមិសាស្ត្រប្រទេស​​ជប៉ុន ឧបទ្វីបកូរ៉េ ឥណ្ឌា រួមទាំងភូមិសាស្ត្រម៉ុងហ្គោល ថែមទៀត ខណៈតួនាទីទាំងនេះកាន់តែធ្វើឲ្យស្តេច កូបឡៃ ខាន់ ពេញចិត្តជាខ្លាំងឡើងៗ។ ក្រោយចំណាយពេល​១៧ឆ្នាំនៅប្រទេសចិន ចន្លោះនោះ ម៉ាកូ ប៉ូឡូ ក៏ធ្លាប់បានសុំចាកចេញមកប្រទេស​កំណើតវិញជារឿយៗ ផងដែរ ប៉ុន្តែតែងតែត្រូវបដិសេធដោយស្តេចម៉ុងហ្គោល​ជានិច្ច ទីបំផុតរហូតដល់ឆ្នាំ១២៩២ ទើបមានឳកាសវិលត្រឡប់មកវិញ ប៉ុន្តែក៏ដោយសារតែរូបគាត់អ្នកជំនាញខាងភូមិសាស្ត្រ និងភាសា ក៏ត្រូវបានស្តេច កូប៊ីឡៃ ខាន់ ជ្រើសរើសជាអ្នកនាំដំណើរម្ចាស់ក្សត្រិយ៍មួយរូប ទៅប្រទានឲ្យអភិសេកជាមួយចៅប្រុសរបស់ទ្រង់ដែលកំពុងដាក់ឲ្យសោយរាជ្យនៅទឹកដីអាណាចក្រពែក (ប្រទេសអឺរ៉ង់បច្ចុប្បន្ន) ។

ក្រោយបញ្ចប់ភារកិច្ច ស្របពេលស្តេច កូបឡៃ ខាន់ ក៏សោយទីវង្គត់ផងនោះ ម៉ាកូ ប៉ូឡូ ក៏បានវិលត្រឡប់មកប្រទេសកំណើតវិញ​ក្រោយបែកចេញប្រមាណជិត២០ឆ្នាំ។ ការវិលត្រឡប់មកវិញនេះហើយ បានធ្វើឲ្យគាត់ក្លាយជាមគ្គុទ្ទេសដ៏ល្បីល្បាញ ពីព្រោះរូបគាត់តែងតែរៀបរាប់ពីដំណើររឿង ទំនៀមទម្លាប់ ប្រពៃណី សាសនា របៀបរស់នៅ និងជាពិសេសនោះគឺ ភូមិសាស្ត្រ ព្រៃភ្នំ ជួរភ្នំ ផ្លូវឆ្លងកាត់ ទន្លេ សមុទ្រ.... នៅតំបន់អាស៊ីជាច្រើនកន្លែងទៅឲ្យពួកអឺរ៉ុបបានដឹង។ មានអ្នកនិពន្ធ និងអ្នកកត់ត្រាជាច្រើនតាមសូមការណែនាំពីរូបលោក និងបានយកទៅបោះពុម្ពផ្សាយបន្តស្នាដៃរបស់លោករាប់មិនអស់។ ទាំងអស់នេះហើយជាមូលហេតុធ្វើឲ្យ ពួកអឺរ៉ុបចាប់ផ្តើមបើកផ្លូវ និងការរុករករបស់ខ្លួនទៅកាន់អាស៊ីនាសម័យក្រោយ ម៉ាកូ ប៉ូឡូ បានស្លាប់ទៅ៕

Loading...