គួរឱ្យអាណិតក្តុកក្តួលចំពោះសិស្សនិទ្ទេស  A  ក្រុងតាខ្មៅក្រោយពេលទទួលរង្វាន់ «ថ្ងៃនេះកូនបានសម្រេចបំណងប្រាថ្នារបស់ប៉ាហើយ ​តែគ្មានវត្តមានប៉ាទៀតទេ »

គួរឱ្យអាណិតក្តុកក្តួលចំពោះសិស្សនិទ្ទេស A ក្រុងតាខ្មៅក្រោយពេលទទួលរង្វាន់ «ថ្ងៃនេះកូនបានសម្រេចបំណងប្រាថ្នារបស់ប៉ាហើយ ​តែគ្មានវត្តមានប៉ាទៀតទេ »

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី  ០៧ ​ខែតុលា ​ឆ្នាំ ​២០១៩ ​នេះសម្ដេចតេជោ ហ៊ុន សែន អញ្ជើញផ្ដល់កិត្តិយសប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស (A) ប្រចាំឆ្នាំ ២០១៩ ចំនួន៤៤៣នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល, សៀវភៅអប់រំទូន្មាន២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) , iPad ម្នាក់មួយគ្រឿង ដែលជាអំណោយរបស់ក្រុម ហ៊ុន ជីប ម៉ុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ និងប្រាក់កាក់មាស ដែលជាព្រះរាជអំណោយរបស់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងម្នាក់ទទួលបាន១ផងដែរ។

នៅក្នុងចំណោមសិស្សទាំងអស់ ដោយសារតែចំនួនអ្នកទទួលច្រើនពេក សម្តេចតេជោ បានអញ្ជើញផ្តល់កិត្តិយសប្រគល់រង្វាន់លើកទឹកចិត្តដោយផ្ទាល់បាន៧នាក់ប៉ុណ្ណោះ  ដោយក្នុងចំណោមនោះ យុវសិស្សស្រីនិទ្ទេសA មួយរូបត្រូវបានសម្តេចចាប់អារម្មណ៍ និងសម្តែងក្តីអាណិតជាងគេ ​ថែមទាំងអនុញ្ញាតិឱ្យឡើងទទួលរង្វាន់មុនគេ ព្រោះតែប្រញាប់ត្រលប់ទៅវិញ ដើម្បីបូជាសពឪពុកនៅស្រុកកំណើត។

ដោយបំណងធំរបស់យុវតីមួយនេះនេះ ដោយសារតែឪពុករបស់ប្អូនដែលទើបតែទទួលមរណភាពចង់ឱ្យកូនស្រីបានជួបសម្តេច និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេច តែគួរឱ្យសោកស្តាយបំផុតគាត់មិនបានមើលឃើញរូបថតនោះទេ។

តាមរយៈគណនីហ្វេសប៊ុកសិស្សនិទ្ទេស  A  ឈ្មោះ ​Heng  Ly  បានសរសេរសារមួយយ៉ាងក្តុកក្តួលថា៖ ​« ថ្ងៃនេះ កូនបានសម្រេចបំណងប្រាថ្នារបស់ប៉ាហើយ នាងខ្ញុំសូមថ្លែងអំណរគុណ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែន យ៉ាងជ្រាលជ្រៅ បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកឪពុកនាងខ្ញុំឈ្មោះ តែ ឆផេង អាយុ៤៩ឆ្នាំដោយរោគាពាធ ដោយសម្តេចបានជូនជាថវិការចំនួន ៥ ០០០ ០០០រៀលនិងជួយបំពេញបំណងចុងក្រោយដែលអនុញ្ញាតឱ្យរូបនាងខ្ញុំផ្ទាល់បានថតជាមួយសម្តេច ហើយសម្ដេចថែមទាំងចាត់ឱ្យអង្គរក្សជូននាងខ្ញុំចេញមកផ្ទះមុនដោយសុវត្ថិភាពទៀតផងនេះពិតដែលជាកិត្តិយសដ៏ក្រៃលែង។

សូមឱ្យប៉ាបានទៅកាន់សុគតិភព រួចចាកផុតទុក្ខទាំងឡាយឱ្យប៉ាបានទៅដោយស្ងប់ចិត្ត ព្រោះប៉ាបានខិតខំចិញ្ចឹម បីបាច់ថែរក្សាកូន ផ្គត់ផ្គង់ការហូបចុកស្នាក់នៅ ការសិក្សារៀនសូត្រ ប្រកបដោយព្រហ្មវិហារធម៌ទាំងបួន ព្រមជាមួយការអប់រំទូន្មានរបស់ប៉ាដែលជំរុញឱ្យរូបកូនមានថ្ងៃនេះ ប៉ាបានបំពេញតួនាទីជាឪពុកដ៏ល្អមួយរូប តែពេលនេះប៉ាបានចាកចេញទៅកាន់លោកខាងមុខហើយ សូមឱ្យប៉ាទៅដោយមានសេចក្តីស្ងប់សុខចុះ។

Loading...

នាងខ្ញុំនិង ក្រុមគ្រួសារសូមជូនពរដល់សម្តេចឱ្យជួបតែ ពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លាងឃ្លៀតឡើយ។ នាងខ្ញុំនិងក្រុមគ្រួសារក៏សូមអរគុណទៅដល់ ញាតិមិត្ត បងប្អូន លោកនាយក លោកគ្រូ អ្នកគ្រូ មិត្តភក្តិទាំងអស់ដែលបានចូលរួមពិធីបុណ្យសពប៉ារបស់នាងខ្ញុំ»។

យើងខ្ញុំក្រុមការងារ ​Sad  Life  សូមសម្តែងសមានទុក្ខជាមួយក្រុមគ្រួសារក្មួយស្រីពីចំងាយ  និងសម្តែងក្តីកោតសរសើរ រួមទាំងកាតញ្ញូតធម៌ដែលមានចំពោះឪពុករបស់ខ្លួន  ដោយប្អូនស្រីម្នាក់នេះត្រូវបានស្គាល់ឈ្មោះថា តែ ហេងលី ជាសិស្សពូកែរៀននៅសាលាសុវណ្ណភូមិ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល៕

រក្សាសិទ្ធ៖ ​Sad Life

 

Loading...