ពាក្យបណ្តាំចុងក្រោយរបស់ Steve Jobs មុនពេលស្លាប់ ​ស្តាប់ហើយភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ

ពាក្យបណ្តាំចុងក្រោយរបស់ Steve Jobs មុនពេលស្លាប់ ​ស្តាប់ហើយភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ

អ្នកណាៗក៏ស្គាល់ដែរថាលោក Steve Jobs ​គឺជាបិតាស្ថាបិកនៃផលិតផល ​Apple  ដែលជាអ្នកត្រួសត្រាយផ្លូវឱ្យរាល់ផលិតផល ​Apple  ឈានមុខលើសគេលើពិភពលោកផងដែរ។ ក្រោយពីសាងស្នាដៃនៅក្នុងការផលិតផលិតផលជាច្រើន  ជាអកុសលលោកក៏បានទទួលអនិច្ចកម្មទៅដោយរាគាពាធ  ដែលធ្វើឱ្យគ្រប់គ្នាស្តាយស្រណោះលោកយ៉ាងខ្លាំង។

ទោះជាយ៉ាងណាមុននឹងស្លាប់  លោក  Steve  Jobs  ក៏បានបន្សល់ពាក្យពេចន៍ដ៏មានតម្លៃជាច្រើនសម្រាប់អ្នកធ្វើការរកស៊ីផងដែរ ​ដូច្នេះចង់ថាពាក្យបណ្តាំងទាំងនោះមានអត្ថន័យគួរឱ្យយកគម្រូតាមយ៉ាងណាសូមទស្សនាខាងក្រោមនេះ៖

#ពាក្យចុងក្រោយរបស់ Steve Jobs

ខ្ញុំបានឈានមកដល់ចំណុចកំពូលនៃភាពជោគជ័យក្នុងពិភពជំនួញ។ នៅក្នុងក្រសែភ្នែកអ្នកដទៃ ជីវិតរបស់ខ្ញុំជាគំរូមួយនៃភាពជោគជ័យ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រៅពីជីវិតការងារ ខ្ញុំមានសេចក្តីសុខតិចតួចប៉ុណ្ណោះនៅក្នុងជីវិត។ ហើយនៅទីបញ្ចប់ ទ្រព្យសម្បត្តិគឺគ្រាន់តែជាការពិតមួយនៃជីវិតដែលខ្ញុំបានកំណត់ទុករហូតមក។

ក្នុងខណៈពេលនេះ ខ្ញុំកំពុងទម្រេតខ្លួននៅលើគ្រែអ្នកជម្ងឺ ហើយរំលឹកពីជីវិតរបស់ខ្ញុំទាំងមូលឡើងវិញ។ ខ្ញុំភ្ញាក់រឮកថា រាល់ភាពទទួលស្គាល់ពីអ្នកដ៏ទៃ និង ទ្រព្យសម្បត្តិទាំងអស់ ដែលខ្ញុំតែងមានមោទនភាពខ្លាំងបំផុតកន្លងមក បានសាបរលាបបន្តិចម្តងៗ ហើយ ប្រែជាខ្សោះអស់ន័យ នៅចំពោះមុខសេចក្តីមរណៈដែលកំពុងតែកើតមានឡើងខាងមុខនេះ។

នៅក្នុងស្បៃអន្ធការដ៏ខ្មៅងងឹត ភ្នែកទាំងគូរបស់ខ្ញុំសម្លឹងមើលទៅកាន់ភ្លើងពណ៌បៃតងពីជ្រុងម្ខាងនៃម៉ាសុីនទ្រាំទ្រជីវិត ហើយឮស្នូររហ៊ឹមៗ នៃរលកសំឡេងមេកានិច។ ខ្ញុំមានអារម្មណ៍ថា ដង្ហើមនៃយមរាជកាន់តែខិតមកជិតដល់ហើយ។

ឥឡូវនេះទើបខ្ញុំដឹងថា នៅពេលដែលយើងរកបានទ្រព្យសម្បត្ដិសមល្មមនឹងបន្តជីវិតរស់នៅហើយនោះ យើងគួរតែបន្តស្វះស្វែងរករបស់ផ្សេងទៀតដែលមិនទាក់ទងទៅនឹងភោគសម្បត្ដិទាំងនោះ ...គួរតែជាអ្វីមួយដែលសំខាន់ជាងហ្នឹង...ប្រហែលជាទំនាក់ទំនងស្នេហា, សិល្បៈ, ឬមួយជាក្តីសុបិន្តដែលយើងមានពីវ័យក្មេងមក។

ការប្រមាញ់រកទ្រព្យសម្បត្តិមិនចេះឆ្អែតឆ្អន់ គឺមានតែអូសទាញមនុស្សឲ្យធ្លាក់ខ្លួនចូលទៅក្នុងភាពអន្តរាយទ្រុឌទ្រោមនៃសុខភាពដូចជាខ្ញុំប៉ុណ្ណោះឯង។ ព្រះជាម្ចាស់បានប្រទានឲ្យយើងនូវសតិសម្បជញ្ញៈ ដើម្បីឱ្យយើងមានសេចក្ដីស្រឡាញ់នៅក្នុងបេះដូងរបស់មនុស្សរាល់គ្នា មិនមែនជាការបំភ័ន្តដែលបង្ករឡើងដោយទ្រព្យសម្បត្តិនោះទេ។

ទ្រព្យសម្បត្តិដែលខ្ញុំមានទាំងប៉ុន្មានក្នុងជីវិត ខ្ញុំមិនអាចនាំយកជាប់ខ្លួនរហូតទេ។ អ្វីដែលខ្ញុំអាចយកទៅជាមួយបានគឺមានតែអនុស្សាវរីយ៍ ឬ ការចងចាំដែលបានមកឱ្យដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ។ នោះហើយគឺជាទ្រព្យសម្បត្ដិដ៏ពិតប្រាកដដែលនឹងនៅជាមួយអ្នក, អមដំណើរអ្នក, ហើយឱ្យកម្លាំងដល់អ្នក និងជាពន្លឺបំភ្លឺអ្នកឲ្យបន្តដំណើរទៅមុខទៀត។

Loading...

សេចក្ដីស្រឡាញ់អាចធ្វើដំណើរបានរាប់ពាន់យោជន៍។ ជីវិតគ្មានដែនកំណត់នោះទេ។ ចូរទៅកន្លែងដែលអ្នកចង់ទៅ។ ឡើងឲ្យដល់កម្ពស់ដែលអ្នកចង់ឈានទៅដល់។ អ្វីទាំងអស់គឺស្ថិតនៅក្នុងបេះដូង និងកណ្តាប់ដៃរបស់អ្នកហើយ។

តើគ្រែអ្វីដែលជាគ្រែដ៏មានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក?

- នោះគឺ "គ្រែអ្នកជំងឺ"...

អ្នកអាចជួលនរណាម្នាក់ឲ្យបើករថយន្តឲ្យអ្នក, ឱ្យរកប្រាក់សម្រាប់អ្នក, ប៉ុន្តែអ្នកមិនអាចជួលនរណាម្នាក់ឲ្យមកឈឺជំនួសអ្នកទេ។

ទ្រព្យសម្បត្ដិដែលបាត់បង់ទៅហើយអាចរកមកវិញបាន។ប៉ុន្តែមានរបស់ម្យ៉ាងក្នុងលោកយើងនេះដែលយើងគ្មានថ្ងៃរកវាមកវិញបានទេនៅពេលដែលវាបាត់បង់

- នោះគឺជា "ជីវិត" ។

នៅពេលដែលមនុស្សម្នាក់ចូលទៅក្នុងបន្ទប់វះកាត់ គេនឹងភ្ញាក់ខ្លួនថានៅមានសៀវភៅមួយក្បាលដែលគេមិនទាន់បានអានចប់- នោះគឺជា "សៀវភៅនៃជិវិតដ៏មានសុខភាពល្អ" ។

មិនថាឈុតឆាកមួយណានៃជីវិតដែលយើងកំពុងតែស្ថិតនៅឥឡូវនេះទេ, ជាមួយនឹងពេលវេលា យើងនឹងប្រឈមមុខនូវថ្ងៃមួយដែលវាំងននជីវិតរបស់យើងបិទធ្លាក់ចុះមកក្រោមជាមិនខាន។

ដូច្នេះ ចូរសាងកំណប់ស្នេហ៍សម្រាប់ក្រុមគ្រួសារអ្នក, ស្នេហាដ៏បរិសុទ្ធសម្រាប់ដៃគូរជីវិតរបស់អ្នក, និង សេចក្ដីស្រឡាញ់ចំពោះមិត្តភក្តិរបស់អ្នក ...

"មើលថែខ្លួនឯងឲ្យបានល្អ... ...ស្រឡាញ់មនុស្សជុំវិញខ្លួនឲ្យបានច្រើន"

អត្ថបទដកស្រង់ពី៖ បកប្រែដោយ ញ៉ូវ សុរ៉ាមី

Loading...