ក្រុងប៉េកាំងឈឺក្បាល បន្ទាប់ពីលោកស្រីត្សៃ អ៊ីងវេនជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ជាលើកទី២ភ្លាម!

ក្រុងប៉េកាំងឈឺក្បាល បន្ទាប់ពីលោកស្រីត្សៃ អ៊ីងវេនជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ជាលើកទី២ភ្លាម!

លទ្ធផល​បណ្តោះអាសន្ន​របស់​គណៈកម្មការ​បោះឆ្នោត​តៃវ៉ាន់​បង្ហាញ​ថា លោកស្រី ត្សៃ អ៊ីងវេន​បាន​ទទួល សំឡេង​គាំទ្រ ចំនួន ៥៧​ភាគរយ ចំណែក បេក្ខជន​ដែល​មាននិន្នាការ​ចង់​ខិតចូល​ជិត​ទីក្រុង​ប៉េកាំង បាន​ទទួល​សំឡេង​គាំទ្រ តែ ៣៨ភាគរយ​ប៉ុណ្ណោះ។ លោកស្រី ត្សៃ អ៊ីងវេន មកពី​គណបក្ស​កាន់អំណាច​ប្រកាស ជ័យជំនះ​របស់ខ្លួននៅទីស្នាក់ការ ក្នុងទីក្រុង​តៃប៉ិ លោកស្រី ត្សៃ អ៊ីងវេន បាន​និយាយ​ថា “ តៃវ៉ាន់​កំពុង​បង្ហាញដល់​ពិភពលោក ឲ្យ​ឃើញថា តើ​តៃវ៉ាន់ ស្រឡាញ់​សេរីភាព លទ្ធិប្រជាធិបតេយ្យ របៀប​រស់នៅ និង​ជាតិ​តៃវ៉ាន់ ប៉ុណ្ណា” ។

រដ្ឋអំណាចទីក្រុងប៉េកាំង មិនចង់ឃើញលោកស្រី ត្សៃ អ៊ីងវេនទទួលជ័យជំនះនោះទេ ដោយហេតុតែលោកស្រី​មាន​ជំហរ ប្រឆាំង​គោលការណ៍ ចិន​តែ​មួយ។

នៅ​ថ្ងៃសៅរ៍ លោកស្រី​ត្សៃ អ៊ីងវេន​បាន​និយាយ​ដែរ​ថា លោកស្រី​នឹង​ចរចា ជាមួយ មេដឹកនាំ​ប្រទេស​ចិន និង​ថា លោកស្រី ចង់​បាន​សន្តិភាព។ ប៉ុន្តែ លោកស្រី​ត្សៃ បាន​ព្រមានប្រាប់​ផងដែរ ឲ្យទីក្រុង​ប៉េកាំងឈប់ ប្រើ​កម្លាំង​យោធា ដើម្បី​គំរាមគំហែង បំផិតបំភ័យ​តៃវ៉ាន់ និង​ត្រូវ​គោរព​ដល់​គំនិតដែលថា គឺ ប្រជាជន​តៃវ៉ាន់ ទាំង​២៣លាននាក់ ដែល​ជាអ្នកសម្រេច​ចិត្ត​លើ​ជោគវាសនា​របស់​តៃវ៉ាន់។ “ ខ្ញុំសង្ឃឹមដែរថា អាជ្ញាធរ​ប៉េកាំង​នឹង​យល់​ថា ប្រជាធិបតេយ្យ​នៅតៃវ៉ាន់ និង​រដ្ឋាភិបាល​ថ្មី ដែល​កើត​ចេញពី​ការបោះឆ្នោត​តាមបែបប្រជាធិបតេយ្យ នឹង​មិន​ចុះចាញ់ ចុះញ៉ម នឹង​ការគំរាមកំហែង និង​ការបំភិតបំភ័យ​នោះទេ” នេះ​ជា​ប្រសាសន៍​របស់​លោកស្រីប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់។

Loading...

ការបោះឆ្នោត គាំទ្រ ឲ្យ​លោកស្រីត្សៃ អ៊ីងវេន​ដឹកនាំ​តៃវ៉ាន់ មួយ​អាណត្តិ​បន្តទៀត មានន័យថា អ្នកបោះឆ្នោត តៃវ៉ាន់ មិន​ចុះញ៉ម​នឹង​ការបំភិតបំភ័យ របស់​ប្រទេស​ចិន។ នៅពេលនេះ គេ​នៅ​រង់ចាំ​មើល​ប្រតិកម្ម​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ថា តើ​ចិន​នឹង​ប្រើ​នយោបាយ​ស្រទន់ ជាមួយ​តៃវ៉ាន់ ឬ​ក៏​ត្រូវពង្រឹង​នយោបាយ ដាក់សម្ពាធ ទាំង​ផ្លូវ​សេដ្ឋកិច្ច ការទូត និង​យោធា បន្តទៅទៀត៕

Loading...