ស្អាតហើយឆ្លាតទៀត! នាងតូចទើបតែ ៨ឆ្នាំសោះ មានសមត្ថភាពវាយស្គរយ៉ាងស្ទាត់ជំនាញ មិនចាញ់អ្នកអាជីព (មានវីដេអូ)

ស្អាតហើយឆ្លាតទៀត! នាងតូចទើបតែ ៨ឆ្នាំសោះ មានសមត្ថភាពវាយស្គរយ៉ាងស្ទាត់ជំនាញ មិនចាញ់អ្នកអាជីព (មានវីដេអូ)

ជប៉ុន៖ កុមារីវ័យទើបតែ ៨ឆ្នាំ ជនជាតិជប៉ុនម្នាក់ កាលពីថ្មីៗនេះ បានសាងភាពភ្ញាក់ផ្អើល នៅលើបណ្តាញសង្គម បន្ទាប់ពីនាងតូចរូបនេះ បានបង្ហាញសមត្ថភាពយ៉ាងពិសេសមួយ តាមរយៈការវាយស្គរយ៉ាងស្ទាត់ជំនាញ ហាក់មិនចាញ់ទៅនឹងអ្នកអាជីព។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កុមារី Yoyoko Soma បច្ចុប្បន្នមានអាយុ ៨ឆ្នាំ ត្រូវបានគេស្គាល់ថា ជាក្មេងស្រីម្នាក់ដែលមានទេពកោសល្យសមត្ថភាពទាំងវ័យក្មេង អាចលេងឧបករណ៍តន្រ្តី វាយស្គរ បានយ៉ាងស្ទាត់ជំនាញ និងទាក់ទាញចិត្តយ៉ាងខ្លាំង។

កុមារី Yoyoko Soma កើតចេញពីត្រកូលគ្រួសារតន្រ្តីករ ដែលជាហេតុធ្វើឲ្យនាងចាប់ចិត្ត ស្រលាញ់ទៅនឹងសិល្បៈមួយនេះតាមគ្រួសារ ម្យ៉ាងគួបផ្សំនឹងការមានដុងពីធម្មជាតិផងនោះ ទើបធ្វើឲ្យក្មេងស្រីដ៏គួរឲ្យស្រលាញ់រូបនេះ ងាយនឹងឆាប់ចាប់បាន និងលេងតន្រ្តីបានយ៉ាងល្អ។

នៅអាយុ២ឆ្នាំ Soma នាងអាចមានសមត្ថភាពលេងឧបករណ៍តន្រ្តី (សម្រាប់កូនក្មេង) បាត់ទៅហើយ។ ហើយនៅអាយុ៤ឆ្នាំ នាងក៏បានចាប់ផ្តើមសម្ដែង (លេងតន្រ្តី) នៅក្នុងការប្រគំតន្រ្តីតែម្តង។ ក្រោយមកនៅពេលដែលនាង មានអាយុ៥ឆ្នាំ គ្រួសាររបស់នាង ថែមទាំងបានបង្កើតក្រុមគ្រួសារតន្រ្តី (Family Band) ដោយដាក់ឈ្មោះថា «Kaneaiyoyoka» ដែលនៅគ្រានោះ ពួកគេក៏បានចេញនូវអាល់ប៊ុមខ្លួនឯងបានចំនួន២ផងដែរ។

យ៉ាងណាមិញ នាពេលថ្មីៗនេះវិញ កាន់តែភ្ញាក់ផ្អើល បន្ទាប់ពីក្មេងស្រីដ៏វៃឆ្លាត និងគួរឲ្យស្រលាញ់រូបនេះ បានលេងឧបករណ៍តន្រ្តី វាយស្គរយ៉ាងស្ទាត់ជំនាញ ជាមួយនឹងការលេងទឹកមុខយ៉ាងក្រមិចក្រមើម តាមរយៈការ Cover តាមបទចម្រៀងមួយបទ «Good Time Bad Times» របស់ក្រុមចម្រៀង Led Zeppelin ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមជាច្រើន ទៅលើសមត្ថភាពទេពកោសល្យ យ៉ាងរស់រវើកនិងប៉ិនប្រសប់របស់នាង។

ទស្សនាវីដេអូខាងក្រោម៖

 

ជាចុងក្រោយ ក្មេងស្រីវៃឆ្លាត និងមានមហិច្ឆតាខ្ពស់រូបនេះ បាននិយាយថា៖

«ក្នុងនាមជាអ្នកវាយស្គរម្នាក់ ខ្ញុំពិតជារីករាយជាមួយនឹងសូរតន្រ្តី និងមានការប្រុងប្រយ័ត្នបំផុត ក្នុងការស្តាប់ការស្រែកច្រៀងរបស់អ្នកចម្រៀង។ ក្តីសុបិនរបស់ខ្ញុំ គឺខ្ញុំចង់ក្លាយខ្លួនជាអ្នកវាយស្គរដ៏ល្អ និងលេចធ្លោបំផុតម្នាក់ នៅក្នុងពិភពលោក។

Loading...

លើសពីនេះទៅទៀត ខ្ញុំក៏ចង់ក្លាយជាសិល្បករមួយរូប ដែលមានសមត្ថភាពអាចធ្វើអ្វីៗបានគ្រប់យ៉ាង ទាំងការលេងឧបករណ៍តន្រ្តី ការថតសំឡេង ការ Mix សំឡេង និងរួមទាំងការឌីហ្សាញគ្របអាល់ប៊ុមស៊ីឌី (ឬសំបកឌីស) ជាដើម។

ដូចនៅពេលនេះយ៉ាងអីចឹង ខ្ញុំកំពុងតែរៀនថ្នាក់សន្ទនាភាសាអង់គ្លេស ដើម្បីសម្លឹងមើលទីផ្សារ ឬសកម្មភាពរបស់ខ្ញុំដែលនឹងត្រូវបន្តធ្វើ នៅឯក្រៅប្រទេសផងដែរ។ ជាការពិតណាស់ ខ្ញុំចង់បង្កើតមិត្តជាមួយនឹងមនុស្សជាច្រើន នៅជុំវិញពិភពលោក តាមរយៈសកម្មភាពតន្រ្តីរបស់ខ្ញុំនេះខ្លាំងណាស់» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូវាយស្គរបន្ថែមទៀត ពីកុមារី Yoyoko Soma ខាងក្រោមនេះ៖  

 

 

 

 

Loading...