ប្រវត្តិ និង​ជំនឿ​ផ្សេងៗ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខ្មែរយើងតាំងពីដើមរៀងមកដែលគួយល់ដឹង!!!

ប្រវត្តិ និង​ជំនឿ​ផ្សេងៗ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខ្មែរយើងតាំងពីដើមរៀងមកដែលគួយល់ដឹង!!!

ភ្នំពេញៈយោងតាម​ឯកសារ​របស់​លោក​ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ អតីត​សមាជិក​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​នៃ​ពុទ្ធសាសនបណ្ឌិត្យ នឹង​បង្ហាញ​ឲ្យ​ដឹង​ថា តើ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ប្រភព​មកពី​ណា គេ​ត្រូវ​ធ្វើ​ដើម្បី​អ្វី ហើយ​នៅក្នុង​រយៈពេល​នៃ​ការ​រៀបចំ​ពិធី​នេះ​តើ​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​ធ្វើ​អ្វី​ខ្លះ​នោះ​?

បុណ្យ​ភ្ជុំបិណ្ឌ ជា​បុណ្យ​សាសនា​ប្រពៃណី​ដែល​ធំ​ជាង​គេ​មួយ​របស់​ប្រជាជន​ខ្មែរ​យើង​។ បុណ្យ​នេះ មាន​លក្ខណៈ​ជា​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ​ដល់​បុព្វបុរស ញាតិសន្ដាន ដែល​ធ្វើ​មរណកាល​ទៅ និង​ជា​ពិធី​ជួបជុំ​គ្នា​នៃ​ញាតិសន្ដាន សាច់ញាតិ​ទាំងអស់​ដែល​នៅ​ទី​ឆ្ងាយ​។ ពិសេស​នោះ​គឺជា​បុណ្យ​នៃ​ការ​ចែករំលែក​ជួយ​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំវស្សា ដែល​ព្រះសង្ឃ​ត្រូវការ​ទាំង​ចង្ហាន់ និង​បច្ច័យ​ផង​នោះ​។

 

ប្រវត្ដិ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

 

បុណ្យ​ភ្ជុំបិណ្ឌ ជា​បុណ្យ​ដ៏សំខាន់​មួយ​ដែល​ប្រារឰ​ធ្វើ​ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ជា​រៀងរាល់​ឆ្នាំ ត្រូវ​នឹង​ខែ​កញ្ញា ឬ​តុលា។ រីឯ​ថ្ងៃ​១៥​រោច​ហៅថា​ភ្ជុំបិណ្ឌ។ ក្នុង​រយៈពេល​ភ្ជុំបិណ្ឌ​នេះ ចាស់ៗ​បាន​លះបង់​ផ្ទះសម្បែង កូនចៅ ទៅ​នៅ​វត្ដ សមាទានសីល​៥ ចាំ​សីល​៨ បម្រើ​ព្រះសង្ឃ​សម្អាត​ទី​អារាម។ ចំណែកឯ

 

ប្រជាពលរដ្ឋ​វិញ បាន​ចែក​វេន​គ្នា ជា​វេន​ចំនួន​១៥​ថ្ងៃ ឬ​បិណ្ឌ។ ក្នុង​បិណ្ឌ​នីមួយៗ គេ​តែង​ធ្វើ​ដូចជា ពេល​យប់​ជួបជុំ​ពុទ្ធបរិស័ទ ប្រគេន ភេសជ្ជៈ​ចំពោះ​ព្រះសង្ឃ និង​ជូន​ចំពោះ​ចាស់​ព្រឹទ្ធាចារ្យ នមស្ការ គោរព​ព្រះរតនត្រ័យ និមន្ដព្រះសង្ឃ​ចម្រើន​ព្រះបរិត្ដ និង​សម្ដែង​ធម៌ទេសនា។

ពេល​ព្រឹក​ប្រគេន​អាហារ ចំពោះ​ព្រះសង្ឃ​ឧទ្ទិសកុសល​ជូន​ចំពោះ​វិញ្ញាណ​ក្ខន្ធ បុព្វការីជន ដែល​ធ្វើ​មរណកាល​ទៅ​ហើយ​នោះ។

ទាក់ទិន​ទៅ​នឹង​ប្រវត្ដិ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដែរ បើ​តាម គម្ពីរ​លោកុត្តរសូត្រ បាន​បរិយាយ​ថា ព្រះបាទ​ពិម្ពិសារ​មាន​ញាតិ​មួយ​ក្រុម បាន​បំពេញ​ទាន​មិន​បរិសុទ្ធ គឺ​ស៊ីបាយ​មុន​លោក ពេល​លាចាក​ខាង​មុខ ក៏​កើត​ជា​«ប្រេត» ។ លុះ​ដល់​ព្រះសម្ពុទ្ធ ព្រះនាម​កុក្ក បាន​ត្រាស់​ដឹង​ឡើង​ក្នុង​លោក ពួក​ប្រេត​ទាំងនោះ​ទៅ​សួរ​ព្រះ​ថា ចុះ​យើង​ខ្ញុំ​កាលណា​បាន​អាហារ​បរិភោគ?

 

ព្រះពុទ្ធ​ត្រាស់​ថា ចាំ​សួរ​ព្រះពុទ្ធ​ជាន់​ក្រោយ​ចុះ ក្នុង​សាសនា​តថាគត អ្នក​ទាំងឡាយ​នឹង​បាន​អាហារ​បរិភោគ។ លុះ​ដល់​ព្រះពុទ្ធ​នាម នាគមនោ ក៏​បាន​ត្រាស់​ដូច​ព្រះពុទ្ធ​មុន​ទៀត ដល់​ពុទ្ធកាល​ព្រះកស្សបោ ក៏​ត្រាស់​ប្រាប់​ដូចនេះ​ទៀត ទើប​តែ​ដល់​ព្រះសមណគោតម​ត្រាស់​ដឹង ទ្រង់​បាន​ត្រាស់​ថា ចាំ​មើល​ព្រះបាទ​ពិម្ពិសារ ជា​ញាតិ​របស់​អ្នក​ទាំងឡាយ​ហើយ។

លុះ​ពិម្ពិសារ​បាន​ថ្វាយ​ទាន ជា​ដំបូង​ហើយ មិន​ផ្សាយ​ទៅ​ឲ្យ​ពួក​ញាតិ ក៏​ស្រាប់តែ​ពួក​ប្រេត​ទាំងឡាយ ដែល​ជា​ញាតិ​នោះ​ស្រែក​យំ​ទ្រហឹង ក្នុង​ពេល​រាត្រី។

ព្រះបាទ​ពិម្ពិសារ ស្ដេច​យាង​ទៅ​កាន់​វត្ដ​វេឡុវ័ន ហើយ​ទូល​សួរ​ព្រះពុទ្ធ ព្រះពុទ្ធ​ត្រាស់​ថា ពួក​ប្រេត ជា​ញាតិ​របស់​ព្រះអង្គ នាំ​គ្នា​យំ​ទារ​អាហារ ព្រោះ​ពួក​ប្រេត​ទាំងនោះ ត្រូវ​បាន​អាហារ​បរិភោគ​ក្នុង​សាសនាតថាគត ប៉ុន្ដែ​ព្រះអង្គ​ធ្វើ​បុណ្យ​ហើយ មិន​បាន​ផ្សាយ​ទៅ​ឲ្យ។

 

ពេល ព្រះបាទ​ពិម្ពិសារ​ទ្រង់​ជ្រាប​ហើយ ក៏​បាន​ធ្វើ​បុណ្យ​ចាត់ចែង​បញ្ជូន​ទៅ​ឲ្យ។ ពួក​ប្រេត​ទាំងនោះ ក៏​បាន​កើត​នៅក្នុង​ទិព្វវិមាន ដោយ​សុខរៀង​ដរាប តទៅ។ ចាប់តាំង​ពី​ពេល​នោះ​មក ពិធី​កាន់បិណ្ឌ ក៏​ចាប់ផ្ដើម​មាន​កំណើត​ឡើង​រហូត​មក​ទល់​ពេល​នេះ។

អ្នក​សាង​ល្អ​បាន​ល្អ អ្នក​សាង​អាក្រក់​បាន​ផល​អាក្រក់

បើ​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា បាន​ចែង​ថា មនុស្ស​ដែល​ស្លាប់​ទៅ​តែង​ទៅ​កើត​ទី​ផ្សេងៗ​តាម​កម្ម​របស់​ខ្លួន។ មនុស្ស​ចិត្ដ​អាក្រក់ ដែល​បាន​ធ្វើ​បាបកម្ម​ផ្សេងៗ​លុះ​ស្លាប់​ទៅ តែងតែ​កើត​ជា​ប្រេត​៤​ប្រភេទ គឺ​ប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ខ្ទុះឈាម ប្រេត​ស្រេកឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែល​ភ្លើងឆេះ​ជានិច្ច និង​ប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅ​ឲ្យ។ គេ​តែង​និយម​ជ្រើសរើស​ចំ​ថ្ងៃ​រនោច ខែ​ភទ្របទ ព្រោះ​ពេលវេលា​នោះ ព្រះចន្ទ​ពុំ​សូវ​មាន​ពន្លឺ ហើយ​ចេះ​តែ​ងងឹត​ទៅៗ

ព្រោះ​ឱកាស​នោះ​ហើយ ដែល​យមរាជ​ដោះលែង​ពួក​ប្រេត​ទាំងនោះ​ឲ្យ​មក​រស់​នៅ​លាយឡំ​ជាមួយ​មនុស្ស ចាំ​ទទួល​ភោគផល ដែល​បងប្អូន​ញាតិសន្ដាន ដែល​ញាតិ​ឧទ្ទិស​ឲ្យ ព្រោះ​ពួក​ប្រេត​ខ្លាច​ពន្លឺ​ណាស់​។

Loading...

ប្រសិន​បើ​រយៈពេល​១៥​ថ្ងៃ ពួក​ប្រេត​ដើរ​រក​គ្រប់​វត្ដ ពុំ​មាន​ឃើញ​បងប្អូន​ញាតិសន្ដាន​ណា​ធ្វើ​បុណ្យ បញ្ជូន​កុសល​ទៅ​ឲ្យ​ទេ ពួកគេ​នឹង​អត់​បាយ អត់​ទឹក ស្រេកឃ្លាន រងទុក្ខ​វេទនា​យ៉ាង​ក្រៃលែង ហើយ​នឹង​ជេរប្រទេច​ដាក់​បណ្ដាសា​ដល់​បងប្អូន​ញាតកា​ទាំងឡាយ​ឲ្យ​ហិនហោច​ទ្រព្យសម្បត្ដិ ព្រាត់ប្រាស​ឪពុក​ម្ដាយ ប្ដី​ប្រពន្ធ កូនចៅ ញាតិផៅ​ទាំង​ប្រាំ​ពីរ​សន្ដាន។

 

ជំនឿ​របស់​ពលរដ្ឋ​ចំពោះ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

 

ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស តែងតែ​មាន​ជំនឿ​ទៅលើ​បុណ្យ​ភ្ជុំបិណ្ឌ នេះ​ជានិច្ច ទោះបី​មាន​ក្ដី ក្រ​ក្ដី ទោះ​យ៉ាងណា ត្រូវ​ធ្វើ​បុណ្យ​នេះ ដោយ​ខាន​មិន​បាន​មួយ​ឆ្នាំ​ម្ដងៗ គឺ​ត្រូវ​យក​នំចំណី ទៀន ធូប រៀងរាល់​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ក្នុង​ខែ​ភទ្របទ។ បុណ្យ​ភ្ជុំបិណ្ឌ​នេះ កាល​ដើម​ឡើយ គឺ​ធ្វើ​ឡើង​រយៈពេល​៣​ខែ គឺ​៩០​ថ្ងៃ ដោយ​គិត​តាំងពី​ថ្ងៃ​ចូល​ព្រះវស្សា រហូត​ដល់​ថ្ងៃ​ចេញ​ព្រះ​វស្សា។ ប៉ុន្ដែ​រហូត​មក​ដល់​បច្ចុប្បន្ន បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​កាត់បន្ថយ​នៅ​សល់​តែ​១៥​ថ្ងៃ​ប៉ុណ្ណោះ ព្រោះ​ដោយសារ​ពេលវេលា​មិន​អំណោយផល បងប្អូន​យើង​មាន​ភាព​មមាញឹក​ខ្លាំង ក្នុង​មុខរបរ​ទទួលទាន ដូច្នេះ ត្រូវ​កាត់បន្ថយ​ឲ្យ​ខ្លី​ទៅវិញ។

 

បុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​អត្ថន័យ​ធំធេង​ណាស់ សម្រាប់​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​យើង ព្រោះ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់ វិញ្ញាណក្ខន្ធ បុព្វបុរស ញាតកា ទាំង​ប្រាំពីរ​សន្ដាន ដែល​បាន​ចែកឋាន​ទៅ​កើត​ជា​ប្រេត នរក ឬ​ក៏​សភាវៈ​ផ្សេង។ មួយ​វិញ​ទៀត​នោះ បុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យ​ជួបជុំ​បងប្អូន​ញាតិផៅ​គ្រប់​ទិសទី សម្ដែង​នូវ​សេចក្ដី​សាទរ​រីករាយ គ្រប់ៗ​គ្នា និង​អ្វី​ដែល​សំខាន់​នោះ កាលណា​មនុស្ស​យើង​មាន​សទ្ធាជ្រះថ្លា ក្នុង​ព្រះធម៌ ក្នុង​ការ​ធ្វើ​បុណ្យ​ធ្វើ​ទាន​នោះ វា​ជា​បច្ច័យ​មួយ ជួយ​ធ្វើឲ្យ​មនុស្ស​យើង​មាន​ចិត្ដ​ស្ងប់ រំលស់​នូវ​ភាព​សៅហ្មង​គ្រប់ៗ​គ្នា។ ពិធី​សំខាន់ ក្នុង​រយៈពេល​បុណ្យ​ភ្ជុំបិណ្ឌ មាន​ដូចជា ពិធី​សូត្រមន្ដ​បង្សុកូល បោះ​បាយបិណ្ឌ​ជាដើម។

 

ជំនឿ​លើ​ពិធី​ពូន​ភ្នំខ្សាច់ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

 

ទាក់ទិន​ទៅ​នឹង​ជំនឿ ដែល​ពុទ្ធបរិស័ទ លើកឡើង​អំពី​ការ​ពូន​ភ្នំខ្សាច់ នៅ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ វា​ជា​ជំនឿ​មួយ​ដែល​ខ្មែរ​យើង​ទូទៅ យល់​ឃើញ​ថា វា​ល្អ​ហើយ​មាន​ប្រយោជន៍ ទើប​ពួកគាត់​ធ្វើ​ហើយ​បាន​ដាក់​លុយ​ទៅ​តាម​ភ្នំខ្សាច់​នីមួយៗ ព្រម​ទាំង​អុជធូប​ស្មារលា​នូវ​រាល់​កំហុស​បាប​មួយ​ចំនួន ដែល​ខ្លួន​បាន​សាង​ឡើង ដោយ​មិន​បាន​ចាប់អារម្មណ៍​កន្លង​មក។ ការ​ពូន​ភ្នំខ្សាច់​នេះ ក៏​ជា​ការ​ឧទ្ទិសកុសល​ផលបុណ្យ​មួយ ជូន​ដល់​ឧបការីជន​ទាំងឡាយ ដែល​បាន​លាចាក​លោក​ផង​ដែរ។

 

ជំនឿ​របស់​ពលរដ្ឋ​លើ​ការ​បោះ​បាយបិណ្ឌ

 

នៅ​ព្រលឹម​ម៉ោង​៤​ព្រឹក ប្រជាពលរដ្ឋ​តែងតែ​នាំ​គ្នា ដើរ​ទៅ​វត្ដអារាម​នានា នៅក្នុង​ភូមិ ឬ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ជាមួយ​នឹង​នំចំណី ដែល​ធ្វើ​រួច​ជាស្រេច ដាក់​ក្នុង​ចាន ឬ​ស្បោង ដើម្បី​ទៅ​វត្ដ គេ​ហៅថា «បោះ​បាយបិណ្ឌ»។

 

ការ​បោះ​បាយបិណ្ឌ ជា​ជំនឿ​អរូបីមួយ​ផង​ដែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង និយម​ធ្វើ​ជា​រៀងរាល់​ព្រឹក​ព្រហាម ដើម្បី​បញ្ជូន ឬ​ឧទ្ទិស​កុសល​ឲ្យ​ទៅ​ញាតិសន្ដាន​សាច់សា​លោហិត ដែល​បាន​ចែកឋាន​ទៅ​បរលោក។ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន ការ​បោះ​បាយបិណ្ឌ​នៅ​តាម​បណ្តា​វត្ត​ខ្លះ​គេ​ធ្វើ​តាំងពី​ល្ងាច​មក​ម្ល៉េះ លុះ​ព្រឹក​ឡើង​ទើប​ព្រះសង្ឃ​ជួយ​វេរធម៌​តាម​ក្រោយ​។

 

ដំបូន្មាន​របស់​អ្នក​ជំនាញ​បុណ្យ​ភ្ជុំបិណ្ឌ

 

បុណ្យ​ភ្ជុំបិណ្ឌ ជា​បុណ្យ​មួយ​ដែលមាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជាជាតិ​ខ្មែរ​យើង។ ដូច្នេះ​ហើយ​បងប្អូន​ទាំងឡាយ ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​ពិធីបុណ្យ​នេះ ជា​ដរាប ព្រោះ​ជា​បុណ្យ​ដែល​បង្កើតឡើង​សម្រាប់​ផ្ដល់​ឱកាស​ឲ្យ​ពុទ្ធបរិស័ទ​ទាំងឡាយ​ធ្វើ​បុណ្យ​ធ្វើ​ទាន ឧទ្ទិស​កុសល​ដល់​បុព្វ​ការីជន និង​សាច់ញាតិ ដែល​បាន​ចែកឋាន​ទៅ និង​ជា​បុណ្យ​សាសនា​មួយ​ផង​ដែរ ដែល​ប្រជាពលរដ្ឋ​ទូទៅ​មិន​អាច​បំភ្លេច​បាន៕

ប្រភពវីដេអូខាងលើគឺ Embed ពីផេក Movie For Khmer

 

Loading...