លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង តាមប្រភពមិនច្បាស់លាស់ លោក ញ៉ុក ថែម បានស្លាប់នៅឆ្នាំ ១៩៧៤។

ប្រវត្តិការសិក្សា
- អាយុប្រមាណ១០ឆ្នាំ សិក្សាអក្សរសាស្ត្រភាសាជាតិ និង ពុទ្ធសាសនាក្នុងសំណាក់ព្រះគ្រូអាចារ្យ សន ដែលត្រូវជាជីតា នៅនាវត្តពោធិវាល សង្កាត់សង្កែ ស្រុកសង្កែ ខេត្តបាត់ដំបង
- អាយុ ១៥ ឆ្នាំ បួសជាសាមណេរវត្តពោធិវាល
- វ័យ ១៦ វស្សា បន្តមុខវិជ្ជាផ្នែកព្រះពុទ្ធសាសនានៅបាងកក ប្រទេសសៀម ដោយធ្វើដំណើរតាមរទេះគោជាមួយពួកឈ្មួញ។ ប្រមាណជា ១០ថ្ងៃបានទៅដល់ខេត្តបស្ចឹមបូរី ប្រទេសសៀម បន្ទាប់មកសាមណេរយើងបានចុះកប៉ាល់បន្តដំណើរ រួចឡើងរទេះភ្លើងនៅខែត្រ ប៉ែតរិវ លុះជិតព្រលប់ទើបទៅដល់ទីក្រុងបាងកក ។ ពួកឈ្មួញ បាននាំសាមណេរ ញ៉ុក ថែម ទៅស្នាក់សិក្សានៅក្នុងវត្តព្រះកេតុ នាកុដិលោកគ្រូ មហាយ៉ៅរ៍ ជាព្រះសង្ឃខ្មែរ១អង្គដែលបានគង់នៅស្រុកសៀមយូរឆ្នាំមកហើយ ។
- ១៩២១ ប្រឡងជាប់ធម្មវិន័យថ្នាក់ត្រី
- ១៩២៣ ប្រឡងជាប់ធម្មវិន័យថ្នាក់ទោ
- វ័យ ២១ វស្សា ជាភិក្ខុភាវៈក្នុងវត្តព្រះកេតុ
- ១៩២៩ ប្រឡងជាប់ជាផ្លូវការនូវសញ្ញាបត្រមហាប្រាំប្រយោគ ដែលជាថ្នាក់ខ្ពស់បំផុតផ្នែកភាសាបាលី
- ១៩៣០ ត្រឡប់មកមាតុប្រទេសវិញហើយបានធ្វើជាសមាជិកក្រុមជំនុំបកប្រែព្រះត្រៃបិដក
- ១៩៣៦ បានលាចាកសិក្ខាបទ

ប្រវត្តិការងារ
- ជាអ្នកប្រាជ្ញផ្នែកអក្សរសាស្ត្រខ្មែរ និង ផ្នែកពុទ្ធសាសនា
- ជាសាស្ត្រាចារ្យភាសាបាលី
- អ្នកនិពន្ធជាភាសាខ្មែរ បាលី ថៃ
- ជានិពន្ធនាយកទស្សនាវដ្ដី កម្ពុជសុរិយា
- តំណាងរបស់នាយិកាពុទ្ធសាសនបណ្ឌិត្យ
- ធ្វើការដើម្បីទាមទារយកទឹកដីពីសៀម
- សមាជិកក្រុមការទូតឥណ្ឌូចិន
- សមាជិក្រុមបកប្រែព្រះត្រៃបិដក
- ស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរ
- ១៩៣៩ ធ្វើជានិពន្ធនាយកទស្សនាវដ្ដី កម្ពុជសុរិយា
- ដើមខែកុម្ភៈ ១៩៣៩ ធ្វើជាព្រះរាជតំណាងសម្តេចព្រះរាជអយ្យកោ នរោត្តម សុធារស ព្រះអធិបតី នៃ ពុទ្ធសាសនបណ្ឌិត្យកម្ពុជា
- ១៩៤៣ ជាតំណាងរបស់អគ្គលេខាធិការពុទ្ធសាសនបណ្ឌិត
- ១៩៤៥ ជាអ្នកការទូតសហភាពឥណ្ឌូចិន បារាំងសេសនៅព្រៃនគរ និងជាអ្នកបកប្រែភាសាថៃ-បារាំង-ខ្មែរ ក្នុងវិទ្យុនៃក្រុងនោះ ដើម្បីទាមទាដែនដីបាត់ដំបង និង សៀមរាប ពីសៀមមកឱ្យខ្មែរវិញ
- ១៩៤៦ ធ្វើការនៅពុទ្ធសាសនបណ្ឌិត្យ និង បង្រៀននៅវិទ្យាល័យស៊ីសុវត្ថិ ។
- ខែមករា ១៩៤៧ ជាសមាជិក្រុមជំនុំក្រុមវប្បធម៌
- ១៩៥០ ក្រសួងអប់រំជាតិ តែងតាំង ជាសាស្ត្រាចារ្យ
- ១៩៥៧ ជាសាស្ត្រាចារ្យឧត្តមកិត្តិយសនៃវិទ្យាស្ថានគរុកោសល្យ , មហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្ស សាស្ត្រ ព្រមទាំងពុទ្ធិកមហាវិទ្យាល័យ
- ១៩៥៦ ជាស្ថាបនិកមួយរូប នៃសមាគមអ្នកនិពន្ធខ្មែរ (ឯកសារខ្លះថា នៅឆ្នាំ១៩៥៥)

ស្នាដៃ
- នមោដីកាកថា នានាជាតកវណ្ណន , ធម្មបទនិទ្ទេស , ទេវតាភាសិត និង ពុទ្ធភាសិត និង អត្ថបទថៃលើសាស្ត្រាស្លឹករិត
- រឿងប្រលោមលោកបិសាចស្នេហា , ភ្នំពេញ , ១៩៤២
- រឿងប្រលោមលោកកុលាបប៉ៃលិន , ភ្នំពេញ , ១៩៤៣
គ្រឿងឥស្សរិយយស
- មុនីសារភរណ៍ ប្រទេសកម្ពុជា , ១៩៤០
- អស្សរិទ្ធិ៍ក្រុងលួង ប្រទេសលាវ
- អស្សរិទ្ធិ៍ដ្រាកុងអណ្ណាម នៃប្រទេសអាណ្ណាម , ១៩៤៣
- មេដាយការងារប្រាក់ ប្រទេសកម្ពុជា , ១៩៤៨
- មេដាយអស្សរិទ្ធិ៍មុនីសារាភរណ៍កម្ពុជា , ១៩៥៧
- មេដាយអនុស្សរា ប្រាក់ ប្រទេសកម្ពុជា ,១៩៦០
- មេដាយអស្សរិទ្ធិ៍ នៃ ព្រះរាជាណាចក្រកម្ពុជា ,១៩៦២
ការរៀបការ
- ឆ្នាំ ១៩៣៧ លោកបានរៀបការជាមួយ នាង ងួន ណៃស៊ីម នៅផ្សារឧដុង្គ សង្កាត់វាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយមានកូនប្រុស ៧ នាក់ និង កូនស្រី ៤ នាក់៕

ដកស្រង់ និងសម្រួលដោយ៖ លោក ប៊ុត ហេង
ប្រភព៖ cen, socialkhmer