នៅក្នុងរឿងជីវិតគូ ឬជីវិតប្ដីប្រពន្ធ អ្នកមិនគួរខ្វល់ដល់រឿងទាំងអស់នេះទេ

មនុស្សពីរនាក់ស្រឡាញ់គ្នា ឬក្លាយជាប្ដីប្រពន្ធនឹងគ្នា គួរតែទុកចិត្ត ជឿជាក់ និងគោរព ស្ដាប់គ្នាទៅវិញទៅមក ក៏មានរឿងជាច្រើនគិតថា ជាជីវិតគ្រួសារ ជាគូនឹងគ្នាហើយ មិនគប្បីទៅគិត ឬប្រកាន់នឹងរឿងមួយចំនួននោះឡើយ ព្រោះរឿងទាំងនោះ គឺសុទ្ធតែរឿងកំប៉ិកំប៉ុក អត់ប្រយោជន៍តែប៉ុណ្ណេាះ

ចំណុចប៉ុន្មានខាងក្រោមនេះ គឺជារឿងដែលអ្នកមិនគួរនឹងគិត ឬប្រកាន់ចំពោះដៃគូរបស់អ្នកឡើយ ៖

១. រឿងអតីតកាល

អ្នកណាៗក៏គេមានអតីតកាលដែរ សូម្បីតែយើងខ្លួនឯង មែនអត់? ដូច្នេះហើយ អតីតកាលខ្លះ យើងមិនគួរគិតប្រកាន់ ខ្វាយខ្វល់ គាស់កកាយយកមកនិយាយនោះទេ ទោះបីគេធ្លាប់មិនល្អយ៉ាងណា តែសំខាន់គឺ​ គេមានបច្ចុប្បន្នជាមួយនឹងយើង គេល្អនឹងយើង គេស្រឡាញ់យើងស្មោះ ចុះរឿងអី ត្រូវទៅគិតខ្វល់ដល់អតីតទៀតនោះ។

២. ពាក្យសម្ដីអ្នកដទៃ

កុំសូវស្ដាប់សម្ដីអ្នកណាពេក អ្នកខាងក្រៅដែលញញឹមញញែមដាក់យើងរាល់ថ្ងៃ មិនប្រាកដថាគេសុទ្ធតែល្អនឹងយើងទេ។ អ្នកខ្លះ ចាំតែចាក់រុក នាំរឿងឱ្យគ្រួសារយើងតែប៉ុណ្ណេាះ ម្ល៉េាះហើយ ឱ្យគេនិយាយអីក៏និយាយទៅ សំខាន់ ត្រូវជឿជាក់ និងស្មោះត្រង់ចំពោះដៃគូរបស់យើង។

65236735_1415336091937584_1778298468373102592_n

៣. ស្ថានភាពគ្រួសារ


មនុស្សម្នាក់ ស្ថិតក្នុងគ្រួសារបែបណា ក៏មិនប្រាកដថា ម្នាក់នោះ ជាមនុស្សដូចគ្រួសារគេទេ។ អ្នកខ្លះ ស្ថិតក្នុងគ្រួសារក្រីក្រ តែគេក៏មិនមែនក្រគំនិតរកស៊ីដែរ ទោះគ្រួសារគេឈ្លោះគ្នាយ៉ាងណា ក៏មិនប្រាកដថា គេនោះជាមនុស្សប្រើតែហិង្សានោះឡើយ សំខាន់យើងប្រាកដជាចេះមើលមនុស្សហើយ ត្រិះរិះគិតមើលទៅ។

៤. ចំណង់ចំណូលចិត្តគេមិនដូចយើង

វាជារឿងធម្មតាទេ មនុស្សខុសគ្នា ចំណូលចិត្តម៉េចនឹងអាចដូចគ្នាទៅ សំខាន់គឺត្រូវបណ្ដោយតាមគេខ្លះ ដូច្នេះ គេក៏តាមចិត្តយើងដូចគ្នា ឱ្យតែចំណូលចិត្តគេទៅរកផ្លូវត្រូវ វាគ្មានអ្វីដែលខុសទាស់នោះឡើយ។

៥. ការប្រចណ្ឌ ហួងហែង

ជាការពិត ការដែលប្រចណ្ឌ ហួងហែង វាកើតព្រោះតែក្ដីស្រឡាញ់ តែបើប្រចណ្ឌហួសហេតុពេក វាជារឿងអាត្មានិយមទៅវិញទេ។ ស្រឡាញ់គ្នា ត្រូវទុកចិត្តគ្នា ជឿជាក់គ្នា គេជាមនុស្សរបស់យើង ចុះចាំបាច់ទៅខ្លាចអ្នកណាមកដណ្ដើមគេធ្វើអី។ ត្រូវចាំថា មនុស្សដែលស្រឡាញ់យើងពិតប្រាកដ ទោះមានអ្នកណាមកដាក់ច្រវ៉ាក់អូសកគេទៅទៀត ក៏គេមិនទៅដែរ តែបើគេមិនស្រឡាញ់យើងទេ ទោះយើងយកគេមកគាបជាប់ឃ្លៀកទៀត ក៏គេនៅតែបោលទៅចោលយើងហើយ។ មនុស្សខឹងគឺភ្លើង ប្រចណ្ឌគឺល្ងង់៕

65857220_1415045035300023_7428181599545458688_o

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ