លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី​ បានណែនាំថា ការខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗលាយទឹកអំបិលជាវិធីការពាររោគផ្លូវដង្ហើមដ៏ល្អបំផុត

ការខ្ជុរមាត់នឹងទឹកអំបិល ​តាមរយៈព័ត៌មានសុខភាពជាច្រើនបានឱ្យដឹងថា ជំនួយដល់សុខភាពជាច្រើនទាំងសុខភាពមាត់ធ្មេញ និងសុខភាពរាងកាយជាច្រើន ។ ដោយក្នុងនោះលោកឧកញ៉ា គួច ម៉េងលី ​ក៏បានណែនាំថា ​ការខ្ពុរមាត់នឹងទឹកអំបិល ​ថែមទាំងអាចការពារជំងឺផ្លូវដង្ហើមផងដែរ។

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី

តាមរយៈគណនីហ្វេសប៊ុកផេក MJQ University Press បានរៀបរាប់ឱ្យដឹងថា៖ 

ក្រៅពីធ្វើឱ្យអញ្ចាញធ្មេញស្រស់ស្អាត និងមាត់ធ្មេញគ្មានក្លិនស្អុយ ការខ្ពុរមាត់និងបំពង់ក នឹងទឹកក្ដៅឧណ្ហៗលាយជាមួយទឹកអំបិលប្រៃឡែមៗ ឬដុសធ្មេញជាមួយនឹងទឹកអំបិល ក៏ជួយបង្ការរោគផ្លូវដង្ហើមដ៏មានប្រសិទ្ធភាពផងដែរ។ មិនតែប៉ុណ្ណោះ វាក៏អាច​ជួយ​កាត់បន្ថយ​ជំងឺពងបែកក្នុងមាត់ រលាកបំពង់ក ដំបៅទងស៊ុល ផ្ដាសាយ ផ្ដាសាយធំ ជំងឺរើម ជ្រាំងអណ្ដាត និងរោគឆ្លងផ្សេងៗ​ជាច្រើន​ទៀត។

មែនទែនទៅ ការខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗលាយជាមួយទឹកអំបិល វាអាចជួយកាត់បន្ថយរោគឆ្លងបានរហូតដល់ ៥០% ឯណោះ ប្រសិនបើយើងខ្ពុរឱ្យបាន​៤ទៅ៥ដងក្នុងមួយថ្ងៃ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា នៅពេលខ្ពុរមាត់និងបំពង់ករួចហើយ យើងត្រូវខ្ជាក់ទឹកខ្ពុរមាត់នោះចេញវិញ កុំលេបចូលទៅក្នុងពោះ។ ម្យ៉ាង បន្ទាប់​ពីខ្ពុរមាត់ទឹកក្ដៅឧណ្ហៗលាយជាមួយទឹកអំបិលរួចហើយ យើងត្រូវពិសាទឹកមួយកែវធំដើម្បីបញ្ជូនមេរោគពីបំពង់កទៅក្រពះ ដើម្បី​ឱ្យអាស៊ីតនៅក្នុងក្រពះសម្លាប់មេរោគនោះ។ ហើយបើអាចទេ ក្នុងមួយថ្ងៃត្រូវពិសាទឹកឱ្យបានចន្លោះពី១លីត្រកន្លះទៅ២លីត្រ ព្រោះវាជួយកាត់បន្ថយជំងឺបានច្រើនមែនទែន។


Img 0.46694100 1585560812

រឿងមួយទៀតដែលយើងគួរធ្វើដែរនោះ គឺយើងត្រូវលាងដៃនឹងសាប៊ូ​ឱ្យបានញឹកញាប់ គ្រប់ពេលមុនទទួលទានចំណីអាហារ និងក្រោយពេល​ចាប់កាន់ឬប៉ះពាល់របស់អ្វីមួយដែលយើងគិតថាគ្មានសុវត្ថិ​ភាព​។ មិនតែប៉ុណ្ណោះ សម្ភារៈប្រើប្រាស់មាន ចាន ឆ្នាំង ស្លាបព្រា ផ្តិល​ទឹក និងកែវផឹកទឹកជាដើម យើងត្រូវលាងសម្អាត​នឹង​សាប៊ូឱ្យស្អាតជាប្រចាំ រាល់ពេលប្រើប្រាស់។ ហើយគ្រប់ពេលចេញទៅក្រៅ និងរាល់​ពេលសន្ទនាគ្នា ទោះមនុស្សជិតស្និតធ្លាប់ស្គាល់ប្រវត្តិគ្នា ឬមិនស្គាល់ប្រវត្តិគ្នាក៏​ដោយ យើងត្រូវពាក់ម៉ាស់ការពារជានិច្ច។ មួយវិញទៀត នៅពេលជួបនិយាយសន្ទនាគ្នា យើងត្រូវ​រក្សារចម្ងាយឱ្យបានឃ្លាតឆ្ងាយពីគ្នាយ៉ាងតិច១ម៉ែត្រ ឬកាន់តែឆ្ងាយកាន់តែល្អ។ យើងគួរ​បញ្ឈប់ការចាប់ដៃ​គ្នា និង​ឱបកៀកកគ្នា ដោយគ្រាន់តែលើកដៃសំពះសួរសុខទុក្ខគ្នាតាមបែប​ប្រពៃណីខ្មែរ។

ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា ដើម្បីមានសុខភាពល្អ និងបង្ការការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ យើងត្រូវខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗដែលលាយទឹកអំបិលប្រៃឡែមៗឱ្យបានញឹកញាប់ និងត្រូវដុស​សម្អាត​ធ្មេញឱ្យបាន៣ដងក្នុងមួយ គឺពេលព្រលឹមឡើង (ភ្ញាក់ពីគេង​) ពេលថ្ងៃ (ញ៉ាំអាហាររួច) និងពេលយប់មុនចូលគេង (ក្រោយពេល​ញ៉ាំអាហាររួច)។ ជាពិសេស យើងត្រូវរស់នៅស្អាត ហូបស្អាត និង​ផឹកស្អាត៕

Salt Water Flush

ប្រភព៖ MJQ University Press