បេឡារូស៖ ស្ទើរតែមិនគួរឱ្យជឿសោះថា ប្រធានាធិបតីប្រទេសបេឡារូស (Belarus) បែរជាបានណែនាំប្រជាជនខ្លួនឯងថា គួរតែទទួលទានស្រា Vodka ជាប្រចាំទៅវិញ ដើម្បីប្រឆាំងនឹងវីរុសរាលដាល Covid-19 នេះបើតាមរយៈសារព័ត៌មានអន្តរជាតិ CNBC ។
លោក Alexander Lukashenko ដែលជាប្រធានាធិបតីនៃប្រទេសបេឡារូស បានថ្លែងបែបនេះ បន្ទាប់ពីបានទស្សនាការប្រកួតវាយកូនបាល់លើទឹកកករួច កាលពីថ្ងៃទី 29 ខែ មីនា ដោយលោកបាននិយាយបន្តថាប្រជាជនទាំងអស់គួរតែទទួលទាន ស្រា Vodka ឱ្យបាន 40ទៅ 50មីល្លីលីត្រ ជារៀងរាល់ថ្ងៃ លើកលែងតែពេលធ្វើការ ជាពិសេសត្រូវតែទៅកន្លែងសូណាឱ្យបានយ៉ាងហោច ២ដងក្នុងមួយសប្តាហ៍ នឹងធ្វើឱ្យគ្រប់គ្នាមានសុខភាពល្អ ថែមទាំងអាចប្រឆាំងនឹងវីរុស Covid-19 ផងដែរ។
ក្រោយពីបានស្តាប់ការថ្លែងពីប្រធានាធិបតីរូបនេះរួចមក មានប្រជាជនជាច្រើនមានការពេញចិត្តឡើយចំពោះការណែនាំបែបនេះ ជាពិសេសប្រធានាធិបតីរូបនេះក៏ទទួលបានការរិះគន់ និងការមិនពេញចិត្តមិនឈប់មិនឈរផងដែរ ចំពោះសកម្មភាពក្នុងការប្រឆាំងនឹងវីរុស Covid-19 នេះក្នុងប្រទេសរបស់ខ្លួន។
នៅក្នុងប្រទេសបេឡារូស ដែលជាប្រទេសស្ថិតនៅក្នុងតំបន់អឺរ៉ុបខាងត្បូងមួយនេះមានប្រជាជនប្រមាណជា ៩,៥លាននាក់ ត្រូវបានគេដឹងថាព្រំដែនមិនមានការបិទ ឬរឹតបន្តឹងនោះទេ ឯប្រជាជនក្នុងប្រទេសក៏ត្រូវបានប្រធានាធិបតីនេះបង្ខំឱ្យបំពេញកិច្ចការជាធម្មតា ដោយលោកបានថ្លែងថា ពិភពលោកហាក់កំពុងតែឆ្កួតលីលា និងស្លប់ស្លោរណាស់ចំពោះវីរុស Covid-19 នេះ ។
គួរឱ្យដឹងផងដែរថា ប្រទេសបេឡារូស មានករណីអ្នកដែលឆ្លងវីរុស Covid-19 ចំនួន ១៥២ នាក់ហើយ ជាពិសេសនោះ នៅក្នុងប្រទេសនៅតំបន់អឺរ៉ុបខាងត្បូងមួយនេះ ហាងទាំងឡាយ រួមនឹងផ្សារជាដើម ក៏នៅមានសកម្មភាពធម្មតា រួមទាំងកន្លែងប្រគំតន្ត្រីក៏នៅតែបើកដំណើរការ និងការប្រកួតនានានៅក្នុងកីឡដ្ឋានផងដែរ៕
ប្រភព៖ CNBC