មកទល់ពេលនេះយើងបានដឹងហើយថា សហរដ្ឋអាមេរិច គឺជាប្រទេសដែលមានករណីឆ្លងរាលដាលនៃវីរុស Covid-19 នេះច្រើនជាងគេលើពិភពលោក ដែលបានធ្វើឱ្យប្រទេសមហាអំណាចមួយនេះជួបប្រទះនឹងបញ្ហាប្រព័ន្ធសុខាភិបាល និងបរិក្ខាពេទ្យប្រើប្រាស់ផ្សេងៗជាពិសេសគឺម៉ាស់ការពារតែម្តង។
ជាក់ស្តែងរឿងមួយដ៏គួរឱ្យហួសចិត្តមួយបានកើតឡើង ដោយយផងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី ៤ មេសាម្សិលមិញនេះបានឱ្យដឹងថា អាល្លឺម៉ង់បានចោទប្រកាន់អាមេរិចថាបានលួចម៉ាស់ពីខ្លួនចំនួន២០០,០០០ម៉ាស់ ដែលត្រៀមដឹកមកកាន់អាល្លឺម៉ង់នោះ យកទៅប្រើប្រាស់ផ្ទាល់ខ្លួនវិញ ដែលសកម្មភាពនេះត្រូវបានគេថ្កោលទោស និងចោទប្រកានថាជា «ចោរកម្មទំនើប»។
ម៉ាស ឬរបាំងមុខប្រភេទ FFP2 ដែលត្រូវបានអាល្លឺម៉ង់បញ្ជាទិញ សម្រាប់បំពាក់ឱ្យកម្លាំងប៉ូលីសទីក្រុងប៊ែរឡាំង មិនបានទៅដល់គោលដៅដូចការគ្រោងទុកនោះឡើយ។ ដោយការបញ្ជូនម៉ាសផលិតដោយសហរដ្ឋអាមេរិកទាំងនេះត្រូវបាន រឹបអូសយកវិញ នៅទីក្រុងបាងកក ប្រទេសថៃ ព្រោះម៉ាសទាំងនេះត្រូវបានគេបង្វែរទិសដៅ ហើយបញ្ជូនទៅសហរដ្ឋអាមេរិកវិញ។
ក្រុមហ៊ុនអាមេរិកដែលផលិតម៉ាសប្រភេទ 3M ខាងលើនេះ ត្រូវបានហាមឃាត់មិនឱ្យនាំចេញ ផលិតផលវេជ្ជសាស្រ្តរបស់ខ្លួន ទៅកាន់ប្រទេសផ្សេងៗទៀតឡើយ ដោយយោងទៅតាមច្បាប់ ដែលត្រូវបានប្រើប្រាស់តាំងពីសម័យសង្គ្រាមកូរ៉េ ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដាក់ឲ្យអនុវត្តឡើងវិញនោះ ដោយកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ វ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងទាមទារឱ្យអនុវត្តច្បាប់លើផលិតកម្មនានា ពាក់ព័ន្ធវិស័យការពារជាតិ ដើម្បីទាមទារឱ្យក្រុមហ៊ុនអាមេរិក ផ្គត់ផ្គង់គ្រឿងបរិក្ខាវេជ្ជសាស្ត្របន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក។
យ៉ាងណាមិញ ចំពោះបញ្ហាដណ្តើមម៉ាស់នេះមិនទាន់មានមន្ត្រីអាមេរិកណាម្នាក់ បានចេញមុខបកស្រាយនេះឡើយនោះទេ ប៉ុន្តែកន្លងមកការដណ្តើមម៉ាសនេះត្រលប់ទៅវិញ ក៏បានកើតមានឡើងទៅលើបារាំងផងដែរ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយម៉ាសសម្រាប់ប្រើប្រាស់នៅចំពោះមុខការរាតត្បាតនៃជំងឺ COVID-19 ដែលបារាំងបានបញ្ជាទិញពីចិននោះ ត្រូវបានអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ទិញយកទៅបាត់នៅនាទីចុងក្រោយ គឺនៅពេលប្រអប់ស្តុកម៉ាសទាំងនោះ កំពុងស្ថិតក្រោមការរង់ចាំជញ្ជូនទៅដាក់លើយន្តហោះ ដើម្បីដឹកទៅប្រទេសបារាំង៕
ប្រភព៖ BBC