សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្កើតឡើងតាំងពីឆ្នាំ ១៩៤៦ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលគឺជាគ្រឹះស្ថានឧត្តមសិក្សា បណ្តុះបណ្តាលរបស់រដ្ឋតែមួយគត់ដែលបណ្តុះបណ្តាលលើវិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា។
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មានអក្សរកាត់ថា “ស.វ.ស” ដែលហៅជាភាសាអង់គ្លេស University of Health Sciences (UHS) និង ហៅជាភាសាបារាំង Université des Sciences de la Santé (USS)។ មហាជនទូទៅតែងតែហៅឈ្មោះក្រៅថាសាលាក្រហម ដោយហេតុថាកាលពីមុន អគារទាំងអស់របស់ សាកលវិទ្យាល័យនេះមានពណ៌ក្រហម។
នាពេលបង្កើតដំបូងក្នុងជំនាន់អាណានិគមបារាំងនាឆ្នាំ ១៩៤៦ គ្រឹះស្ថានឧត្តមសិក្សានេះដាក់ឈ្មោះថា សាលាមន្រ្តីសុខាភិបាល។ ក្នុងជំនាន់សង្គមរាស្រ្តនិយម នាឆ្នាំ ១៩៥៣ បានប្តូរឈ្មោះជា សាលាភូមិទ្ទពេទ្យកម្ពុជា និង នាឆ្នាំ ១៩៦២ បានប្តូរឈ្មោះជា មហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្ត។
កាលឆ្នាំ ១៩៦៧ មហាវិទ្យាល័យឱសថសាស្ត្របានផ្លាស់ប្ដូរទីតាំងទៅក្នុងបរិវេណ សាកលវិទ្យាល័យភ្នំពេញ។ ក្រោយមកទៀត នាឆ្នាំ ១៩៧១ បានផ្តូរឈ្មោះជា មហាវិទ្យាល័យវេជ្ជសាស្រ្ត និង វេជ្ជប្រតិព័ន្ឋ ដោយកាលនោះផ្នែកទន្តសាស្រ្តត្រូវបានបង្កើតឡើង។ ជាអកុសល ក្នុងជំនាន់ប្រល័យពួជសាសន៍ប៉ុលពតគ្រឹះស្ថានឧត្តមសិក្សាផ្នែកសុខាភិបាលមួយនេះត្រូវបានរងការបំផ្លាញ យ៉ាងធ្ងន់ធ្ងរ និង ត្រូវបោះបង់ចោល ទាំងស្រុង។ ក្រោយថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ ១៩៧៩ ដោយមានការខ្នះខ្នែងពីសំនាក់ព្រឹទ្ឋសាស្រ្តាចារ្យនានា សាកលវិទ្យាល័យនេះបានបើកដំណើរការឡើងវិញនាខែ មករា ឆ្នាំ ១៩៨០ ដោយដាក់ឈ្មោះថា មហាវិទ្យាល័យចំរុះវេជ្ជសាស្រ្ត ឱសថសាស្រ្ត និង ទន្តវទនសាស្រ្ត។
១៧ឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៩៧ ក៏បានប្តូឈ្មោះជា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រហូតមកដល់ពេលបច្ចុប្បន្ននេះ។ នាចុងឆ្នាំ ២០០១ សាកលវិទ្យាល័យចំណាស់ជាងគេក្នុងព្រះរាជជាណាចក្រកម្ពុជានេះ បានក្លាយជាគ្រឹះស្ថាន សាធារណៈរដ្ឋបាលដែលក្នុងនោះរួមមាន មហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត មហាវិទ្យាល័យទន្តវទនសាស្រ្ត និង សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត។
បច្ចុប្បន្ន សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានទីតាំងចំនួន ២ ធំៗ គឺ៖
+ ទីតាំងទី១៖ #៧៣ មហាវិថីព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
+ ទីតាំងទី២៖ #៣០១ មហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ៕
ប្រភព៖ គ្រូពេទ្យក្មេង Young Doctor