រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមការងារកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីពិនិត្យ ពិភាក្សាពីផែនការសកម្មភាពត្រៀមដាក់ដំណើរការនូវកម្មវិធីផ្សាយការបង្រៀនអនឡាញនៅលើប្រព័ន្ធអ៊ីនធឺណិត និងតាមរយៈប្រព័ន្ធទូរទស្សន៍ផ្កាយរណប តេជោឌីធីវី (TVK 2) ក្នុងគោលដៅលើកកម្ពស់សមភាពការសិក្សា ស្របពេលដែលការអប់រំនៅប្រទេសកម្ពុជា និងសាកលលោកកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
កម្មវិធីចាក់ផ្សាយនេះនឹងដំណើរការផ្លូវការជាលើកដំបូងនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ខាងមុខវេលាម៉ោង៧ព្រឹក។ កម្មវិធីសិក្សានេះនឹងចាប់ផ្ដើមពីម៉ោង៦ព្រឹក ដល់១០យប់ និងមានការចាក់ផ្សាយឡើងវិញ គឺ២៤ម៉ោង ជារៀងរាល់ថ្ងៃ សម្រាប់សិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដោយអនុញ្ញាតឱ្យសិស្សានុសិស្សទស្សនាដោយឥតគិតថ្លៃ។ កម្មវិធីនេះគ្រោងពង្រីកទៅស្ថានីយទូរទស្សន៍ខ្សែកាបនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផងដែរ ហើយទោះបីសាលារៀនបើកដំណើរការឡើងវិញក្ដី ក៏ប៉ុស្តិ៍ទូរទស្សន៍មួយនេះ ក៏នៅតែបន្តចាក់ផ្សាយកម្មវិធីអប់រំជាច្រើនទៀតដដែល។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមដោយការដឹកនាំដោយ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងមានការចូលរួមពីសំណាក់ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា។ ក្រោយបញ្ចប់កិច្ចប្រជុំនេះ ក្រុមការងារក៏បានអញ្ជើញទស្សនកិច្ចនៅបន្ទប់ស្ទូឌីយោនៃទូរទស្សន៍តេជោឌីធីវី ដែលត្រៀមសម្រាប់ដំណើរការចាក់ផ្សាយកម្មវិធីការសិក្សាខាងលើផងដែរ។
សូមជម្រាបថាកិច្ចប្រជុំនេះបានរៀបចំឡើង ក្រោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០កន្លង ទៅនេះ ស្ដីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងគោលដៅលើកកម្ពស់ការសិក្សា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្នុងស្មារតី ធានាផ្ដល់សេវាអប់រំប្រកបដោយសមធម៌ ជាពិសេសធ្វើឱ្យសិស្សានុសិស្សទទួលបានការអប់រំប្រកបដោយប្រសិទ្ធភាព និងសមធម៌៕
១៧ មេសា ២០២០ | ទីស្តីការក្រសួងព័ត៌មាន
#elearning #EBS #LearningNeverStops
::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.twitter.com/moeyscmbodia
::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia
ប្រភព៖