ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ដោយប៉ុន្មានថ្ងៃនេះ ដើមឈើមួយដើមធំកណ្តាលខ្សែផ្លូវទើបតែសាងថ្មី ត្រូវបានគេចែកចាយពេញបណ្តាញសង្គម ដែលមិននឹកស្មានថាផ្លូវនេះសុខចិត្តថែរក្សាដើមឈើដោយមិនកាប់ទាល់តែសោះ។
ផ្លូវមួយខ្សែដែលរក្សាដើមឈើនេះ ត្រូវបានគេដឹងថាកំពុងតែស្ថាបនា នៅខេត្ដព្រះសីហនុ ដោយមិនបានកាប់ដើមឈើធំមួយដើមចេញពីកណ្ដាលផ្លូវនោះឡើយ ដោយទុកឱ្យនៅចំកណ្ដាលផ្លូវតែម្ដង ដើម្បីថែរក្សាដើមឈើមួយដើមដ៏ធំនេះ និងទុកធ្វើជាម្លប់សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ផងដែរ។
នៅក្នុងនោះដែរ គេហទំព័រ ហ្វេសប៊ុកផេក ប្រជាជន ខេត្ដព្រះសីហនុ ក៏មានការងឿងឆ្ងល់ និងបានលើកជាសំនួរ សួរទៅកាន់មហាជនក្នុងបណ្ដាញសង្គម ថា៖ « ប្រិយមិត្ដដឹងថា ជាផ្លូវមួយណា ក្នុងក្រុងព្រះសីហនុ យើងទេ? ជួយប្រាប់បន្ដិចមក » ។ ភ្លាមៗនោះផងដែរ ក៏មានមហាជនមួយចំនួនបានចូលទៅខមិន ក្នុងការបង្ហោះនោះ ដោយភ្ជាប់មកជាមួយរូបថត នៃកន្លែងដើមឈើធំនោះ និងបានប្រាប់ឱ្យដឹងថា៖ « នៅ វិថី សែនត្រជាក់ចិត្ត ឆ្ពោះទៅ វិថីឆ្នេរពយជំទាវម៉ៅ (ឆ្នេរពយម៉ាចូវ) »។
គួរឱ្យដឹងផងដែរថា កន្លងមកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ។ ផ្លូវចំនួន៣៤ខ្សែ ដែលត្រូវបើកការដ្ឋានសាងសង់នៅពេលនោះ គឺជាផ្លូវក្នុងក្រុងបែបប្រណីត ដែលនឹងបានបម្រើនៅវិស័យដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍។ ហើយចំពោះការដ្ឋាន សាងសង់ផ្លូវសរុបចំនួន ៣៤ខ្សែ ដែលមានប្រវែង ៨៤គីឡូម៉ែត្រនេះ គឺគ្រោងនឹងចំណាយថវិកាសរុបជិត ៣០០ លានដុល្លារឯណោះ ៕