៦ មិថុនា ១៩៤៤ ជាថ្ងៃគម្រប់ខួប ដែលកងទ័ពសម្ព័ន្ធមិត្តបានបើកប្រតិបត្តិការយោធាដ៏ធំបំផុតនៃប្រវត្តិសង្គ្រាមលោកលើកទីពីរ។ ប្រមុខរដ្ឋ រដ្ឋាភិបាល ឥស្សរជននយោបាយកំពូលៗលើពិភពលោក មិនតិចជាង១៩រូប បានមកចូលរួម មានជាអាទិ៍ លោកប្រធានាធិបតីបារាំងជាម្ចាស់ផ្ទះ ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ព្រះមហាក្សត្រីយ៍ អេលីហ្សាប៉ែតទីពីរ របស់អង់គ្លេស និងនាយករដ្ឋមន្ត្រី លោកប្រធានាធិបតីរុស្ស៊ី ពូទីន លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ មែរកិល។ ក៏ប៉ុន្តែពិធីរំលឹកខួប ដ៏អឹកអធឹកនេះ ត្រូវបានអាប់អួររស្មីបន្តិច ដោយហេតុតែ វិបត្តិអ៊ុយក្រែន ដែលបានរុញច្រានបស្ចឹមលោកនិងរុស្ស៊ីមិត្តរួមអាវុធក្នុងសម័យសង្គ្រាមលោកលើកទីពីរ កំពុងប្រឈមមុខដាក់គ្នាដូចក្នុងសម័យសង្គ្រាមត្រជាក់។
ប្រតិបត្តិការយោធាថ្ងៃទី ៦ មិថុនា ឆ្នាំ ១៩៤៤ (D-Day) ជាព្រឹត្តិការណ៍ចងចាំមួយដែលមានកត់ត្រាក្នុងប្រវត្តិសាស្ត្រពិភពលោក ព្រោះជាថ្ងៃដែលកងទ័ពសម្ព័ន្ធមិត្ត រួមមានទ័ពអាមេរិក អង់គ្លេស និងកាណាដាសំរុកចូលបានក្នុងទឹកដីបារាំង។ នាវាចម្បាំង ១២១៣គ្រឿង នាវាជំនួយ៧៣៦គ្រឿង ៨៦៤ នាវាសម្ភារៈបរិក្ខារ ៤១២៦យានយន្ត ទូក បានបញ្ជួនរថយន្ត២ម៉ឺនគ្រឿង ជាមួយនឹងពលទាហាន ប្រមាណជាង ១៥៦០០០នាក់ (៧៣០០០អាមេរិក -៨៣០០០ជា ទាហានអង់គ្លេស និងកាណាដា) ខ្លះលោតឆ័ត្រយោង ខ្លះមកតាមផ្លូវទឹក ទាហានអាមេរិក អង់គ្លេស និងកាដាណា និងបារាំង បានដាក់ជើងជាន់ដីបារាំង និងបុកចូលតាមមុខព្រួញទិសដៅ៥សមរភូមិ ទម្លុះរនាំងទ័ពអាល្លឺម៉ង់ ប្រែក្លាយបណ្តោយឆ្នេរណ័រម៉ង់ឌី ជាសមរភូមិប្រយុទ្ធ យ៉ាងសន្ធោសន្ធៅ ! ពេញមួយថ្ងៃទី ៦មិថុនា ១៩៩៤នោះ ការប្រយុទ្ធគ្នាមានគ្រប់សណ្ឋាន ទាំងនៅលើអាកាស លើសមុទ្ទ និងលើដី ជាប្រតិបត្តិការដ៏ធំបំផុត និងអស្ចារ្យមួយនៃសង្គ្រាមលោកលើកទីពីរនៅអឺរ៉ុប ដែលមានប្រើឧបករណ៍សង្គ្រាម សម្ភារៈបរិក្ខារ និងបច្ចេកវិទ្យាទំនើបខ្លាំងដំបូង ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
រយៈពេលតែ២៤ម៉ោង កងទ័ពសម្ព័ន្ធមិត្តអាចជ្រៀតចូលជាន់ដីបារាំងបាន និងរុលទៅមុខ បណ្តេញទ័ពអាល្លឺម៉ង់ហ៊ីត្លែរ បានជាច្រើនគីឡូម៉ែត្រ ប៉ុន្តែមានទាហាន និងមនុស្សស្លាប់មិនតិចជាង១០០០០នាក់ទេ ក្នុងមួយថ្ងៃនោះ។ ថ្ងៃទី៦មិថុនា១៩៤៤ គ្រាន់តែជាថ្ងៃចាប់ផ្តើមបើកសមរភូមិប្រយុទ្ធប៉ុណ្ណោះ។ យុទ្ធនាការនេះមានឈ្មោះថា Overlord អូសបន្លាយអស់ពេល ១០០ថ្ងៃ និងបានចាត់ទុកចប់នៅថ្ងៃរវាងថ្ងៃទី ១៩ទៅ២១សីហា (មិនមែនចប់សង្គ្រាមទេ) ក្រោយពេលដែលទ័ពសម្ព័ន្ធមិត្តរំដោះក្រុងប៉ារីសពីកណ្តាប់ដៃទ័ពអាល្លឺម៉ង់ហ៊ីត្លែរ បាននៅថ្ងៃទី ២៥សីហា ១៩៤៤។ ជាយុទ្ធនាការយោធាដែលមានជីវិតទាហាននិងស៊ីវិលស្លាប់យ៉ាងច្រើន ៩៥%នៃការស្លាប់របស់ជនស៊ីវិល គឺដោយសារការទម្លាក់គ្រាប់បែក ពីសំណាក់កម្លាំងសម្ព័ន្ធមិត្ត៕