ផ្ការាក់ ឬ ផ្កាស្នេហ៍ (ចាស់ៗនិយមហៅផ្កាស្នេហ៍ ជាពិសេសក្មេងជំនាន់ហ្លួងសុីសុវត្ថិ) ជាប្រភេទផ្កាដែលប្រជាជនខ្មែរយើងជំនាន់មុននិយមប្រើ ក្នុងការតុបតែងគ្រឿងសក្ការៈបូជាមានបាយសីជាដើម ក្រងជាគំរបត្រៃចីវរ ចាក់ជារំយោលជរសំយុងសម្រាប់អ្នករបាំ ក្រងជាភួងមាលា ចាក់ជាគោមរយ៉ា (ក្រោយមកគេនិយមប្រើគោមរយ៉ាកម្រងកែវ) ឬរយ៉ាមាល័យសំរាប់លំអតាមមាត់បង្អួច ទ្វា និង ក្នុងប្រាសាទ និងតុបតែងជាក្បាច់ផ្សេងៗ ព្រោះជំនាន់នោះមិនទាន់មានការលក់និងនិយមប្រើផ្កាម្លិះច្រើនដូចសម័យនេះឡើយ។
ដោយសារផ្ការាក់ងាយស្រួលរក និង មិនបាច់ចំណាយប្រាក់ទិញ ទើបពេលបុណ្យសពដែលជាពេលអាសន្ន ប្រជាជនខ្មែរបានយកផ្ការាក់មកតុបតែងលើមឈូសសព ហេតុនេះទើបអ្នកដែលមកចូលរួម ពិសេសក្មេងៗគិតថាផ្កានេះជាផ្កាខ្មោចសម្រាប់តែងក្នុងបុណ្យសព ធ្វើឲ្យមានការយល់ខុសលើផ្ការាក់ដូចផ្កាចន្ធូដែរ រួមជាមួយការបន្លាចពីមនុស្សចាស់ ដោយគាត់មិនចង់ឲ្យក្មេងដើរលេងពេលយប់ ព្រោះបារម្ភពីសុវត្ថិភាព ហើយដោយសារផ្ការាក់មានដុះច្រើនតាមកន្លែងដែលក្មេងចូលចិត្តលេង ទើបពួកគាត់យកដើមផ្កានេះជាហេតុបន្លាចក្មេងតែម្តង លុះក្មេងធំឡើងក៏ចេះតែនិយាយតគ្នាថា ផ្កាខ្មោចៗ។
បើយោងទៅតាមវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត និង វចនានុក្រមខ្មែរជាការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ព.ស.២៥១១ គ.ស.១៩៦៧ បានសរសេរថា ៖ រាក់ ន. ឈ្មោះឈើតូច ស្លឹកក្រាស់សម្បុរ ស ប្រផេះដែលយ៉ាងធំប៉ុនៗបាតដៃ មានជ័រស, មាន ២ប្រភេទគឺ រាក់ស ផ្កាសម្បុរស, រាក់ក្រហម ផ្កាសម្បុរស្វាយស្រគាំ, ផ្ការាក់ទាំង២យ៉ាងនេះ មានក្លិនក្រអូបលាយក្រពុលបន្តិចៗ ជនានុជនរាប់អាន ច្រើនដោតក្រងជាភួងមាលា ឬ ប្រើក្នុងវេលាថ្វាយបង្គំទទួលឋានន្តរ(ថ្វាយបង្គំងារ)។
ដូចនេះតាមរយៈការបកស្រាយនៃវចនានុក្រមខ្មែរ យេីងឃើញថា ផ្ការាក់ ត្រូវបានគេប្រើធ្វើជាភួង ដែលក្នុងជំនឿខ្មែរថាការថ្វាយភួងមាលាចំពោះព្រះ និងជូនភួងមាលា ជាតំណាងឲ្យការប្រសិទ្ធិពរជ័យ មង្គលសិរីសួស្តី ហើយវាក៏ត្រូវបានគេប្រើក្នុងពេលទទួលឋានន្តរ ដែលជាពិធីមង្គល ជាពិធីកិត្តិយសខ្ពង់ខ្ពស់មួយក្នុងសង្គមខ្មែរ ពុំមែនប្រើសម្រាប់តែតុបតែងមឈូសសព ដូចដែរគេយល់ច្រឡំនោះឡើយ៕ ៚
ប្រភពអត្ថបទ : ភួងម៉ាល័យ បាយសីខ្មែរ