ក្រោយពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានចេញ និងផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០ មក មានប្រជាជនជាច្រើនត្រូវទទួលបានការផាកពិន័យដោយសារតែខ្វះឯកសារតាមខ្លួន និងការមិនគោរពច្បាប់ចរាចរណ៍តែម្តង។
តែអ្វីដែលប្រជាពលរដ្ឋមួយចំនួនបានសំណូមពរនោះ គឺដោយសារតែបច្ចុប្បន្នមានប្រជាជនយើងជាច្រើនទិញឡាន ម៉ូតូ និងកង់៣សុទ្ធតែបង់រំលស់ ដូច្នេះពិតជាមានការខ្វះខាតឯកសារដូចជាកាតគ្រីតែម្តងធ្វើឱ្យមានការផាកពិន័យបែបនេះ។
ទោះជាយ៉ាងណាពេលនេះ អគ្គស្នងការរងនគរបាលជាតិ បានចេញដោះស្រាយនូវបញ្ហាប្រឈមចំពោះការប្រើប្រាស់ ប័ណ្ណសំគាល់យានយន្ត ( កាតគ្រី ) ថតចម្លង គ្មានការបញ្ជាក់ពី អាជ្ញាធរ រងការផាកពិន័យនេះហើយ ដោយឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានណែនាំមិនអោយនគរបាលចរាចរណ៍ទូទាំងរាជធានី-ខេត្ត ធ្វើការផាកពិន័យចំពោះ ប្រជាពលរដ្ឋ ដែលប្រើប្រាស់ ប័ណ្ណសំគាល់យានយន្ត ( កាតគ្រី ) ថតចម្លង ទេ ។ ប៉ុន្តែ បងប្អូនប្រជាពលរដ្ឋដែលទិញ រថយន្ត ម៉ូតូ និង ម៉ូតូកង់៣ បង់រំលស់ ត្រូវភ្ជាប់ កិច្ចសន្យាទិញលក់ ដាក់ជាប់មកជាមួយដេីម្បីទុកបង្ហាញសមត្ថកិច្ចនៅពេលដែល សមត្ថកិច្ចត្រួតពិនិត្យ ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលទិញ រថយន្ត ម៉ូតូ និង ម៉ូតូកង់៣ បង់រំលស់ ត្រូវយក ឯកសារកិច្ចសន្យាទិញលក់ នៅកន្លែងបង់រំលស់ និង ប័ណ្ណសំគាល់យានយន្ត ( កាតគ្រី ) ថតចម្លង ដាក់ជាប់ខ្លួនផង ៕