នៅពេលបច្ចុប្បន្ននេះ យើងដឹងស្រាប់ហើយ ម៉ុងហ្គោលលី ជាជាតិសាសន៍មួយដែលរស់នៅតាមរបៀបកុលសម្ព័ន្ធតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន ។ ម៉ុងហ្គោលី ជាប្រទេសដែលមានភូមិផងរបងជាមួយនឹងចិន ដែលជានិច្ចជាកាលតែងតែឈ្លានពាន ឆក់ប្លន់ទ្រព្យសម្បត្តិពីជនជាតិចិន នេះក៏ជាមូលហេតុចម្បងដែល អធិរាជឈីង សាងសង់កំពែង ដែលមានប្រវែង ១៣១៧១ គ.ម ដើម្បីការពារពីការឈ្លានពានពីក្រុមកុល សម្ព័ន្ធមុងហ្គោល ។
ជាការពិតណាស់ ម៉ុងហ្គោល មិនមែនជាកុលសម្ព័ន្ធធម្មតានោះទេ ពួកគេមានជំនាញជិះសេះបាញ់ព្រួញ ដែលជាកងទ័ពមួយដ៏ខ្លាំង និងមានអំណាច ។ តួយ៉ាងដូចជាដើមសតវត្សន៍ទី ១២ ជេនហ្សុីស ខាន់ ដែលជា អធិរាជមុងហ្គោល បានបើកការឈ្លានពានប្រទេសចិន អាសុី និងអឺរ៉ុបខាងកើត ។ ដំណើរឈ្លានពានទៅលើ ចិន ជារបត់ប្រវត្តិសាស្ត្រដ៏អស្ចារ្យស្តីពីភាពរុងរឿងរបស់ មុងហ្គោល ជាការពិត ចិន មានមហាកំពែងដ៏វែង និងខ្ពស់ វាពិបាកក្នុងការវាយលុក និងត្រូវចំណាយអាយុជីវិតទាហាន ព្រមទាំងចំណាយពេលយូរ ។ ទីមូជីន ឬ ជេនហ្សុីស ខាន់ បាននឹកឃើញគំនិតដ៏ងាយស្រួលមួយ គឺដើរវៀង កងទ័ពរបស់ ជេនហ្សុី ខាន់ បានដើរ ទៅដល់រាជធានីនៃ ប្រទេសចិន ខាងជើង ដែលមានទីតាំងនៅម្តុំទីក្រុងប៉េកាំងបច្ចុប្បន្ន ។ ទោះជាយ៉ាងនេះក្ដី កងទ័ពមុងហ្គោល ត្រូវជួបឧបសគ្គដដែលទៀត គឺកំពែងដែលមានកំពស់ ១២ម៉ែត្រ ប្រវែង ៣០គ.ម ហើយការពារទៅដោយប៉មយាម ប្រមាណជា ៩០០កន្លែង ។ កំពែងក្រុង មិនដូចនឹងមហាកំពែងចិនដែលមានផ្លូវអាចដើរវៀងបាន កងទ័ពរបស់ ជេហ្សុីខាន់ ចាំបាច់ត្រូវកំផែងក្រុង ប៉េកាំង ដោយការធ្វើសង្គ្រាម ។ តែ ជេហ្សុីខាន់ មិនបានវាយប្រហារភ្លាមៗនោះទេ តែ ជេហ្សុីខាន់ បានធ្វើការឡោមព័ទ្ធផ្តាច់ផ្លូវនាំស្បៀងចូលក្រុង ដែលជាហេតុធ្វើអោយទាហានក្នុងក្រុងខ្វះស្បៀង ហើយបើកទ្វារសុំចុះចាញ់ ។
ក្រោយពីត្រួតត្រា ចិន ខាងជើងបានហើយ ជេហ្សុីខាន់ បានងាកទៅរកចក្រភពពែក្ស៍ម្តង ក៏ប៉ុន្តែជាមួយនឹងពួកពែក្ស៍ អធិរាជ ជេនហ្សុីខាន់ មិនមានបំណងចង់ធ្វើសង្គ្រាមទេ តែចង់ធ្វើជំនួញ ជេហ្សុីខាន់ ក៏បាន បញ្ជូនមន្ត្រីទូតរបស់ខ្លួន អោយទៅជួបអធិរាជ ពែក្ស៍ ដើម្បីចរចារបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងគ្នា ។ ក្រោយមកនៅពាក់កណ្តាលឆ្នាំ ១២១៨ អធិរាជពែក្ស៍ បានផ្ញើរកញ្ចប់មួយមកអោយ ជេហ្សុីខាន់ កញ្ចប់ដែលនាំទៅរកការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក ។ នៅក្នុងកញ្ចប់នោះ គឺក្បាលរបស់មន្ត្រីទូត មុងហ្គោល ដែល ជេហ្សុីខាន់ បានបញ្ជូនទៅអោយជួប អធិរាជ ពែក្ស៍ ។ ជេហ្សុីខាន់ ផ្ទុះ កំហឹង ក៏បានប្រមូលទ័ពប្រមាណជា ២០០០០០នាក់ វាយលុកចូលទៅឈ្លានពាន ចក្រភពពែក្ស៍ ដែលបានប្រកាសថា "អ្នកណាដែលសុខចិត្តដាក់អាវុធចុះចាញ់ ត្រូវទុកអោយរស់ ចំណែកឯក្រុមណា ឬទីក្រុងណាដែល មិនចុះចាញ់ ត្រូវសម្លាប់ និងដុតកម្ទេចអោយរាបដល់ដី" ។ ពីទឹកចិត្តដែលចង់ធ្វើជំនួញ ទៅជាសង្គ្រាមបង្ហូរឈាម កងទ័ពរបស់ អធិរាជមុងហ្គោល បានវាយកម្ទេចអាណាចក្រ ពែក្ស៍ នៅឆ្នាំ ១២២០ ប្រជាជន ពែក្ស៍ ប្រមាណ ១០០០០០០នាក់ ត្រូវស្លាប់បាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះ ។
ក្រោយពីបានវាយកម្ទេច អាណាចក្រពែក្ស៍័ ហើយ ជេនហ្សុីខាន់ បាននាំកងទ័ពទៅ មុងហ្គោល វិញ តែនៅតាមផ្លូវ បានឈ្លាតវាយដណ្តើមយក អាហ្វហ្គានីស្ថាន និងប៉ែកខាងជើងឥណ្ឌា ។ កងទ័ពមួយផ្នែកទៀតដែល គ្នាជាង ២០០០០នាក់ ត្រូវបាន ជេនហ្សុីខាន់ បញ្ជូនអោយទៅធ្វើការវាយលុកទៅទិសខាងលិច ដើម្បីជាការពិសោធន៍ថាតើពួកគេអាចវាយលុកទៅដល់ត្រឹមណា ទើបមានអ្នកណាអាចចេញមុខមករារាំងបញ្ឈប់ដំណើររបស់ពួកគេបាន ។ ក៏ប៉ុន្តែកងទ័ពមួយក្រុមនេះ វាយលុកចូលទៅដល់ព្រុំដែន អឺរ៉ុប ខាងកើត ដោយមិនមានអ្នកណាអាចរារាំងបានឡើយ ។
នៅឆ្នាំ ១២២៦ ភ្លាមៗក្រោយពីវិលត្រឡប់ពីយកជ័យជំនះលើ ពែក្ស៍ អធិរាជមុងហ្គោល បានវាយយក ចិន ទាំងមូល ក៏ប៉ុន្តែនៅខែសីហា ឆ្នាំ១២២៧ ជេនហ្សុី ខាន់ ក៏ស្រាប់តែចូលទីវង្គត ក្នុងវ័យ ៦៥ឆ្នាំ ។ អធិរាជ ជេនហ្សុីខាន់ បានស្លាប់ទៅតែបន្សល់ទុកនូវកងទ័ពដ៏ខ្លាំងពូកែរាប់សិបម៉ឺននាក់ ហើយគិតត្រឹមពេលនោះ អធិរាជមុងហ្គោល បានកាន់កាប់ទឹកដីដែលលាតសន្ធឹងពីមហាសមុទ្រប៉ាសុីហ្វឹច រហូតទៅដល់អឺរ៉ុបខាងកើត ទឹកដីរបស់ មុងហ្គោល មានទំហំធំជាងទឹកដីរបស់ អាឡិចហ្សង់ដល់ទៅ ៤ដង ហើយធំជាងចក្រភពរ៉ូម ដល់ទៅ ២ដង ។
ក្នុងប្រវត្តិសាស្ត្រ នៅឆ្នាំ ១២៨៣ មុងហ្គោល បានបញ្ជូនរាជទូតកាត់តាមនគរចម្បា ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់ មុងហ្គោល ស្រាប់ទៅហើយ អោយចូលមកនគរខ្មែរ ត្រង់ចំណុចនេះ គ្មានឯកសារណាដែល ថ្លែងពីការវាយប្រយុទ្ធរវាងខ្មែរ និងមុងហ្គោលនោះទេ ក៏ប៉ុន្តែគេឃើញថា ២ឆ្នាំក្រោយមក គឺនៅឆ្នាំ ១២៨៥ ស្តេចនគរខ្មែរ គឺ ព្រះបាទជ័យវរ្ម័នទី ៨ បានផ្ញើរសួយសារអាករទៅថ្វាយអធិរាជមុងហ្គោល គូបីឡៃខាន់ ។ ហើយនៅឆ្នាំ ១២៩៦ រាជទូត ចិន ឈ្មោះ ជីវតាក្វាន់ ត្រូវបានបញ្ជូនអោយមកបំពេញបេសកកម្មនៅក្នុងនគរខ្មែរ រហូតដល់ពាក់កណ្តាលឆ្នាំ ១២៩៧ ។ គឺ ជីវតាក្វាន់ នេះហើយ ដែលបានបន្សល់ទុកនូវកំណត់ត្រាជាច្រើន អំពីជីវភាពប្រចាំថ្ងៃរបស់ខ្មែរ នៅក្នុងសម័យអង្គរ ។ ជីវតាក្វាន់ ថ្វីត្បិតតែត្រូវបានបញ្ជូនពី ចិន ហើយត្រូវបានគេហៅថា រាជទូតចិន ក៏ប៉ុន្តែការពិតទៅ គឺជារាជទូតរបស់ មុងហ្គោល ពីព្រោះថានៅពេលនោះ ចិន គឺស្ថិតក្រោមការត្រួតត្រារបស់ មុងហ្គោល ៕