ថ្មីៗនេះពិតជារីករាយខ្លាំង ដោយអាជ្ញាធរអប្សរា បានលើកទឹកចិត្ត និងគាំទ្រ គូសប្លង់ដោយឥតគិតថ្លៃ ឱ្យមានការសាងសង់ វត្តអារាមធ្វើពីឈើបែបបុរាណថ្មីលើទឹកដីអង្គរបវរនៃយើង ក្រោយព្រះវិហារចាស់នៃវត្តកេតកន្យារាម ដែលស្ថិតនៅខាងក្រោយប្រាសាទបន្ទាយក្តីមានសភាពទ្រុឌទ្រោមខ្លាំង។
តាមរយៈគណនីហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា បានរៀបរាប់ថា៖ « អាជ្ញាធរជាតិអប្សរាលើកទឹកចិត្តព្រះសង្ឃវត្តកេតកន្យារាមអភិរក្សសំណង់ពុទ្ធសាសនាបែបបុរាណ
អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យព្រះចៅអធិការវត្តកេតកន្យារាម ដែលស្ថិតនៅខាងក្រោយប្រាសាទបន្ទាយក្តីសាងសង់សំណង់ព្រះវិហារព្រះពុទ្ធសាសនាថ្មី ធ្វើអំពីឈើបែបបុរាណ នៅលើខឿនបេតុងមួយជាន់ ហើយគូសប្លង់ប្រគេនដោយឥតគិតថ្លៃ តាមការស្នើសុំ ក្រោយពិនិត្យឃើញថា ព្រះវិហារចាស់មានសភាពទ្រុឌទ្រោមខ្លាំង។
ការអនុញ្ញាតនេះ ក្នុងបំណងអភិរក្សសំណង់ស្ថាបត្យកម្មវត្តបុរាណដែលប្រឈមនឹងការបាត់បង់ឱ្យសម្បូរបែបឡើងវិញ ដើម្បីបំពេញតួនាទីស្របតាមតម្រូវការនៃការប្រើប្រាស់របស់ពុទ្ធសាសនិក ការរក្សាបាននូវទម្រង់សំណង់សាសនាបែបបុរាណខ្មែរ ដែលបង្ហាញអំពីវប្បធម៌ជាតិក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផង។
ទាក់ទងនឹងកិច្ចការអភិរក្សសំណង់សាសនាបែបបុរាណ ក្រុមការងារកិច្ចការវត្តអារាមនៃអាជ្ញាធរជាតិអប្សរា តែងតែចុះពិនិត្យការសាងសង់ជាប់ជានិច្ច ដើម្បីឱ្យស្របតាមលក្ខណៈបច្ចេកទេស និងប្លង់ស្ថាបត្យកម្មបែបបុរាណខ្មែរ។ គិតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ការសាងសង់សំណង់ព្រះវិហារថ្មីនេះ បានរួចរាល់ប្រមាណ៣៥%ហើយ។ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នឹងនៅតែបន្តចុះពិនិត្យ រហូតដល់ការសាងសង់បានរួចរាល់១០០% ចៀសវាងកំហុសឆ្គងផ្សេងៗនៃការសង់សង់ »។
នេះពិតជាដំណឹងដ៏រីករាយ ដែលសំណង់សាសនាបែបបុរាណត្រូវបានសាងសង់ដើម្បីអភិរក្សបែបនេះ ដោយសំណង់នេះក្រោយសាងសង់រួចមិនត្រឹមតែសម្រាប់បម្រើសាសនា តែក៏អាចជាប្រភពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្ត រួមទាំងសិក្សាបន្ថែមពីសិល្បៈបុរាណខ្មែរទៀងផង៕
ប្រភពអត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ