លោក វណ្ណ ម៉ូលីវណ្ណ ដែលត្រូវបានគេចាត់ទុកថាជាស្ថាបនិកនៃស្ថាបត្យកម្មខ្មែរសម័យទំនើប គឺជាស្ថាបត្យករខ្មែរដ៏ល្បីល្បាញមួយរូបក្នុងទសវត្សរ៍ឆ្នាំ១៩៥០ រហូតដល់ទសវត្សឆ្នាំ១៩៧០ ដោយការងារផ្នែកស្ថាបត្យកម្មរបស់លោកត្រូវបានគេចាត់ទុកថាជាស្ថាបត្យកម្មល្អបំផុតដែលបានលេចឡើងអំឡុងពេលនោះ។ លោកបានបញ្ចប់គម្រោងសាងសង់ចំនួនជិត១០០ ដែលមាននៅទាំងក្នុងប្រទេស និងក្រៅប្រទេសរួមមានគម្រោងនៅក្នុងប្រទេស ជប៉ុន បារាំង និងបណ្តាប្រទេសសំខាន់ៗជាច្រើនទៀត។ ឥទ្ធិពលនៃស្ថាបត្យកម្មរបស់លោកនៅតែរីកសុះសាយក្នុងប្រទេសកម្ពុជាដោយមនុស្សជាច្រើននៅតែកោតសរសើរពីស្នាដៃរបស់លោកទាំងនោះហើយភាពច្នៃប្រឌិតនេះបានចូលរួមយ៉ាងច្រើនទៅលើស្ថាបត្យកម្មកម្ពុជាក្នុងពេលបច្ចុប្បន្ន។
ដោយគម្រោងសំខាន់ៗមួយចំនួនរបស់លោក ម៉ូលីវណ្ណ រួមមាន៖ វិមានឯករាជ្យ ពហុកីឡាដ្ឋានជាតិ អូឡាំពិក ស្ពានជ្រោយចង្វារ សំណង់អគារសាកលវិទ្យាល័យភូមិភ្នំពេញ សាលសន្និសិទ្ធិចតុមុខ រោងមហោស្រពជាតិព្រះសុរាម្រិតទន្លេបាសាក់ និងវិមានរដ្ឋនៅចំការមនក្រុងភ្នំពេញ បច្ចុប្បន្នជាកន្លែងព្រឹទ្ធសភា។គម្រោងទាំងនេះត្រូវបានចាត់ទុកថាជាទីតាំងសំខាន់ៗសម្រាប់អ្នកស្រុក និងជនបរទេសជាច្រើនដែលរស់នៅក្នុងប្រទេសកម្ពុជា រួមទាំងសំណង់អគារជាច្រើនទៀតរាប់មិនអស់ ដែលស្នាដៃខ្លះមិនសូវមានអ្នកដឹងទៀតផង។ តែលោកបានទទួលមរណភាពនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងអាយុ៩១ឆ្នាំ នៅក្នុងលំនៅដ្ឋានរបស់លោកនៅតាមបណ្តោយស្ទឹងសៀមរាបក្នុងក្រុងសៀមរាប ជាការសោកស្តាយបំផុតសម្រាប់ប្រជាជនកម្ពុជាក្នុងការបាត់បង់អ្នកដែលមានចំណេះដឹង និងសមត្ថភាពមួយរូបនេះ។
នៅក្នុងនោះផងដែរ ការរចនាគេហដ្ឋានរបស់លោកផ្ទាល់ ដែលស្ថិតនៅលើមហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានកសាងនៅឆ្នាំ១៩៦៨ គឺជាស្ថាបត្យកម្មដ៏ធំ និងសំខាន់ មួយ ដែលលោកធ្លាប់បានរៀបរាប់ថា ផ្ទះនេះមានអត្ថន័យ សម្រាប់លោក និងគ្រួសារលោក តែស្រាប់តែថ្មីៗនេះផ្ទះនេះបែរជាប្រកាសដាក់លក់ទៅវិញ។
ការប្រកាសដាក់លក់ផ្ទះនេះ ធ្វើឡើងដោយក្រុមហ៊ុនអចលនទ្រព្យ IPS ដោយដាក់លក់ក្នុងតម្លៃ ៧លានដុល្លារឯណោះ ដោយគេហដ្ឋាននេះ មានទំហំ ៩២៤ម៉ែត្រការ៉េ មាន២ជាន់ ដែលមានបន្ទប់ការិយាល័យចំនួន៤ បន្ទប់ធំទូលាយមួយ និងបន្ទប់ទឹក៥ ៕
រូបភាព៖ The One Moment-គ្រាមួយ