ឆ្នាំ ១២១៨ ម៉ុងហ្គោ ក្រោមការត្រួតត្រារបស់ ជេន ហ្សុីសខាន់ បានធ្វើការវាយលុកកាន់កាប់ប្រទេស ចិន ភាគខាងជើង ហើយបានពង្រីកអំណាចរបស់ខ្លួនទៅកាន់ អឺរ៉ុប ខាងកើត ។ ជាការពិត ជេន ហ្សុីសខាន់ ជា មនុស្សស្រលាញ់សន្តិភាព គាត់មិនសូវជាចង់ធ្វើសង្គ្រាមបង្ហូរឈាមឡើយ តែអ្វីដែលធ្វើអោយ អធិរាជម៉ុងហ្គោលម្នាក់នេះ ធ្វើសង្គ្រាមកាន់កាប់អឺរ៉ុបសឹងទាំងមូលនោះគឺ អាណាចក្រពែក្យរ៍ ។
ឆ្នាំ ១២១៨ ដដែលនេះ ជេន ហ្សុីសខាន់ បានបញ្ជូនរាជទូតម្នាក់ទៅជួប អធិរាជពែក្យរ៍ ក្រោយមកនៅពាក់កណ្តាលឆ្នាំដដែលនោះ អ្នកនាំសារបានបញ្ជូនកញ្ចប់មួយមកដល់ ជេន ហ្សុីសខាន់ កញ្ចប់ដែលនាំមកនូវវិនាសហិនហោចនៃអាណាចក្រពែក្យរ៍ នោះគឺក្បាលរាជទូតម៉ុងហ្គោល ។
ជេន ហ្សុីសខាន់ ផ្ទុះកំហឹង ក៏បានប្រមូលទ័ពប្រមាណជា ២០ម៉ឺននាក់ វាយលុកចូលឈ្លានពានអាណាចក្រពែរស៍ ដោយបានដាក់បញ្ជាថា អ្នកណាដែលសុខចិត្តដាក់អាវុធចុះចាញ់ត្រូវទុកឲ្យរស់ ចំណែកឯក្រុមណា ឬទីក្រុងណា ដែលមិនចុះចាញ់ត្រូវសម្លាប់ និងដុតកម្ទេចឲ្យរាបដល់ដី។ បំណងចង់ធ្វើជំនួញ ប្រែក្លាយទៅជាកំហឹងចង់ធ្វើសង្រ្គាម។ កងទ័ពរបស់ជិនហ្គីស ខាន់ បានវាយដណ្តើមកាន់កាប់អាណាចក្រពែរស៍ទាំងមូល នៅឆ្នាំ១២២០។ ប្រជាជនពែរស៍ប្រមាណជាជាង១លាននាក់ ទាំងស្រី ទាំងប្រុស ទាំងចាស់ ទាំងក្មេង ត្រូវស្លាប់បាត់បង់ជីវិត ក្នុងសង្រ្គាមនេះ។
ក្រោយពីបានវាយកាន់កាប់អាណាចក្រពែរស៍បានហើយ ជេន ហ្សុីសខាន់ បានដឹកនាំកងទ័ពមួយផ្នែកធំត្រឡប់ទៅម៉ុងហ្គោលវិញ ដោយនៅតាមផ្លូវ បានឆ្លៀតវាយដណ្តើមយកអាហ្វហ្កានីស្ថាន និងប៉ែកខាងជើងឥណ្ឌា។ កងទ័ពមួយផ្នែកតូចទៀត ដែលមានគ្នាប្រមាណជា ២ម៉ឺននាក់ ត្រូវបានជិនហ្គីស ខាន់ បញ្ជូនឲ្យធ្វើការវាយលុកសំដៅទៅទិសខាងលិច ដើម្បីជាការពិសោធន៍មើលថា តើពួកគេអាចវាយលុកទៅដល់ត្រឹមណា ទើបមានអ្នកអាចចេញមុខមករារាំងបញ្ឈប់ដំណើររបស់ពួកគេបាន។ ក៏ប៉ុន្តែ កងទ័ពមួយក្រុមនេះវាយលុកចូលរហូតទៅដល់ព្រំដែនអឺរ៉ុបខាងកើត ដោយមិនមានអ្នកណាអាចរារាំងបាន។
ឆ្នាំ១២២៦ ភ្លាមៗក្រោយពីវិលត្រឡប់ប្រតិបត្តិការយោធានៅពែរស៍ ជេន ហ្សុីសខាន់ បាននាំកងទ័ពចូលឈ្លានពានទៅលើទឹកដីចិន ដែលនៅសេសសល់ពីការឈ្លានពានលើកមុន។ ក៏ប៉ុន្តែ នៅខែសីហា ឆ្នាំ១២២៧ នៅក្នុងពេលដែលកងទ័ពម៉ុងហ្គោលកំពុងវាយលុកទៅលើរាជធានីរបស់នគរសៀ នៅដែនដីប៉ែកខាងលិចប្រទេសចិន ជេន ហ្សុីសខាន់ ក៏ស្រាប់ចូលទិវង្គត់ ក្នុងវ័យ ៦៥ឆ្នាំ ។ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ អ្នកប្រវត្តិសាស្រ្តនៅតែមិនទាន់មានការឯកភាពគ្នានៅឡើយ អំពីមូលហេតុនៃការស្លាប់របស់ជិនហ្គីស ខាន់។ ខ្លះថា ស្លាប់ក្នុងសមរភូមិ ក្នុងពេលប្រយុទ្ធជាមួយនឹងនគរសៀ។ ខ្លះទៀតថាស្លាប់ដោយជំងឺ ឬដោយធ្លាក់ពីលើខ្នងសេះ។
អធិរាជ ជេន ហ្សុីសខាន់ ទទួលមរណភាពដោយបន្សល់ទុកនូវកងទ័ពដ៏ខ្លាំងពូកែរាប់សិបម៉ឺននាក់ ហើយគិតមកត្រឹមពេលនោះ ចក្រភពម៉ុងហ្គោលបានកាន់កាប់ទឹកដីដែលលាតសន្ធឹងចាប់តាំងពីមហាសមុទ្រប៉ាស៊ីហ្វិក រហូតទៅដល់អឺរ៉ុបខាងកើត។ ទឹកដីនៃចក្រភពម៉ុងហ្គោលមានទំហំធំជាងចក្រភពម៉ាសេដ្វាន់របស់អាឡិចសង់ ឡឺក្រង់ (Alexandre le Grand) រហូតដល់ទៅ ៤ដង ហើយធំជាងចក្រភពរ៉ូម រហូតដល់ទៅ ២ដង។
មរណភាពរបស់ជិនហ្គីស ខាន់ មិនបានបញ្ចប់ការវាតទីពង្រីកទឹកដីនៃចក្រភពម៉ុងហ្គោលនោះទេ។ អហ្កឺដី ខាន់ (Ögedei Khan) កូនប្រុសទី៣របស់ជិនហ្គីស ខាន់ ដែលឡើងស្នងតំណែងជាអធិរាជបន្តពីឪពុក ព្រមទាំងអធិរាជជំនាន់ក្រោយៗមកទៀត បានបន្តធ្វើសង្រ្គាមវាតទីពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្គោល រហូតកើនឡើងទ្វេដង លើសពីសម័យកាលអធិរាជជិនហ្គីស ខាន់៕