ក្នុងសម័យសង្គ្រាមត្រជាក់ អាមេរិច និង រុស្សុី ជាគូសត្រូវដែលមិនអាចផ្សះផ្សារបាន ហើយជាគូសត្រូវដែលប្រណាំប្រជែងតាំងពីសព្វាវុធ និងបច្ចេកវិទ្យាតាំងពីលើដី រហូតដល់ឋានអវកាស !! ជាក់ស្តែងដូចជា ស្ព៉ាត់នីក ដែលជាផ្កាយរណប និងជាវត្ថុដែលធ្វើដោយដៃមនុស្សលើកដំបូង ដែលបានបាញ់បង្ហោះទៅឋានអវកាស ហើយវាជាជោគជ័យប្រវត្តិរបស់ រុស្សុី ក្នុងការដើរមួយជំហានមុនសហរដ្ឋអាមេរិច ដែលជាគូប្រជែង យ៉ាងក្នុងសម័យសង្គ្រាមត្រជាក់ ។
តាមការពិតទៅ វិស័យអវកាសនេះមានភាពស្រដៀងគ្នាច្រើនទៅនឹងវិស័យយោធា ជាពិសេសគឺបច្ចេកវិទ្យាមីសុីលប៉ាឡេស្ទីច អន្តរទ្វីបដែលបន្សល់ទុកពីអាល្លឺម៉ង់ណាសុី គឺរុក្កែត V-2 ដែលអ្នកវិទ្យាសាស្ត្ររបស់ ហុីត្លែ បានផលិតនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ ហើយដែលជារុក្កែតលើកដំបូងនៅក្នុងប្រវត្តិនៃមនុស្សជាតិយើង ដែលអាចហោះចេញផុតពីព្រុំដែនបរិយាកាសរបស់ភពផែនដីហើយចូលទៅដល់ក្នុងទីអវកាស ។ ក្រោយពេលអាល្លឺម៉ង់ចាញ់សង្គ្រាម អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ជាច្រើននាក់ ដែលជំនាញខាងបច្ចេកវិទ្យាខាងរុក្កែត V-2 នេះ ត្រូវបានអាមេរិច និងរុស្សុី លួចជំលៀសចេញដោយសម្ងាត់យកចេញពីអាល្លឺម៉ង់ទៅទឹកដីរបស់ខ្លួន ។ តែសម្រាប់សហភាពសូវៀតដែលបានវាយដណ្តើមកាន់កាប់ អាល្លឺម៉ង់ មួយចំណែកដែរនោះ ក៏បានជំលៀសអ្នកវិទ្យាសាស្ត្រអាល្លឺំម៉ង់ ហើយពិសេសទៀតនោះ គឺបានប្រមូលនូវឯកសារសំខាន់ក៏ដូចជាប្លង់មេនៃរុក្កែត V-2 នេះទៅកាន់ សហភាពសូវៀត ។ តាមរយះបច្ចេកវិទ្យាអាល្លឺម៉ង់នេះហើយ ដែលអាមេរិច និងសហភាពសូវៀតអាចផលិតមីសុីលប៉ាឡេស្ទិចអន្តរទ្វីប និងក្រោយមកទៀតផលិតរុក្កែតសម្រាប់ប្រើនៅក្នុងការប្រកួតប្រជែងខាងអវកាស ។
ក៏ប៉ុន្តែនៅក្នុងវិស័យអវកាសនេះ គឺសហភាពសូវៀតជាអ្នកនាំមុខអាមេរិច នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ ១៩៥៧ សហភាពសូវៀតបានក្លាយទៅជាប្រទេសទីមួយនៅក្នុងប្រវត្តិសាស្ត្រ ដែលបានទទួលជោគជ័យក្នុងការបាញ់បង្ហោះនៅផ្កាយរណបមួយដែលមានឈ្មោះថា ស្ព៉ាត់នីក (Sputnik 1) ដាក់ទៅក្នុងតារាវិថីជុំវិញភពផែនដីរបស់យើង ជោគជ័យរបស់សហភាពសូវៀតនេះ បានធ្វើអោយសហរដ្ឋអាមេរិចភ័យឆោឡោ គឺដោយម្យ៉ាង គឺបារម្ភពីការគម្រាមកំហែងផ្នែកសន្តិសុខ ដែលអាចបង្កឡើងដោយសហភាពសូវៀតពីទីអវកាសនោះផង និងបារម្ភផងដែរខ្លាចដើរមិនទាន់សហភាពសូវៀត ខាងផ្នែកបច្ចេកវិទ្យា ។ នៅពេលនោះហើយដែលសហរដ្ឋ អាមេរិច ក្រោមអាណត្តិលោកប្រធានាធិបតី Eisenhower បានចាប់ផ្តើមងាកមកផ្តល់អទិភាពលើវិស័យអវកាសនេះដែរ ដែលបានបង្កើតស្ថាបន្យជំនាញមួយអោយទទួលបន្ទុកអភិវឌ្ឍន៍កម្មវិធីអវកាស គឺទីភ្នាក់ងារ ណាសា (Nasa) ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ១៩៥៨ ។
ជាការពិតណាស់ សព្វថ្ងៃនេះក្រោយពីសហភាពសូវៀតបានដួលរលំទៅ ឥទ្ធិពលបច្ចេកវិទ្យារបស់អាមេរិចបានរីកសាយភាយនៅទូទាំងពិភពលោក ហើយមានមនុស្សមួយចំនួនអាចគិតថា អាមេរិច ជាប្រទេសដែល ឈានមុខគេលើវិស័យអវកាសនេះ តែតាមពិតទៅនៅមានសហភាពសូវៀតដែលបានដំណើរការវិស័យអវកាសនេះតាំងពីឆ្នាំ ១៩៥៧ ម្យ៉ាងដោយសារតែយើងមិនដែលចាប់អារម្មណ៍នឹងវិស័យអវកាសរុស្សុី ទើបយើងមិនដឹងថា តើវិស័យអវកាសរុស្សុីបានដំណើរការដល់ណាខ្លះហើយ ? ៕៕
រៀបរៀងដោយ ស្តេចផារាអង់