ជារឿងមួយគួរឱ្យរន្ធត់ និងតក់ស្លុតបំផុត ដោយព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ពេលនេះមានកងកម្លាំងមួកខៀវកម្ពុជាមួយរូប បានស្លាប់បាត់បង់ជីវិតហើយដោយសារតែ Covid-19 នៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលីកាលពីថ្ងៃទី ២៩ ម្សិលមិញនេះ។
នាយទាហានកម្ពុជា ដែលបានស្លាប់បាត់បង់ជីវិតនៅប្រទេសម៉ាលីនេះមានឈ្មោះថា ស សាវី មានឋានន្តរស័ក្តិថ្នាក់ជា ឧត្តមសេនីយ៍ទោ ដែលបានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ ដោយលោកជាអ្នកជំងឺឆ្លងមួយរូបក្នុងចំណោមទាហានមួកខៀវកម្ពុជា ៣រូបដែលឆ្លងវីរុសនេះ តែ២រូបទៀតបានជាសះស្បើយទៅហើយ ដែលនេះជាទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសាររបស់យុទ្ធជនដែលបានពលីនៅប្រទេសម៉ាលីនេះផងដែរ។
គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងកម្លាំងធំៗ សរុបជិត ៨០០នាក់ ក្នុងនោះនារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៤រួមមាន៖ លីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕