កាលពី៦ពាន់ឆ្នាំមុន ប្រវត្តិសាស្ត្រមនុស្សជាតិបានចាប់ផ្តើមជាមួយនឹងការបង្កើតសំណេរ ដើម្បីកត់ត្រាហេតុការណ៍ប្រវត្តិសាស្រ្ត ក៏ប៉ុន្តែ ដំណើរបបជីវិតរបស់មនុស្សជាតិយើង បានចាប់ផ្តើមឡើងតាំងពីយូរយារ មុនប្រវត្តិជាសំណេរនេះទៅទៀត ដែលគេហៅថាជាសម័យកាលបុរេប្រវត្តិ។
នៅមុនពេលមានការបង្កើតអក្សរ យើងមានត្រឹមតែឯកសារបែបបុរាណវិទ្យាប៉ុណ្ណោះ ដើម្បីសិក្សាស្វែងយល់អំពីដំណើររឿងបុព្វបុរសដើមរបស់យើង ដូចជា ឆ្អឹង ឧបករណ៍ប្រើប្រាស់ ឬរូបគំនូរ ជាដើម ដែលគេរកឃើញតាមរយៈកំណាយបុរាណវិទ្យា។ តាមរយៈឯកសារបុរាណវិទ្យាអស់ទាំងនេះ គេអាចរកឃើញថា តាមការពិត សម័យកាលបុរេប្រវត្តិមានរយៈពេលវែងជាងប្រវត្តិសាស្រ្តជាសំណេរឆ្ងាយណាស់។
បើនិយាយអំពីប្រវត្តិនៃភពផែនដីយើងទាំងមូលយើងឃើញថា ភពផែនដីបានចាប់កំណើតឡើង តាំងពីជាជាង ៤ពាន់លានឆ្នាំមុន។ គឺជាភពមួយ ក្នុងចំណោមភពទាំង ៨ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ក៏ប៉ុន្តែ ផែនដី គឺជាភព ដែលមិនស្ថិតនៅជិតព្រះអាទិត្យពេក ដែលនាំឲ្យមានកម្តៅខ្លាំងជ្រុល ហើយក៏មិននៅឆ្ងាយពីព្រះអាទិត្យពេក ដែលនាំឲ្យមានត្រជាក់ខ្លាំង ប៉ុន្តែ ស្ថិតនៅក្នុងរយៈចម្ងាយដ៏សមស្របមួយ ប្រកបដោយអំណោយផលដល់ការចម្រើនលូតលាស់នៃជីវចម្រុះ ដែលក្នុងនោះក៏រួមទាំងមនុស្សជាតិយើងផងដែរ។
តាមរយៈការសិក្សាទៅលើតម្រ៉ុយបុរាណវិទ្យា គេរកឃើញថា មនុស្សដើមដំបូងបានចាប់ផ្តើមមានវត្តមាននៅលើភពផែនដី នៅក្នុងតំបន់អាហ្វ្រិកប៉ែកខាងកើត ក្បែរតំបន់ដើមបូព៌ាបច្ចុប្បន្ន។ ក៏ប៉ុន្តែគ្មានអ្នកណាដឹងថាមនុស្សបានកកើតជាជីវិតតាំងពីពេលណាឡើយ ឬអាចមានខុសៗគ្នា ដោយខ្លះថា រហូតដល់ទៅរាប់លានឆ្នាំមុន ខ្លះថា ២០០០០០ឆ្នាំមុន ឬក៏ ៥០០០០ឆ្នាំមុន អាស្រ័យទៅតាមទ្រឹស្តីនីមួយៗខុសៗគ្នា។
ទោះជាយ៉ាងណា អ្នកសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងនរវិទ្យាបានព្រមព្រៀងគ្នាជាទូទៅថា មនុស្សដើមដំបូង ដែលមានលក្ខណៈជាមនុស្ស ពិសេសខុសប្លែកពីសត្វ មានវត្តមាន នៅលើផែនដី កាលពីប្រមាណ ៥ម៉ឺនឆ្នាំមុន។ ហើយលក្ខណៈពិសេស ដែលបែងចែកខុសគ្នាស្រឡះរវាងមនុស្ស និងសត្វ គឺមិនមានស្ថិតនៅត្រង់ការដើរជើងពីរ ការចេះយកវត្ថុមកប្រើជាឧបករណ៍ប្រើប្រាស់ ឬការមានមនោសញ្ចេតនានោះទេ។ លក្ខណៈពិសេសរបស់មនុស្ស គឺភាសា។
សត្វ ថ្វីដ្បិតតែមានសំឡេង មានសម្រែកខុសៗគ្នា ដែលអាចឲ្យពួកគេយល់គ្នាបានខ្លះៗ ក៏ប៉ុន្តែ វាមិនមែនជាភាសា ដែលមានលក្ខណៈជឿនលឿន អាចឲ្យមានការនិយាយយល់គ្នាបានដូចជាភាសារបស់មនុស្សនោះទេ។ ការដែលមិនមានភាសានិយាយគ្នាបាននេះ ធ្វើឲ្យសត្វ មានការវិវឌ្ឍជឿនលឿនទៅមុខយ៉ាងយឺតបំផុត។
ឆ្កែ សេះ ខ្លា ឬតោ និងសត្វដទៃទៀតទោះបីពេលវាចំណាស់ មានបទពិសោធន៍ច្រើននៃមេរៀនក្នុងជីវិត ក៏ប៉ុន្តែ នៅពេលសត្វទាំងនេះស្លាប់ទៅ បទពិសោធន៍ទាំងនេះនឹងត្រូវបាត់បង់ទៅជាមួយទាំងអស់ ដោយសារតែគ្មានភាសា ដើម្បីអាចនិយាយពន្យល់ ផ្ទេរបទពិសោធន៍នេះបាន ហើយសត្វជំនាន់ថ្មីត្រូវចាប់ផ្តើមរៀនសូត្រពីជីវិតសាជាថ្មី ពីចំណុចសូន្យសុទ្ធសាធ។
មនុស្សវិញ គឺផ្ទុយពីនេះ! ដោយសារតែមនុស្សមានភាសា ដែលអាចនិយាយរ៉ាយរ៉ាប់រឿងប្រាប់គ្នាបាន មនុស្សដែលមានវ័យចំណាស់ ដែលមានបទពិសោធន៍ក្នុងជីវិត អាចរៀបរាប់ពីបទពិសោធន៍របស់ខ្លួន ទៅឲ្យក្មេងៗជំនាន់ក្រោយអាចរៀនសូត្រពីបទពិសោធន៍នេះបាន។ ផ្អែកលើមេរៀន និងបទពិសោធន៍ ដែលទទួលបានពីមនុស្សចាស់ជំនាន់មុន ក្មេងជំនាន់ក្រោយអាចសិក្សាស្វែងយល់និងរកឃើញនូវបទពិសោធន៍កាន់តែថ្មីៗ និងកាន់តែជឿនលឿនជាងមនុស្សជំនាន់មុន រួចហើយផ្ទេរបទពិសោធន៍អស់ទាំងនេះទៅឲ្យក្មេងជំនាន់ក្រោយៗជាបន្តទៅទៀត។
ដូច្នេះ ភាសា ការប្រាស្រ័យទាក់ទង ចែកចាយ និងផ្ទេរបទពិសោធន៍ ទំនាក់ទំនងគ្រូ និងសិស្ស គឺជាលក្ខណៈពិសេសរបស់មនុស្ស ដែលគេមិនឃើញមាន នៅក្នុងចំណោមពពួកសត្វ។ ដោយសារតែភាសានេះហើយ ដែលជួយឲ្យមនុស្សមានការវិវឌ្ឍទៅមុខយ៉ាងលឿនបំផុត បើធៀបនឹងការវិវឌ្ឍរបស់សត្វ ការវិវឌ្ឍរបស់សត្វ គឺជាការវិវឌ្ឍតាមបែប “ធម្មជាតិ”។ ចំណែកការវិវឌ្ឍរបស់មនុស្ស គឺជាការវិវឌ្ឍតាមបែប “វប្បធម៌” ពោលគឺ ការវិវឌ្ឍ តាមរយៈចំណេះដឹង បទពិសោធន៍ វិទ្យាសាស្រ្ត សិល្បៈ និងបច្ចេកវិទ្យា ៕
រៀបរៀងដោយស្តេចផារាអង់