ភាពវឹកវរ និងបំណុលវ័ណ្ឌករ ក្រោយសង្គ្រាមលោកលើកទី ១

ភាគទី ១

នាព្រឹកថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​១៩១៨ នៅ​វេលា​ម៉ោង ដប់មួយ​ព្រឹក ស្នូរជួង​បាន​បន្លឺឡើង នៅ​តាម​បណ្តា​​​វិហារ​កាតូលិក​ទាំងអស់ នៅ​ទូទាំង​​ប្រទេស​បារាំង ដើម្បី​អបអរ​សាទរ​បទឈប់​បាញ់ ដែល​បាន​ចុះ​ដោយ​ភាគី​ជម្លោះ នៅ​ក្នុង​សង្រ្គាម​លោក​លើកទី១។ គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​បន្ទាប់ ទើប​សន្ធិសញ្ញា​សន្តិភាព​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា នៅ​ទីក្រុង វែកសៃ (Versailles) ប្រទេស​បារាំង ដែលជាសារបញ្ជាក់ប្រាប់មនុស្សក្នុងលោការបញ្ចប់​​សង្រ្គាម​ជា​ផ្លូវការ ក៏ប៉ុន្តែ រាល់​ការ​វាយប្រយុទ្ធគ្នា​នៅលើ​សមរភូមិ​ត្រូវ​បាន​បញ្ចប់ ចាប់ពីថ្ងៃ​ទី១១ ខែ១១ ម៉ោង ១១ ឆ្នាំ​១៩១៨។

Soldier British Trench Western Front World War

ការវាយប្រយុទ្ធគ្នា អស់រយៈពេល ៤ខែ ៤ឆ្នាំ ក្នុង​សង្រ្គាម​លោក​លើកទី១ បាន​បន្សល់ទុក​នូវ​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​បណ្តា​ប្រទេស​ជាប់ជម្លោះ ទាំងផលវិបាក​​ខាង​ប្រជាសាស្រ្ត ភូមិសាស្រ្ត​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ។ គិតជាសរុប សង្រ្គាម​លោកលើកទី១​ បាន​សម្លាប់​ជីវិត​មនុស្សជាង​ ១៧លាននាក់ ក្នុងនោះ មាន​ទាហាន ១០លាននាក់ និង​ប្រជាជនជាង ៧លាន​នាក់ ចំណែកចំនួន​អ្នក​របួស​វិញ មានរហូត​ដល់​ទៅ​ប្រមាណ​ជា ២០ លាននាក់  ប្រទេស​ដែល​ទទួល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ជាងគេ គឺ​អាល្លឺម៉ង់ និង​បារាំង។

Thelongshado

ក្រៅពីការ​បាត់បង់​ជីវិត​មនុស្ស ក្នុងវបត្តិសង្រ្គាម​លោក​លើកទី១ ក៏​បាន​បង្កការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ជាអតិបរិមាណផងដែរ ខាង​ផ្នែក​សេដ្ឋកិច្ច ជាពិសេស ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បាត់បង់​កម្លាំង​ពលកម្ម។ ម្យ៉ាងទៀត ប្រទេស​ជាប់ជម្លោះ​នីមួយៗ​​សុទ្ធតែ​បាន​នាំគ្នា​​ចំណាយ​លុយ​រាប់​សិបពាន់លាន​​ដុល្លារក្នុងការ​ធ្វើ​សង្រ្គាម ហើយ​ភាគច្រើន​លុយ​ទាំងនេះ​បាន​មក​ពី​ការ​ខ្ចី​បំណុល ទាំង​នៅ​ក្នុង ​និង​ក្រៅ​ប្រទេស។


ក្រោយ​ពី​សង្រ្គាម​បញ្ចប់​ទៅ បំណុល​អស់​ទាំងនេះ​ក៏​ត្រូវ​ដល់​ពេល​សងគេ​វិញ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា តម្រូវការ​ចំណាយ​ក៏​មាន​ច្រើន ដើម្បី​ស្តារ​ការ​ខូចខាត​ ជាពិសេស ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ត្រូវ​បំផ្លិចបំផ្លាញ​ដោយសារ​សង្រ្គាម ចំណែក​ឯ​សេដ្ឋកិច្ច​វិញ​ក៏​មិនមាន​កំណើន ដោយសារ​តែ​ខ្វះខាត​កម្លាំង​ពលកម្មផ្សេង ។ ប្រឈមមុខ​នឹង​បញ្ហា​នេះ ប្រទេស​នីមួយៗ​បាន​នាំគ្នា​ធ្វើការ​បោះពុម្ពលុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​យក​មក​បង្រ្គប់​ការ​ចំណាយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អត្រាអតិផរណា​ត្រូវ​កើនឡើង​ខ្ពស់​កប់ពពក ជាពិសេស នៅ​អាល្លឺម៉ង់។ នៅ​អំឡុង​ចុងឆ្នាំ​១៩២៣ លុយ​ម៉ាក (Mark) របស់​អាល្លឺម៉ង់​បាន​ធ្លាក់ថ្លៃ​ដល់​កម្រិត​ទាប​បំផុត ​ស្ទើរតែ​លែង​មាន​តម្លៃ​អ្វី​ទាំងអស់ ពោលគឺ ជាង​៤ពាន់ពាន់លាន​ម៉ាក (៤ ០០០ ០០០ ០០០ ០០០) ទើប​ដូរ​បាន​មួយ​ដុល្លារ​អាមេរិក។

Normandy 67545_640

នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ប្រឈមមុខ​នឹង​ភាពចលាចល​ខាង​ផ្នែក​សេដ្ឋកិច្ច និង​រូបិយវត្ថុ សហរដ្ឋ​អាមេរិក​វិញ ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​រាប់ពាន់លាន​ដុល្លារ ដល់​បណ្តា​ប្រទេស​អឺរ៉ុប ដើម្បី​យក​ទៅ​ធ្វើ​សង្រ្គាម ក៏បាន​លេចមុខ​ឡើង​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក រីឯមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​លែង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ដូចជា​ពីពេល​មុន​ទៀត​ហើយ ក៏ប៉ុន្តែ ទៅស្ថិតនៅ​ឯ​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក​ឯណោះវិញ។

សង្រ្គាម​លោក​លើកទី១​ក៏​បាន​បង្ក​ផលវិបាក​ខាង​ផ្នែក​ភូមិសាស្រ្ត​នយោបាយ​យ៉ាង​សម្បើម​ផងដែរ ដល់​តំបន់​អឺរ៉ុប។ របបរាជានិយម​​ត្រូវ​ដួលរលំ​ជា​បន្ត​បន្ទាប់ ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​​ក្រុមគ្រួសារ​រាជវង្ស​ធំៗ ដែល​ធ្លាប់តែ​​គ្រប់គ្រង​អឺរ៉ុប​ជាច្រើន​តំណ​កន្លងមកហើយ ។

ចក្រភព​ធំៗ​​នៅ​អឺរ៉ុប រួមមាន ចក្រភព​អាល្លឺម៉ង់ អូទ្រីសហុងគ្រី រុស្ស៊ី និង​អូតូម៉ង់​ត្រូវ​ដួលរលំ ដោយ​បែក​ខ្ញែក​គ្នា​ទៅ​ជា​ប្រទេស​តូចៗ​ជាច្រើន ដូចជា ប្រទេស​អូទ្រីស ហុងគ្រី ឆេកូស្លូវ៉ាគី ប្រទេស​ក្នុង​អតីត​យូហ្គោស្លាវី កើតចេញ​ពី​ការដួលរលំ​នៃ​ចក្រភព​អូទ្រីសហុងគ្រី ​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​ជុំវិញ​សមុទ្រ​បាល់ទិក​​ កើតចេញ​ពី​ការ​ដួលរលំ​នៃ​ចក្រភព​រុស្ស៊ី ចំណែក​តួកគី និង​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​សព្វថ្ងៃ កើតចេញ​ពី​ការ​ដួលរលំ​នៃ​ចក្រភព​អូតូម៉ង់។

រៀបរៀងដោយ ស្តេចផារាអង់