ថ្មីៗនេះអ្នកនាង ម៉េង កែវ ពេជ្ជតា តារាចម្រៀងល្បីគ្រប់ជំនាន់ តែងតែបង្ហោះសារ និងវីដេអូឡាយ បញ្ហាឈឺចាប់ និងការរងអយុត្តិធម៌របស់ខ្លួនពាក់ព័ន្ធនឹងអតីតស្វាមីលោកផ្កាយ៣ រួមទាំងអ្នកដែលពាក់ព័ន្ធជាច្រើនទៀត ដែលធ្វើឱ្យអ្នកគាំទ្រសម្តែងនូវក្តីអាណិតជាខ្លាំងចំពោះអ្នកនាង។
នៅក្នុងការឡាយវីដេអូនេះដែរ អ្នកនាងធ្លាប់បានបង្ហើបនូវអំពើផលិតក្បត់របស់អតីតស្វាមីយ៉ាងសាហាវជាមួយនឹងស្រីកំណាន់មួយរូបនៅពេលនោះ ថែមទាំងការរងការចោតប្រកាន់ពិអតីតស្វាមីថាអ្នកនាងជាស្រីផិតក្បត់ទៅវិញ។
យ៉ាងណាមីញ ស្រាប់តែថ្មីៗនេះផងដែរ នៅលើគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះពាក្យបណ្តឹង១ច្បាប់ ដែលប្តឹងដោយបុគ្គលមានឈ្មោះថា រស់ សោភណ្ឌ ដោយអ្នកនាង ម៉េង កែវពេជ្ជតាថែមទាំងរៀបរាប់ថា៖
« ក្រោយពីខ្ញុំបានបកស្រាយអំពីការពិតនៅពីក្រោយនៃសម្លេងជេររបស់ខ្ញុំក្នុងខ្សែរអាត់ និងពាក្យមួលបង្កាច់មួយចំនួនដែលជនថោកទាបបានធ្វេីដេីម្បីអោយគេស្អប់ខ្ញុំ ពេលនេះខ្ញុំ និងកូនបានទទួលយុត្តិធម៌អំពីមហាជនរាប់លាននាក់ហេីយ គឺលែងមានការយល់ច្រលំ និងបានទទួលនូវការអាណិត ការផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅ ។ ម្តាយកូនយេីងខ្ញុំសូមគោរពអរគុណលោកទាំងអស់ខ្លាំងណាស់ 🙏🙏🙏
...ប៉ុន្តែអតីត ស្វាមីបោះត្រារបស់ខ្ញុំ ដែលពាក់ផ្កាយលេីស្មាដោយសារខ្ញុំ បានដឹកដៃប្រពន្ធចុងក្មេងជាង៣០ឆ្នាំមកប្តឹងខ្ញុំអោយឡេីងតុលាការទៅវិញ ! ផ្កាយលេីស្មានេះបានធ្វេីបាបខ្ញុំ និងកូនកាលពី១០ឆ្នាំមុនម្តងហេីយ។ ពិតជាសក្តិសមនិងកិត្តិយសឯកឧត្តមផ្កាយបីនៃក្រសួងមហាផ្ទៃមែន ក្លាហានណាស់ ក្លាហានបានតែជាមួយមនុស្សស្រី និងកូនក្មេង ។ ដេីម្បីផ្គាប់ចិត្តស្រីចុង ហ៊ានលេីកដៃធ្វេីបាបកូនខ្លួនឯង !
បងប្អូនណាអាចឆ្លេីយនឹងខ្ញុំបាន ?
ក្នុងលោកនេះ តេីមានស្ត្រីប៉ុន្មាននាក់ដែលត្រូវប្តីថោកទាបផិតក្បត់ដេញប្រពន្ធកូនចេញពីផ្ទះ ហេីយដឹកដៃប្រពន្ធចុងមកប្តឹងប្រពន្ធដេីម ? ?
ក្នុងលោកនេះ តេីមានកូនប៉ុន្មាននាក់ដែលត្រូវរងភាពកំព្រាឪ ព្រោះតែឪស្រីស្រាល្បែង ?
ក្នុងលោកនេះ តេីមានកូនប៉ុន្មាននាក់ដែលត្រូវឪពុកចិត្តតិរិច្ឆាន តាមយាយីសូម្បីសល់ម្តាយតែមួយហេីយនៅមកតាមបំផ្លាញដោយមិនខ្វល់ដល់ការរស់នៅរៀនសូត្រ និងអារម្មណ៍កូន ឥតល្ហែរបែបនេះ ?
តេីឯណាទៅកត្តិយសជានាយនគរបាលជាតិ ? ឯណាទៅកិត្តិយសជាមនុស្ស ? ឯណាទៅកិត្តិយសជាឪពុក ?
គិតទៅ គ្រាន់តែខ្ញុំចង់រកយុត្តិធម៌ និងកិត្តិយសដែលបាត់បង់អស់រយៈ១០ឆ្នាំដោយសារពួកគេសោះ ក៏ពួកគេមិនព្រមដែរ ពួកគេចង់អោយខ្ញុំរស់ក្នុងឈ្មោះថោកទាប និងយល់ច្រលំជារៀងរហូត ទេីបពួកគេសុខចិត្តពួកគេពិតជាមិនចង់អោយខ្ញុំទទួលបានយុត្តិធម៌ទេ ។ ពេលនេះជុំវិញខ្ញុំសុតតែបីសាច និងខ្មោចព្រាយចូលមករារាំង ..ប៉ុន្តែខ្ញុំមិនខ្លាចឡេីយ ! យុត្តិធម៌ត្រូវតែមានសម្រាប់ខ្ញុំ !
ទោះជាពិបាកយ៉ាងណា ក៏ខ្ញុំមិនព្រមសូមទោសអាមនុស្សក្បត់ប្រពន្ធកូន ក្បត់ប្រពៃណីយទាំងពីរនាក់ឯងជាដាច់ខាត ! ! !»។
ទោះជាយ៉ាងណាអ្វីដែលគេចាប់អារម្មណ៍នៅក្នុងពាក្យបណ្តឹងទៅលើអ្នកនាង ម៉េង កែវពេជ្ជតា នោះ បុគ្គលឈ្មោះ រស់ សោភណ្ឌ បានស្នើឱ្យតុលាការផ្តន្ទារទោសពាក់ព័ន្ធនឹងបញ្ហាបរិហាកេរ្តិ៍ និងគម្រាមមិនឱ្យប្តឹង តាមផ្លូវច្បាប់ ជាពិសេសអ្វីដែលគេភ្ញាក់ផ្អើលនោះគឺការទាមទារសំណងត្រឹមតែ ១០០លុយរៀលខ្មែរ និងឱ្យសុំទោសជាសាធារណៈតែប៉ុណ្ណោះ៕