ទឹកដោះជូរ ក៏អាចយកថែទាំសម្រស់បានផងដែរ ដោយការយកមកលាយគ្រឿងផ្សំបន្ថែមយ៉ាងហោច ក៏ ២ ទៅ៣មុខបន្ថែមដែរ ដោយសារតែទឹកដោះគោជូរមានផ្ទុកទៅដោយសារធាតុសំខាន់ៗមានប្រយោជន៍ដូចជា៖ វីតាមីន D កាល់ស្យូម អាស៊ីតឡាទិក (Lactic Acid) និងសារធាតុចិញ្ចឹមជាច្រើនមុខទៀត។
ដោយ គ្រាន់តែលាបទឹកដោះគោជូរតែម្តងលើផ្ទៃមុខ ក៏មានប្រយោជន៍សម្រាប់ស្បែកបានដែរដូចជា៖
១. ផ្តល់សំណើមផ្ទៃមុខ
មុខដែលស្ងួត ខ្សោះៗ គ្មានជាតិទឹកនឹងធ្វើឱ្យអ្នកឆាប់ចាស់ ជ្រីវជ្រួញជាងវ័យបាន ប៉ុន្តែទឹកដោះគោជូរអាចជួយដោះស្រាយបញ្ហាទាំងនេះ។ គ្រាន់តែលាងមុខឱ្យស្អាតលាបទឹកដោះគោជូរលើផ្ទៃមុខ និងក ឱ្យសព្វ ទុកចោល ១០នាទី ចាំលាងទឹកចេញ ហើយអនុវត្តមួយសប្តាហ៍ឱ្យបាន ៣ដង នឹងជួយធ្វើឱ្យមុខមានសំណើម ទន់រលោង និងស្រស់ស្អាតជាមិនខាន។
២. ជួយបង្ការ និងព្យាបាលការរលាក
ជាតិសង្កសីដែលមាននៅក្នុងទឹកដោះគោជូរ អាចជួយបង្ការ និងកាត់បន្ថយការរលាកស្បែកផ្សេងៗបានយ៉ាងប្រសើរ។ ក្រៅពីនេះថែមទាំងជួយឱ្យស្បែកមានសុខភាពល្អ បង្កើតកោសិកាស្បែកមុខថ្មីៗមានសុខភាពល្អ ជាពិសេស ថែមទាំងធ្វើឱ្យមុខដែលកើតមុន និងរលាកដោយសារការញិចមុនឆាប់ជាសះស្បើយផងដែរ។
៣. ប្រឆាំងនឹងការកើតមុន
ទឹកដោះគោជូរ មិនត្រឹមតែអាចប្រឆាំងនឹងការរលាកស្បែកផ្សេងៗបាននោះទេ តែថែមទាំងអាចការពារការកកើតមុន ការរលាកស្បែកមុខ និងប្រឆាំងនឹងមេរោគផ្សិតដែលបណ្តាលឱ្យមានបញ្ហាស្បែកមុខផ្សេងៗបានផងដែរ។
៤. ធ្វើឱ្យមុខភ្លឺរលោង
ជាតិអាស៊ីតឡាក់ទិក (Lactic Acid) ដែលមាននៅក្នុងទឹកដោះគោជូរ អាចប្រឆាំងនឹងសារធាតុមេឡានីន(melanin) ដែលធ្វើឱ្យស្បែកមុខខ្មៅ និងឡើងស្រអាប់បាន។ ដូច្នេះ គ្រាន់តែលាបទឹកដោះគោជូរលើផ្ទៃមុខជាប្រចាំ នឹងធ្វើឱ្យស្បែកមុខស ទន់ ភ្លឺ និងរលោងស្រស់ស្អាតជាមិនខាន។
៥. ការពារស្បែកពីកម្តៅថ្ងៃ
ការនៅក្រោមកម្តៅថ្ងៃយូរពេក នឹងធ្វើឱ្យស្បែករបស់អ្នករលាក និងមានផលប៉ះពាល់ផ្សេងៗជាមិនខាន។ តែការប្រើទឹកដោះគោជូរ លាបលើផ្ទៃមុខ ឱ្យបាន ១០នាទី ទៅ ១៥នាទី អាចជួយធ្វើឱ្យផ្ទៃមុខ ស ទន់ រលោង និងបំបាត់បញ្ហាស្បែកខ្មៅខ្លោច ដោយសារតែកម្តៅថ្ងៃបានយ៉ាងប្រសើរ។
៦. ប្រឆាំងនឹងភាពចាស់
មិនខុសពីចំណុចមុនៗ ទឹកដោះគោជូរ អាចជួយផ្តល់សំណើមស្បែកមុខ ថែមទាំងប្រឆាំងនឹងភាពចាស់ ជ្រីវជ្រួញបានយ៉ាងល្អផងដែរ។ មិនតែប៉ុណ្ណោះ ទឹកដោះជូរថែមទាំងមានសមត្ថភាពជួយពង្រឹងកោសិកាស្បែកឱ្យកាន់តែរឹងមាំ និងព្យាបាលបញ្ហាស្បែកផ្សេងៗឱ្យឆាប់ជាសះស្បើយទៀតផង។
៧. កម្ចាត់ភាពកខ្វក់
ជាតិធូលី ដី និងសារធាតុកខ្វក់ដែលជាប់នៅលើស្បែកនឹងធ្វើឱ្យពណ៌ផ្ទៃមុខរបស់អ្នកមានស៊ីគ្នា ហើយធ្វើឱ្យស្បែកមានបញ្ហា និងគ្មានភាពស្រស់ថ្លាផងដែរ។ តែការប្រើប្រាស់ទឹកដោះគោជូរ លាបលើផ្ទៃមុខជាប្រចាំ បញ្ហាទាំងឡាយប្រាកដជាបានដោះស្រាយ ដោយសារតែវាបានដើរតួនាទី ជាគ្រឿងសម្អាតផ្ទៃមុខបានយ៉ាងប្រសើរ។
៨. ប្រឆាំងនឹងបញ្ហាស្បែកផ្សេងៗ
ដូចដែលអ្នកបានដឹងហើយថា ទឹកដោះគោជូរ អាចមានសមត្ថភាពលាងសម្អាត និងកម្ចាត់មេរោគបាក់តេរី រួមទាំងមេរោគផ្សិតផ្សេងៗបាន។ ដូច្នេះហើយ ការយកទឹកដោះគោជូរលាបលើផ្ទៃមុខជាប្រចាំ អាចជួយការពារផ្ទៃមុខពីផលប៉ះពាល់ផ្សេងៗ មិនថា មុខមុន ជាំ ខ្មៅ និងបញ្ហារលាកផ្សេងៗនោះទេ។ ជាពិសេសវាអាចជួយធ្វើឱ្យសម្រស់របស់អ្នកកាន់តែស្រស់ស្អាត ក្មេងខ្ចីជាងវ័យ ទន់ ម៉ដ្ឋ និងភ្លឺរលោងស្ទើរតែមិនគួរឱ្យជឿ។
ចំណាំ៖ អ្នកអាចទិញផលិតផលទឹកដោះគោជូរសម្រាប់លាបលើផ្ទៃមុខបាន តែត្រូវចាំថា ត្រូវតែជ្រើសរើសទឹកដោះគោជូរធម្មជាតិ គ្មានជាតិខ្លាញ់ គ្មានជាតិស្ករ និងគ្មានពណ៌តែប៉ុណ្ណោះ ទើបល្អសម្រាប់ការថែរទាំសម្រស់របស់អស់លោកអ្នកបាន។ ដូច្នេះគ្រាន់តែលាបទឹកដោះគោជូរងាយៗលើផ្ទៃមុខសោះ ក៏អាចស្អាតបានដែរ នៅចាំអីទៀត សាកល្បងទាំងអស់គ្នាតែម្តងទៅ៕