កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ បានរៀបចំពិធីកម្ទេចចោលឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅចំនួនជាង ១៣០តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសរក្សាទុកកាលពីអំទ្បុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ នាពេលកន្លងមក នៅទីលានចាក់សំរាម សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឱសថខុសច្បាប់ និង ផលិតផលក្លែងក្លាយទូទៅចំនួនជាង១៣០តោន ដែលកម្ទេចទាំងនេះ សុទ្ធសឹងតែជាឱសថហួសសុពលភាពចំនួន២២៥មុខ ស្មើនឹង០៦តោន ឱសថបុរាណសាម័យចិន អាហាបំប៉ន គ្រឿងសំអាងក្លែងក្លាយ ផលិតផលក្លែងក្លាយទូទៅ ផលិតផលគ្រឿងឧបភោគ បរិភោគខូចគុណភាពជាច្រើនប្រភេទមានដូចជា ៖ ប្រេងឆា ទឹកដោះគោ ទឹកក្រូច ទឹកស៊ីរ៉ូ ទឹកស៊ីអ៊ីវ មី ម្សៅមី នំប៉ាវ ស្ករគ្រាប់ ស្រា បារី សាប៊ូកក់សក់ ទឹកអប់ ស្ព្រៃយ៍បាញ់ខ្លួន ទឹកថ្នាំព្រីនធ័រ ជែលលាងដៃ ឱសថបុរាណចិន។ល។
បន្ថែមពីនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មុន នឹងសម្រេចចិត្តទិញផលិតផលអ្វីមួយត្រូវ ប្រុងប្រយ័ត្នអោយបានខ្ពស់ ត្រូវទិញផលិតផលដែលលក់នៅតាមហាង និងមានឈ្មោះមានម៉ាក់ត្រឹមត្រូវ ហើយចំពោះឱសថ និងគ្រឿងសម្អាងត្រូវមានបិទលេខបញ្ជិការត្រឹមត្រូវ ដើម្បីកុំអោយជាវចំផលិតផលក្លែងក្លាយ និងអន់គុណភាពនាំអោយប៉ះពាល់ដល់សុខភាពបងប្អូន ហើយចំពោះអ្នកដែលផលិត និងចែកចាយផលិតផលក្លែងក្លាយ ផលិតផលខូចគុណភាព និងត្រូវបញ្ជូនទៅតុលាការ ដាក់ទោសទណ្ឌតាមនីតិវិធីច្បាប់៕