ដូចយើងបានដឹងហើយថា ខ្នងផ្សារបានក្លាយទៅជាទីភ្នំដ៏ពេញនិយមសម្រាប់ដំណើរផ្សងព្រេងវែងឆ្ងាយពោរពេញដោយឧបសគ្គតែឱ្យតែឡើងទៅដល់ប្រាកដជាជួបនឹងទិដ្ឋភាពប្លែកថ្មីស្រស់ស្រាយមិនខាន។ យ៉ាងណាមិញ ដោយសារតែផ្លូវពិបាកធ្វើដំណើរ គ្រាន់តែការឡើងភ្នំចំណាយពេលដល់ទៅជាង ៦ម៉ោង តែស្រាប់តែមានគណនីហ្វេសប៊ុកមួយបានចែករំលែកបទពិសោធន៍របស់ខ្លួនពីដំណើរឡើងខ្នងផ្សារវិលល្ងាច តែជាការធ្វើដំណើរមិនបានសម្រេចឡើយព្រោះតែជួបឧបទ្ទវហេតុ ដូច្នេះបានជាពេលនេះបានចេញមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន។
តោះ មកដឹងពីដំណើរដើមទងនៃការឡើងខ្នងផ្សារវិលល្ងាច និងការប្រុងប្រយ័ត្នចំណុចមួយចំនួន ដែលដកស្រង់ចេញពីគណនី ហ្វេសប៊ុកឈ្មោះ Soth Bopha ទាំងស្រុងដូចខាងក្រោម៖
#ខ្នងផ្សារវិលល្ងាច - ពេលដែលអ្នកឮពាក្យនេះ អ្នកអាចមានប្រតិកម្មមួយក្នុងចំណោមពីរ។ មួយ អ្នកអាចមិនជឿ ឬថាខ្ញុំកុហក និងមួយទៀត អ្នកអាចថា ពួកខ្ញុំក្រុមជើងខ្លាំង។ តែនេះ គឺជារឿងពិត... រឿងពិតដែលនឹកស្មានមិនដល់...
ក្រុមខ្ញុំជាក្រុមដំបូងគេ ដែលឡើងទៅខ្នងផ្សារមិនបានសម្រេច ហើយត្រូវបកត្រលប់មកវិញទាំងតក់ក្រហល់ #ដោយសារគ្រោះដើមឈើបាក់រលំសង្កត់លើមិត្តរួមដំណើរជាមួយគ្នា ក្នុងគ្រាដែលយើងឡើងជិតទៅដល់គោលដៅទៅហើយ។
ក្នុងដំណើរផ្សងព្រេងនេះ ខ្ញុំបានរៀននូវមេរៀនជាច្រើន ដែលខ្ញុំគិតថាគួរតែចែករំលែក។
១. #ត្រៀមថ្នាំសង្គ្រោះបឋមតាមខ្លួនឬតាមក្រុម: បើយើងទៅតាមក្រុមហ៊ុនទេសចរណ៍ ឬតាមក្រុមបោះតង់ យើងប្រហែលជាប្រហែស និងគិតថា រឿងថ្នាំសង្គ្រោះបឋម ទុកឲ្យក្រុមហ៊ុន ឬក្រុមអ្នកនាំផ្លូវ ជាអ្នកទទួលខុសត្រូវចុះ។ យើងមិនបាច់យកទៅតាមខ្លួនទេ នាំតែធ្ងន់។ តែពេលកើតហេតុភ្លាមៗ តើយើងដឹងទេ ថាថ្នាំសង្គ្រោះនោះនៅឯណា ហើយអ្នកណាជាអ្នកកាន់ រីឯការឡើងភ្នំ សេវាទូរស័ព្ទមិនសូវជាមានប៉ុន្មានទេ មានខ្លះៗដោយកន្លែង សម្រាប់ប្រព័ន្ធមិត្តហ្វូន និងស្មាត។
២. #ស្វែងយល់ខ្លះៗពីវិធីសង្គ្រោះបឋម: ពេលកើតហេតុភ្លាមៗ នៅជុំវិញខ្ញុំនិងជនរងគ្រោះ មិនមានអ្នកណាចេះពីវិធីសង្គ្រោះបឋមទេ ក្រៅពីបងប្រុសម្នាក់ដែលគាត់មកពីក្រុមផ្សេង ដើរកាត់មក។ ពួកខ្ញុំនិងជនរងគ្រោះសំណាងដែលមានគាត់ ហើយពួកយើងក៏សំណាង ដែលមានខាងមន្ត្រីបរិស្ថាននិងអ្នកភូមិជួយនាំឡើងភ្នំទៅជាមួយ ដែលពួកគាត់ជួយរូតរះ មែនទែន នាំគ្នាកាប់មែកឈើជួយជនរងគ្រោះ និងសែងចុះពីលើភ្នំ ទាំងដែលស្ថានភាពផ្លូវលំបាក និងរអិល ដោយសារភ្លៀងធ្លាក់។
៣. #កុំដើរដាច់ពីគ្នា: រឿងកើតហេតុនេះ ចំណុចល្អបំផុត គឺយើងបានឈប់នៅចាំគ្នា និងដើរមិនសូវដាច់ពីគ្នាខ្លាំង។ បើសិនថា យើងដើរដាច់តែឯងវ៉ឹងៗ ហើយដើមឈើបាក់មក ខ្ញុំជឿថា គ្មានអ្នកណាដឹង ថាមានមនុស្សនៅពីក្រោមដើមឈើទេ ទាំងដែលបងពីរនាក់អង្គុយសម្រាកនៅខាងក្រោម ឥតចង់ជឿខ្ញុំផង ថាមានមនុស្សនៅពីខាងក្រោម ដោយពួកគាត់ថាដូចឥតឃើញមានអ្នកណាដើរមុនខ្ញុំផង។
៤. #ការជួយគ្នានិងការលះបង់: ខ្ញុំសុំសរសើរក្រុមធ្វើដំណើរជាមួយខ្ញុំ ដែលពួកគាត់ចេះជួយគ្នា និងសហការគ្នាបានល្អ។ អ្នកខ្លះ បានសុខចិត្តដូរតង់របស់ខ្លួន ដើម្បីយកអង្រឹងសម្រាប់ជួយជនរងគ្រោះ។ អ្នកខ្លះសុខចិត្តដូរស្បែកជើងឡើងភ្នំរបស់ខ្លួន ទៅឲ្យអ្នកជួយសែងជនរងគ្រោះចុះពីភ្នំ ទាំងដែលខ្លួនត្រូវដើរដួលៗចង់សឹកជង្គង់ ចង់សឹកគូទ។ អ្នកខ្លះ ខំរត់អមទៅតាមជនរងគ្រោះជួយទប់ជួយទ្រ ខ្លាចលឿនខ្លាំងពេក គ្នាធ្លាក់ពីអង្រឹង។ អ្នកខ្លះទៀត ជួយស្ពាយនិងលីអីវ៉ាន់ថែម ម្នាក់មួយដៃ ម្នាក់មួយជើង ដើម្បីឆាប់បានចុះពីលើភ្នំ កុំឲ្យមេឃងងឹតទាន់។
៥. #កុំចង់ឡើងភ្នំតាមចិត្តឯង: សំណាងល្អ ដែលយើងទៅតាមក្រុមហ៊ុនទេសចរណ៍ ដែលគាត់មានទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធរមូលដ្ឋាន (មន្ត្រីបរិស្ថាន) និងត្រៀមអ្នកភូមិជួយនាំផ្លូវនិងជួយស្ពាយអីវ៉ាន់៤នាក់ អមជាមួយមន្ត្រីបរិស្ថាន២នាក់ថែមទៀត។ សាកស្រមៃទៅមើល បើយើងទៅឡើងភ្នំតាមចិត្តឯង គ្មានទំនាក់ទំនងជាមួយនឹងមន្ត្រីបរិស្ថាន គ្មានអ្នកនាំផ្លូវ ពេលដែលកើតរឿងមក តើយើងរត់ទៅរកជំនួយពីខាងណា។ ពឹងអ្នកដំណើររួមគ្នាក៏ពិបាក ព្រោះម្នាក់ៗឡើងភ្នំ ចង់ខ្សោះខ្លួនអស់ហើយ ហើយយើងក៏គ្មានប្រដាប់ប្រដាគ្រប់គ្រាន់ ដូចជាពូថៅកាប់មែកឈើ និងកម្លាំងសែងជនរងគ្រោះចុះពីលើភ្នំ...។
៦. #ចង់ទៅត្រូវត្រៀមចិត្ត: ដោយសារស្ថានភាពផ្លូវឡើងទៅ #ភ្នំខ្នងផ្សារ មិនសូវដូចភ្នំដទៃប៉ុន្មានទេ ដោយសារវាមានដើមឈើរង្វើលៗ មួយៗ ដូច្នេះពេលមានខ្យល់ឬភ្លៀង អាចងាយរលំឬបាក់មក ភ្លាមៗមិនបាច់គេប្រកាសអាសន្នទាន់ (ដូចហេតុការណ៍នេះ)។ ម៉្យាងភ្នំកាន់តែខ្ពស់ ខ្យល់កាន់តែខ្លាំង។ ដូច្នេះត្រូវត្រៀមចិត្ត។ បើមានគ្រោះថ្នាក់អ្វី គឺយើងជាអ្នកទទួលខុសត្រូវខ្លួនឯង។ បើទៅ សុំប្រាប់អ្នកផ្ទះឲ្យដឹងផង។
៧. #សម្ពាយឡើងភ្នំនិងស្បែកជើង: ដោយសារការឡើងភ្នំត្រូវធ្វើដំណើរឆ្ងាយ ហើយផ្លូវក៏មិនសូវជាល្អ អាកាសធាតុមិនសូវអំណោយផល ដូច្នេះសម្ពាយឡើងភ្នំ គឺជារឿងចាំបាច់។ កាន់តែស្រាល កាន់តែល្អ។ ឯស្បែកជើងក៏ចាំបាច់ ក្នុងការជួយទប់ខ្លួន កុំឲ្យរអិល ឬដួល។ សម្លៀកបំពាក់ ចៀសវាងស្លៀកពាក់ពួកកាប៊ូយ ឬពួកសាច់ធ្ងន់ៗ ហប់ៗ។ ទឹក គឺសំខាន់ជាងគេ បន្ទាប់ពីចំណីអាហារ។ បើមានភេសជ្ជៈប៉ូវកម្លាំងពីរបីតូចៗតាមខ្លួនក៏ល្អ ព្រោះនៅខាងលើពុំមានអ្នកណាលក់ទឹកឲ្យយើងផឹកទេ។ រីឯគ្រឿងលាបរឹត ស្រ្ពៃយ៍ ឬឡេលាបការពារមូស សត្វទាកអី គួរតែត្រៀមខ្លួនគ្រប់ពេល។ #ពិសេសជាងគេកុំភ្លេចគ្រប់គ្រងសំរាមរបស់ខ្លួន។ យកទៅហើយ កុំភ្លេចខ្ចប់មកវិញផង។ ខ្ញុំជឿថា អ្នកក៏មិនចង់ឃើញទិដ្ឋភាព #ខ្នងផ្សារ ឆាប់រលាយទៅ ដោយសារសំរាមដែរ។
នេះគ្រាន់តែជាការចែករំលែកនិងការក្រើនរំឭកតិចតួច។ សង្ឃឹមថានឹងអាចជាប្រយោជន៍។
#រូបថត: ខ្ញុំសុំបញ្ចេញតែរូបខ្ញុំនិងគ្នាខ្ញុំបានហើយ ព្រោះរូបអ្នកផ្សេងទៀតរួមដំណើរ ខ្ញុំមិនហ៊ានបញ្ចេញទេ ដោយសារខ្ជិលអង្គុយសុំសិទ្ធិ។ ម៉្យាងការបង្ហោះរូបអ្នកដទៃគ្មានការអនុញ្ញាត មិនមែនជារឿងល្អគួរធ្វើទេ។ រៀនតាមបរទេស 🤣🔫
#រូបថតពី Yeng Chheangly & Somaly Chhunny