កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខមួយកន្លែងដែលផ្លូវ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ បានសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន បានចុះណែនាំអប់រំ និងបញ្ឈប់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាងក្រោយពេលផឹកស៊ីស្រែកច្រៀងនិងចាក់ធុងបាសក្នុងកម្មវិធីខួបកំណើត តែបែរជាឈានដល់ការប្រើអំពោះហិង្សាររហូតធ្វើការឃាត់ខ្លួនបុរសម្នាក់ទៅវិញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ផ្ទះកើតហេតុខាងលើមានកម្មវិធីខួបកំណើត និងបានចាក់បាសច្រៀងរាំជាមួយសាច់ញាតិយ៉ាងសប្បាយអឺងកង តែលុះដល់វេលាម៉ោងប្រហែល៩ជាង ការចាក់ធុងបាស បានបិទហើយ ប៉ុន្តែការផឹកស៊ីនៅបន្តដល់ម៉ោងជិត១១យប់ ក៏ស្រាប់តែមានសមត្ថកិច្ច២នាក់ចុះមកណែនាំ ហាមឃាត់មិនឱ្យបន្តការចាក់ធុងបាស ។ តែភ្លាមៗនោះក៏ស្រាប់តែមានជម្លោះជាមួយគ្នាទៅវិញទៅមក រហូតដល់ការ ប៉ះទង្គិចហិង្សាជាមួយគ្នា ហើយភាគីខាងម្ចាស់កម្មវិធីខួបកំណើតបានចោទប្រកាន់ថាសមត្ថកិច្ច បានប្រើអំពើហិង្សា និង ដកកាំភ្លើងគំរាម តែខាងភាគីសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នោះមានតែការច្រានគ្នាប៉ុណ្ណោះ គ្មានដកកាំភ្លើងមកគំរាមនោះទេ តែការចុះទៅអន្តគមន៍នោះខាងសមត្ថកិច្ច បានជ្រុះវិទ្យុទាក់ទងហើយក៏បានរើសយកមកសៀតចង្កេះវិញ ទើបខាងម្ចាស់នោះចោទថាដកកាំភ្លើងតែម្តងទៅ ។
យ៉ាងណាមិញ បច្ចុប្បន្ន បុរសដែលជាម្ចាស់កម្មវិធិ និងមានជម្លោះជាមួយសមត្ថកិច្ច បាននឹងកំពុងតែធ្វើការឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំដោះស្រាយជាបន្តទៀត៕