#ជំនឿទាក់ទងនឹងផ្លែប៉ោមរបស់ជនជាតិក្រិក
- នៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ជនជាតិក្រិក ផ្លែប៉ោមចាត់ទុកថាជារបស់សំខាន់ និងមានតំលៃបំផុតចំពោះពិធីនេះ ។ នៅយប់ផ្សំដំណេក គូស្វាមីភរិយាថ្មី ត្រូវញ៉ាំផ្លែប៉ោមរួមគ្នា ដើម្បីបញ្ជាក់ពីការរួមរស់ និងស្មោះភក្តីជាមួយគ្នាពេញអស់មួយជីវិត (ស្រដៀងខ្មែរយេីងដែរ បញ្ចុកផ្លែឈេីលេីគ្រែ ខ្វះអត់បានផ្លែប៉ោមហ្នឹងហ្មង) ។
- ផ្លែប៉ោមត្រូវបានគេយកមក ដើម្បីស្នើរសុំការរៀបការ ដោយខាងបុរសប្រសិនជាចង់សុំនារីណាម្នាក់រៀបការ គ្រាន់តែបោះផ្លែប៉ោមទៅកាន់នារីម្នាក់នោះ បើសិននាងព្រមចាប់យក ព្រមទទួលផ្លែប៉ោមនោះ បានន័យថានាងយល់ព្រមរៀបការនឹងបុរសនោះហេីយ តែបើនាងមិនយល់ព្រមនាងនឹងមិនចាប់អារម្មណ៍ ឬរើសយកផ្លែប៉ោមនោះទេ ។
#ទេវកថាអំពីផ្លែប៉ោមរបស់ក្រិក
កាលពីយូរលង់ណាស់មកហើយ មានក្មេងស្រីម្នាក់ឈ្មោះ Atalanta នាងត្រូវបានឪពុកបបោះបង់ចោលព្រោះតែស្អប់មិនចង់បានកូនស្រី ។ នាងបានចុះពីលើភ្នំ ហើយត្រូវបានចិញ្ចឹមបីបាច់ដោយសត្វខ្លាឃ្មុំ ហើយរស់នៅរបៀបខ្លាឃ្មុំដោយញាុំតែទឹកឃ្មុំ ហើយនាងពូកែរត់ និងឡើងដើមឈើណាស់ ។
សម័យមួយ Atalanta បានចេញទៅភូមិស្រុកដើម្បីប្រកួតក្នុងការប្រមាញ់ ហើយនាងបានជួបឪពុកនាងដោយចៃដន្យ ហើយឪពុកនាងអះអាងថានាងជាកូនរបស់គាត់ ហើយហៅនាងមករស់នៅជាមួយវិញ ។ ឪពុក Atalanta ចង់អោយនាងរៀបការ ប៉ុន្តែដោយនាងធ្លាប់ត្រូវបានគេទាយថា នាងមិនអាចរៀបការទេ បើនាងរៀបការនាងនឹងជួបសំណាងអាក្រក់អស់មួយជីវិត ដូច្នេះនាងមិនចង់រៀបការទេ តែនាងដាក់លក្ខ័ណ្ឌថា បើមានបុរសណាអាចរត់ប្រណាំងឈ្នះនាង នាងនឹងរៀបការជាមួយបុរសនោះ ។ តែដោយនាងពូកែរត់ គ្មានបុរសណាម្នាក់អាចយកឈ្នះនាងបានទេ ។
ហើយពេលនោះដែរមានបុរសម្នាក់ ឈ្មោះ Melanion គាត់ក៏ចង់ចូលទៅប្រកួតដែរ តែគាត់គិតថាពិតជាមិនអាចយកឈ្នះ Atalanta ដោយវិធីយុត្តធម៌បានទេ ដូច្នេះគាត់បានអធិដ្ឋានទៅព្រះជាម្ចាស់ដើម្បីជួយគាត់ ។ ព្រះជាម្ចាស់បានលឺ និងយល់ព្រមជួយ Melanion ដោយទ្រង់ប្រទាន ផ្លែប៉ោមមាស ៣ ផ្លែទៅគាត់ ហើយប្រាប់ថាពេលរត់ប្រណាំងជាមួយ Atalanta ត្រូវរកឱកាសទំលាក់ផ្លែប៉ោមនោះ ដើម្បីបង្អាក់ល្បឿនរបស់ Atalanta។ Melanion សប្បាយចិត្តជាខ្លាំង និងអរព្រះគុណព្រះជាម្ចាស់ ។
ថ្ងៃប្រកួតបានមកដល់ Melanion បានទំលាក់ផ្លែប៉ោម ក្នុងពេលដែលរត់ទៅ ពេលនោះ Atalanta បានឃើញផ្លែប៉ោមបានឈប់រើស ដែលជាឱកាសល្អឱ្យ Melanion ខំប្រឹងរត់ដើម្បីយកជ័យជំនះ ប៉ុន្តែ Atalanta ដឹងខ្លួនក៏ខំរត់តាម តែ Malenion បានទំលាក់ផ្លែប៉ោមទៀតនៅតាមផ្លូវរហូតអស់ ហើយចុងក្រោយគាត់ក៏បានឈ្នះ Atalanta ប្រាកដមែន។
ដោយដឹងខ្លួនថាចាញ់ហេីយ Atalanta ក៏បានចុះចាញ់ រួចពួកគេទាំងពីរក៏បានរៀបការជាមួយគ្នា រស់នៅយ៉ាងមានសុភមង្គល។
(រឿងវែងឆ្ងាយសុំសង្ខេបតែប៉ុណ្ណេះ )
ដូច្នេះហើយទើបនៅប្រទេសក្រិក ពេលបុរសៗចង់សុំមនុស្សស្រីរៀបការតែងតែឱ្យផ្លែប៉ោម បើមនុស្សស្រីព្រមទទួលបានន័យថាយល់ព្រមរៀបការនឹងបុរសនោះហេីយ ៕
ប្រភព :ឯកសារបរទេស
ប្រែសម្រួល៖ កវីលាក់ស្នេហ៍-ប្រលោមលោក