ជារឿយៗយើងបានដឹងហើយថា លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប រមែងតែងតែមានសកម្មភាពជាច្រើននៅក្នុងការរៀបចំភូមិស្រុកគ្រប់វិស័យឱ្យមានការអភិវឌ្ឍន៍ជាភូមិឃុំគំរូ រហូតគ្រប់គ្នាចាត់ទុកថាលោកគឺជា អភិបាលស្រុកគំរូ ជាអ្នកដឹកនាំល្អទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ លោកក៏បានរៀបចំភូមិបុរាណមួយទៀតហើយឱ្យមានសោភណ្ឌភាពល្អត្រកាលឡើងវិញ ដោយដំណាក់កាលដំបូងគឺជាការរៀបចំឱ្យមានដើមឈើផ្តល់ម្ហប់ត្រឈៃតែម្តង នោះគឺការដាំដើមចម្ប៉ា ។
នេះបើតាមរយៈគណនីហ្វេសប៊ុកផេករបស់ លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា៖ «
«ចម្ប៉ាលាស់ថ្មី លើដីព្រះដាក់»៖ តាមពិតទៅ ខ្ញុំចង់ដាំដើមធ្នង់ធំៗត្រង់ចំនុចផ្លូវក្រាលបេតុងដែលមានគេលក់នំបញ្ចុកនេះទេ ព្រោះមើលទៅវាហែងក្តៅភ្នែកពេក គ្មានដើមឈើសូម្បីតែមួយដើម មិនសមជា”ភូមិបេតិកភណ្ឌ”សោះ តែបងប្អូននៅក្នុងភូមិសំណូមពរមកវិញ ថាចង់បានដើមផ្កាចម្ប៉ា ហើយសន្យាថានឹងរៀបចំកឥដ្ឋជាកំផែង ដាំផ្កានៅជើង និងស្រោចទឹកថែទាំដោយខ្លួនឯង បើស្រុកជួយរកផ្កានេះអោយបាន។ គាត់ថា”ស្លឹកវាស្អាត ឫសវាមិនសូវចាក់ ហើយបានផ្កាក្រអូបទៀត”។
ដើមផ្កាចម្ប៉ាជំទង់ៗទាំង៣៣ដើមនេះ គ្រាន់តែជាជំហានដំបូង និងជាផ្នែកតូចមួយនៃការរៀបចំឡើងវិញនូវអត្តសញ្ញាណចាស់នៃភូមិបុរាណមួយនេះតែប៉ុណ្ណោះ។ ខ្ញុំបានជម្រាបប្រាប់ពុកម៉ែបងប្អូនដែលបានចូលរួមដាំជាមុនថា រដ្ឋបាលស្រុកបន្ទាយស្រីនឹងប្រកាសដាក់ភូមិព្រះដាក់ អោយទៅជាភូមិគោលដៅនៃការរៀបចំ”ភូមិគំរូប្រចាំស្រុកបន្ទាយស្រី”នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយយើងនឹងមានកិច្ចការច្រើនទៀតដែលត្រូវសហការគ្នា។ ភូមិគំរូទាមទារអោយមានប្រជាពលរដ្ឋគំរូដែរទើបអាចទៅរួច និងមាននិរន្តរភាពទៅបាន ដូច្នេះការចូលរួមស្រលាញ់ចេះជួយថែរក្សាគឺជាចំនុចចាប់ផ្តើមដំបូង មុននឹងយើងធ្វើការផ្សេងៗទៀតជាមួយគ្នា។
ឥឡូវដឹងហើយថា បើថ្ងៃណាមួយ មកហូបនំបញ្ចុកនៅព្រះដាក់ ហើយឃើញក្មេងៗលក់ផ្កាចម្ប៉ានៅទីនេះ ផ្កាទាំងនោះប្រហែលជាមកពីដើមក្បែរៗនេះហើយ កុំឆ្ងល់អី!
#ព្រះដាក់ #ភូមិគំរូ #ចម្ប៉ាបន្ទាយស្រី #២០២០បន្ទាយស្រីស្អាត!»៕