ភីលីពីន៖ ថ្មីៗនេះ រដ្ឋាភិបាលហ្វីលីពីន បានសម្រេចចេញវិធានការច្បាប់ថ្មី ដោយអនុញ្ញាតិឱ្យតែគូស្វាមីភរិយា ដែលរៀបការស្របច្បាប់តែប៉ុណ្ណោះ អាចជិះម៉ូតូធ្វើដំណើរជាមួយគ្នាបាន ដោយច្បាប់នេះបានដាក់ចេញកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នេះ។
ដោយអ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បានបញ្ជាក់ថា ការជិះម៉ូតូនឹងត្រូវបានអនុញ្ញាតសម្រាប់តែគូស្វាមី ភរិយាប៉ុណ្ណោះ ដែលត្រូវតែបង្ហាញភស្តុតាងថាពួកគេកំពុងរស់នៅក្រោមដំបូល ដោយត្រូវដាក់រូបថតរៀបអាពាហ៌ពិពាហ៌នៅខាងមុខម៉ូតូ និងភ្ជាប់មកជាមួយក្រដាសចុះអេតាស៊ីវិល។
ហើយម្យ៉ាងទៀតគូស្វាមី ភរិយា ត្រូវតែគោរពតាមបទដ្ឋានសុខភាពអប្បបរមា សម្រាប់ការជិះម៉ូតូ ដើម្បីចៀសវាងការប៉ះពាល់រាងកាយរវាងអ្នកបើកបរ និងអ្នកដំណើរខណៈការឆ្លងរាលដាលវីរុស Covid-19 ។ ដោយបទបញ្ញត្តិថ្មី ដែលប្តីប្រពន្ធត្រូវគោរពតាមបទដ្ឋានសុខភាពសាធារណៈអប្បបរមាមានដូចជា ពាក់ម៉ាសមុខ និងមួកសុវត្ថិភាព ព្រមទាំងត្រូវគោរពតាមល្បឿនកំណត់ ។ ហើយប្រសិនជាប្ដី ប្រពន្ធណាមិនបានអនុវត្តតាមគោលការណ៌របស់រដ្ឋាភិបាល នឹងត្រូវរងការផាកពិន័យជាដាច់ខាត។
យ៉ាងណាមិញ សម្រាប់ការបង្កើតច្បាប់ថ្មីនេះដែរ បានធ្វើឱ្យបណ្តាពលរដ្ឋហ្វីលីពីនជាច្រើន មានការមិនពេញចិត្តជាខ្លាំង ហើយថែមទាំងបាននិយាយថាវាពិតជាពិបាកក្នុងការអនុវត្តណាស់៕
ប្រភព៖ OneNew