បច្ចុប្បន្ននេះ មនុស្សសព្វថ្ងៃ ប្រែជាមានវ័យចាស់ជាងអាយុច្រើន ដែលវាអាចទាក់ទងនឹងរបបអាហារ និងការរស់នៅមិនបានល្អ។ ការដែលមនុស្សប្រែជាចាស់ជាងអាយុ វាមិនមែនជារឿងធម្មតាទេ តែវាក៏ប៉ះពាល់ដល់សុខភាពមនុស្សគ្រប់រូបផងដែរ។
ដូច្នេះថ្ងៃនេះមកដឹងពី ១១ ចំណុចដែលធ្វើឱ្យមនុស្សមានស្បែក និងមុខចាស់ជាងវ័យ ដែលអ្នកត្រូវតែធ្វើការកែប្រែ ដូចខាងក្រោមនេះ ៖
១. គេងយប់ជ្រៅ៖ ការគេងមិនគ្រប់ ហើយគេងយប់ៗជ្រៅអត់ងងុយរាល់យប់ ទោះអ្នកប្រឹងគេងថ្ងៃបន្ថែមយ៉ាងណាក៏ដោយ តែវានៅតែធ្វើឱ្យសុខភាពអ្នកមិនល្អទ្រុឌទ្រោមដដែល។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាព តែធ្វើឱ្យសុខភាពស្បែកអ្នកធ្លាក់ចុះ ហើយធ្វើឦ្យស្បែក និងមុខចាស់ជាងវ័យ។
២. ភាពឈឺចាប់៖ ការដែលអ្នកពិបាកចិត្ត និងតែងតែទទួលរងការឈឺចាប់ នោះសុខភាពផ្លូវចិត្តអ្នកទ្រុឌទ្រោម ដែលបណ្តាលឱ្យអ្នកគេងមិនលក់ ប៉ះពាល់សុខភាព ហើយវាក៏ធ្វើឱ្យស្បែក និងមុខអ្នកមានបញ្ហា ថែមទាំងធ្វើឱ្យមុខចាស់។
៣. ស្ត្រេស៖ ការគិតច្រើនពេកធ្វើឱ្យអារម្មណ៍អ្នកប្រែប្រួល គិតច្រើនខ្វល់ច្រើន ដែលអាចនាំឱ្យផ្លូវចិត្តមានបញ្ហា បង្ករជាការកើតមុខ និងធ្វើឱ្យមុខចាស់ជ្រីវជ្រួញទៀតផង។ ពិសេសការកើតស្ត្រេស ធ្វើឱ្យអ្នកគេងមិនលក់បកមិនល្ហើយ ឡើងសម្ពាធឈាម គេងមិនលក់ និងប៉ះពាល់ដល់សុខភាពខួរក្បាល។
៤. ស្ករ ៖ ការដែលញុំរបស់ផ្អែមៗ អាចធ្វើឱ្យអ្នកធាត់ តែធ្វើឱ្យអ្នកមានបញ្ហាស្បែក កើតមានមុន ឡើងស្នាមជ្រួញ និងធ្វើឱ្យស្បែកមុខចាស់។ ពិសេសការទទួលទានជាតិស្ករពេកនាំឱ្យមានបញ្ហាជំងឺទឹកនោមផ្អែមផងដែរ។
៥. បន្លែ និងផ្លែឈើ ៖ បន្លែ និងផ្លែឈើ ល្អចំពោះសុខភាព និងស្បែកខ្លាំងណាស់ តែនៅពេលដែលអ្នកមិនទទួលទានវាគ្រប់គ្រាន់ វានឹងធ្វើឱ្យអ្នកមានបញ្ហាសុខភាព ថែមទាំងធ្វើឱ្យស្បែកមិនស្រស់ថ្លា ប្រែជាចាស់ជាងវ័យទៀត។
៦. ជាតិធាត់៖ សារធាតុខ្លាញ់ ធាត់ ឬកាឡូរីទាំងអស់មិនមែនសុទ្ធតែមិនល្អទេ ការដែលអ្នកខ្វះជាតិខ្លាញ់ល្អៗ វាមិនត្រឹមតែមិនធ្វើឱ្យអ្នកមានសុខភាពល្អ ហើយប្រែជាស្គមទេ តែធ្វើឱ្យសុខភាពមានបញ្ហា និងប៉ះពាល់ដល់សុខភាពស្បែកមុខចាស់ជាងវ័យ។ អ្នកអាចប្រើប្រាស់ខ្លាញ់ល្អដូចជា បន្លែផ្លែឈើមានជាតិខ្លាញ់ដូចជាផ្លែប័រ ប្រេងអូលីវ ប្រេងដូង ខ្លាញ់ត្រី និងសាច់ត្រីសាល់ម៉ុន ដែលមានសារធាតុ Omega-3 ។
៧. គ្រឿងស្រវឹង៖ គ្រឿងស្រវឹង ស្រា និងបៀរ មិនត្រឹមតែប៉ះពាល់សល់សុខភាព តែធ្វើឱ្យអ្នកដុះក្បាលពោះ កើតជំងឺធាត់ ថែមទាំងធ្វើឱ្យស្បែកមុខចាស់ជ្រីវជ្រួញជាងវ័យ។
៨. ជក់បារី ៖ ជាតិគីមីដែលមាននៅក្នុងបារី ធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូង សួត និងធ្វើឱ្យស្បែកប្រែជាចាស់ជ្រីវជ្រួញលឿន។
៩. បច្ចេកវិទ្យា ៖ ការអង្គុយលេងទូរស័ព្ទ ស្តាប់បទចម្រៀង លេងហ្គេម និងការប្រើប្រាស់របស់ទំនើបច្ចេកវិទ្យា ធ្វើឱ្យអ្នកអង្គុយងប់ងល់នៅមួយកន្លែង កើតជំងែថប់អារម្មណ៍ខ្លាំង បណ្តាលឱ្យអ្នកប្រែជាចាស់ជាងវ័យ។
១០. អង្គុយយូរពេក ៖ ការអង្គុយយូរពេល ពិសេសនៅមុខកំព្យូទ័រធ្វើការ លេងហ្គេមនោះ មិនត្រឹមតែធ្វើឱ្យខ្នងអ្នកចុករោយ តែវាធ្វើឱ្យអ្នកដាច់បាយដាច់ទឹក ដាច់ដំណេក ជាហេតុធ្វើឱ្យសុខភាពចុះខ្សោយ និងចាស់ជាងវ័យ។
១១. កម្តៅថ្ងៃ ៖ អ្នកប្រហែលជាយល់ថាការថែបំប៉នសុខភាពស្បែកនៅតែម្លប់ ចៀសឆ្ងាយពីកំដៅថ្ងៃ នឹងធ្វើឱ្យសុខភាពស្បែកអ្នកស ល្អ ស្រស់ស្អាត។ តែការដែលស្បែកអ្នកមិនត្រូវពន្លឺ និងថ្ងៃគ្រប់គ្រាន់ វាធ្វើឱ្យស្បែកអ្នកបាត់បង់ជាតិមេឡានីនដែលការពារស្បែក ហើយធ្វើឱ្យស្បែកប្រែជាចាស់ ជ្រីវជ្រួញ និងមិនស្រស់ថ្លាទៀតផង៕
អត្ថបទ៖ ក្នុងស្រុក