សំណួរនេះភាគច្រើនយើងបានឮចេញពីបងប្អូនស្រីៗ ដែលតែងតែចោតសួរទៅកាន់បុរសៗថា ហេតុអ្វីបានជាប្រុសៗស្រឡាញ់ និងបង្ហាញភាពផ្អែមល្ហែមតែពេលស្នេហាចាប់កើតដំបូង រហូតដល់មានពាក្យចាស់ពោលថា ក្តីស្រឡាញ់របស់មនុស្សប្រុសប្រៀបដូចជាការ ញ៉ាំអំពៅពីគោលទៅចុង សាបទៅៗ រហូតអស់រសជាតិ។
ប៉ុន្តែប្រសិនបើនិយាយបែបនេះគឺហាក់ដូចជាទម្លាក់រាល់កំហុសឆ្គងទៅលើខាងប្រុសទាំងស្រុងពេក វាពិតជាមិនយុត្តិធម៌ចំពោះពួកគេទាល់តែសោះ។ មានមិតិជាច្រើនដែលបង្ហើបចេញពីភាគីបុរសៗថា “មិនមែនដោយសារពួកគេប្រែប្រួលតែម្ខាងនោះទេ មិត្តនារីយើងក៏ប្រែប្រួលមិនណយដែរ។
ដោយក្តីស្រឡាញ់កាន់តែជ្រាលជ្រៅឡើងនារីៗ ច្រើនមានអាកប្បកិរិយា ប្រចណ្ឌហួងហែង សង្ស័យច្រើន ពិសេសនោះគឺកាចជាងមុន” ក៏ដូចមានរឿងរាវជាច្រើនដែលធ្វើឱ្យទំនាក់ទំនងស្នេហាកាន់តែមានភាពឆ្ងាយឡើងៗ។
ប្រសិនបើជួបករណីបែបនេះតើយើងត្រូវដូរដៃគូមែនទេ? ... មិនចាំបាច់ធ្វើដល់ម្លឹងទេ ទំនាក់ទំនងរបស់លោកអ្នកពិតជាមានផ្លូវអាចស្រោចស្រង់បាន ហើយថែមទាំងអាចស្រឡាញ់គ្នាជាងមុនថែមទៀតផង។
១. ធ្វើរឿងតិចតួចសម្រាប់គ្នាដែលបង្ហាញពីការយកចិត្តទុកដាក់
ជឿខ្ញុំទៅមិនថាបុរសឬនារីទេ ប្រសិនបើមនុស្សជាទីស្រឡាញ់ចងចាំនូវរាល់រឿងកំប៉ិកកំប៉ុកអំពីគេ គេច្បាស់លួចញញឹមពេញមួយថ្ងៃ។ ឧទាហរណ៍ដូចជាការចាំរសជាតិភេសជ្ជៈឬអាហារសម្រន់ដែលគេចូលចិត្ត និងមានរឿងជាច្រើនជុំវិញជីវភាពប្រចាំថ្ងៃដែលអ្នកអាចធ្វើឱ្យដៃគូរបស់អ្នកញញឹម និងនឹកឃើញភាពផ្អែមល្ហែមដែលធ្លាប់មានពីមុន។
២. រំលឹកអនុស្សាវរីយ៍ចាស់ៗ
បើទោះជានៅពេលនេះទំនាក់ទំនងស្នេហារបស់អ្នកក្លាយទៅជាសាបយ៉ាងណាក៏អាចស្រោចស្រងបានដែរ បើសិនជាលោកអ្នកអនុវត្តចំណុចនេះបានត្រឹមត្រូវ។ ដោយហេតុថា ការរំលឹកអនុស្សាវរីយ៍ចាស់ៗគឺហាក់ដូចជារំលឹកដល់មូលហេតុដែលអ្នកទាំងពីរចាប់ផ្តើមស្រឡាញ់គ្នាគ្រាដំបូង។
ការរំលឹកនេះផងដែរមិនមែនបានន័យថាយើងឱ្យយោបល់លោកអ្នកទៅនាំគ្នាអង្គុយនិយាយរឿងចាស់ៗនោះទេ លោកអ្នកត្រូវបញ្ចេញសកម្មភាពខ្លះទើបបង្ហាញពីភាពស្មោះត្រង់។
ឧទាហរណ៍ដូចជានាំដៃគូទៅញ៉ាំអាហារនៅហាងដែលអ្នកទាំងពីរណាត់ជួបគ្នាដំបូង ឬទៅដើរលេងនៅរមណីយដ្ឋានដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នា។
៣. កុំភ្លេចថ្ងៃពិសេស
“កុំភ្លេចថ្ងៃពិសេស បើចាំហើយត្រូវធ្វើឱ្យវាពិសេសពិតៗផងដែរ” ថ្ងៃពិសេសមានដូចជា ថ្ងៃខួបអាពាហ៍ពិពាហ៍ ឬខួបនៃថ្ងៃស្គាល់គ្នាដំបូង ថ្ងៃកំណើតដៃគូរបស់យើង ។ល។
វេលាទាំងនេះហើយដែលជាឱកាសសម្រាប់គូស្នេហ៍បង្ហាញនូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់រវាងគ្នា។ ការទិញអំណោយ ឬធ្វើអ្វីពិសេសសម្រាប់គ្នា ដើម្បីបង្កើតអនុស្សាវរីយ៍ថ្មីៗ។
៤. ការគាំទ្រ និងលើកទឹកចិត្ត
មិនចាំបាច់ទាល់តែត្រូវចំណាយលុយទិញអំណោយទើបអាចបញ្ឆេះភ្លើងស្នេហ៍ឡើងវិញបានទេ! ការពិតទៅស្នេហា កាន់តែផ្អែមឡើងៗ ឬ សាបសូន្យទៅក៏អាស្រ័យលើចំណុចនេះដែរ។
ពេលខ្លះដៃគូរបស់យើង មិនត្រូវការអ្វីច្រើនជាងពាក្យលួងលោម លើកទឹកចិត្តនៅពេលដែលគេពិបាកចិត្ត ឬជួបឧបសគ្គ។ ពេលដែលគេធ្វើអ្វីមួយបានល្អ យើងត្រូវចេះសរសើរអបអរ បើគេធ្វើខុសយើងត្រូវចេះណែនាំតាមសម្រួលដោយសន្តិវិធី និងទុកឱកាសឱ្យគ្នាកែលម្អ។
៥. ស្មោះត្រង់
ដូចពាក្យមួយឃ្លាដែលគេតែងនិយាយថា “គូស្នេហ៍ទោះឈ្លោះគ្នាច្រើនប៉ុណ្ណាក៏មិនបែកគ្នាដែរបើគ្មានអ្នកទីបី” ជាញឹកញាប់ អ្នកទីបីច្រើនបង្ហាញខ្លួនក្នុងអំឡុងពេលដែលគូស្នេហ៍មានទំនាស់។
ម្នាក់នោះអាចនាំយកសេចក្តីសុខឱ្យអ្នកមួយគ្រាពេលដែលអ្នកពិបាកចិត្ត ប៉ុន្តែនេះមិនបានន័យថាជាហេតុផលដែលអ្នកអាចប្រើជាលេសក្នុងការក្បត់នោះទេ។ ត្រូវមានសិតិ ព្រោះការសម្រេចចិត្តមួយនេះអាចផ្លាស់ប្តូរជីវិតអ្នកគ្រួសាររបស់អ្នកទាំងស្រុងក្នុងមួយពព្រិចភ្នែក៕